Monday, February 03, 2020

លិខិតមិត្តអ្នកអាន៖ លោក ហ៊ុន សែន កាន់តែស្ងៀមស្ងាត់ កឹម សុខា កាន់តែលៀនអណ្តាត សម រង្ស៊ី អស់តម្លៃ!

មួយរយៈពេលចុងក្រោយនេះ ខ្ញុំកត់សំគាល់ឃើញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិងកំពុងស្ថិតនៅស្ងៀមស្ងាត់ដោយមិនបាននិយាយ រឺសរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយទាល់តែសោះអំពីឈ្មោះ សម រង្ស៊ី និងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី។ ការស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់បែបនេះរបស់លោកនាយករដ្ឋមន្ត្រី ទំនងជាលោកគិតថា អ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើកមកនិយាយទៀតហើយ។ ហេតុដូច្នេះហើយបានជាលោកយកពេលវេលានេះទៅគិតគូររឿងផ្សេងៗទើបមានប្រ​យោ​​​ជន៍ជាងដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿងចរាចរណ៍ ឬក៏គិតគូរពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរក្សាសន្តិសុខជូនប្រជាជនបានកំសាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំសាកល, បុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរដែ​លនឹងចូលមកដល់ប៉ុន្មានខែខាងមុខនេះជាដើម ហើយជាពិសេសគឺតាមដាន និងចាត់​ចែងនូវបណ្តាវិធានការបង្ការផ្សេងៗប្រឆាំងនឹងមេរោគកូរ៉ូណា។
ហើយខ្ញុំក៏កត់សំគាល់ផងដែរថា បើមានពេលសេសសល់ពីការងារខ្លះ លោក ហ៊ុន សែន បានយកពេលនោះទៅហាត់ប្រាណដើម្បីសុខភាពវិញល្អជាង។ សម្រាប់បុរសខ្លាំងកម្ពុជា ដែលពោ​រពេញដោយបទពិសោធន៍ក្នុងការបែងចែកពេលវេលា និងការស្គាល់កាលៈទេសៈថា ពេលណាត្រូវធ្វើអ្វី? ពេលណាត្រូវនិយាយអ្វី? និងជាពិសេសពេលណាដែលត្រូវនៅស្ងាត់ស្ងៀមគឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នកដឹកនាំក៏ដូចជារបស់អ្នកនយោបាយ។
ដូច្នេះ ភាពស្ងប់ស្ងាត់ពីរឿងនយោបាយរបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺមកពីលោកយល់ឃើញថា កាលៈទេសៈនេះគ្មានតម្លៃទាល់តែសោះដែលត្រូវ ចំណាយពេលនិយាយរឿងនយោបាយ ជាពិសេសនិយាយពីគូបដិបក្ខដែលកំពុងបាក់លោងទៅហើយនោះ។ ក្នុងស្ថានភាពបែបនេះ យុទ្ធសាស្ត្ររបស់បុរសខ្លាំងដែលខ្ញុំធ្លាប់កត់សំគាល់នោះគឺ «ទុកអោយសត្រូវរឺគូរប្រជែងខ្សោយមិនស្លាប់ រឺខ្សោយមុនស្លាប់»។
ផ្ទុយទៅវិញ នេះជាពេលវេលាដែលត្រូវគិតគូរពីយុទ្ធសាស្ត្រនិងគោលនយោបាយធំៗ ស​ម្រា​ប់ជាតិនិងប្រជាជន ជាពិសេសពេលនេះ ពិភពលោកបាននិងកំពុងព្រួយបារម្ភនិងដោះស្រាយបញ្ហាជំងឺ រលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ ដូច្នេះ រឿងនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងមួយចំនួនក៏ក្លាយជាកាកសំណល់ដែលគេបោះចោលក្នុងធុងសំរាមបាត់ទៅហើយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃទី ៩ វិច្ឆិកា ២០១៩មក អ្វីៗក៏បានកើតឡើងដូចការព្យាករណ៍​ទុកមែនពោ​លគឺអ្នកនយោបាយដែល លោក កឹម សុខា ដាក់រហស្សនាមថា « ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» ត្រូវបានគេលុបឈ្មោះចេញពី សង្វៀននយោបាយកម្ពុជាបាត់ទៅហើយ។
ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់ពេលនេះគឺ នៅពេលដែលលោក ហ៊ុន សែន ស្ងៀមស្ងាត់ លោក កឹម សុខា បែរជាកំពុងលៀនអណ្តាតក្នុងការតតាំងក្តីនៅឯតុលាការ ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» រឺរឿង «ក្បត់ជាតិ» ទៅវិញ។ សំណុំរឿងនេះកំពុងសង្កត់កជនជាប់ចោទ កឹម សុខា ឲ្យលៀនអណ្តាតជារៀងរាល់ថ្ងៃ។ លៀនអណ្តាត ពីព្រោះម្យ៉ាងដោយសារតែ ក្រុ​មមេធា​វីដើមបណ្តឹង មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។ រីឯ ម្យ៉ាងទៀត បន្ថែមពីលើ ភស្តុតាងដែលមេធាវីដើមបណ្តឹងមានក្នុងដៃ លោក កឹម សុខា ខ្លួនឯងស្រាប់តែដោយខ្ជីខ្ជារ ទាមទារឲ្យ​តុលាការ បញ្ចាំងវីដេអូជាងមួយម៉ោងដែលខ្លួនគិតថា ជាការដោះបន្ទុកពីការចោទប្រកាន់។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក មេធាវីដើមបណ្តឹងបានចាត់ទុកឯកសារវីដេអូនោះថា មានតម្លៃណាស់ក្នុងការបញ្ជាក់ថា ភស្តុតាងដែលមេធាវីដើមបណ្តឹងបានដាក់ចូលតុលាការគឺជាភស្តុតាងដែល
មានមូលដ្ឋានកាន់តែរឹងមាំពីព្រោះអ្វីដែលមានក្នុង វីដេអូខ្លីនោះក៏មានទាំងស្រុងនៅក្នុងឃ្លីប វីដេអូវែងរបស់លោក កឹម សុខា ដោយគ្មានការកែច្នៃ កាឡៃអ្វីទាំងអស់។ ហេតុដូច្នេះហើយបា​នជាមេធាវី ដើមបណ្តឹងបានចាត់ទុក ភស្តុតាងដែលដាក់ដោយលោក កឹម សុខា គឺដើម្បីដាក់បន្ទុកលើលោក កឹម សុខា ខ្លួនឯងទៅវិញ។
បន្ថែមពីលើនេះ ក៏អាចចាត់ទុកថា ជារឿងមហាស៊យរបស់លោក កឹម សុខា ក៏ថាបានដែរ ពី​ព្រោះខណៈដែលខ្លួនកំពុងតតាំងក្តីយ៉ាងលំបាក ដើម្បីដោះបន្ទុក ស្រាប់តែ លោក សម រង្ស៊ី ឯណោះវិញក៏បានផ្តល់សក្ខីកម្មអំពីភាពជាប់ពាក់ព័ន្ធរបស់លោក កឹម សុខា និងរបស់ សម រង្ស៊ី ខ្លួនឯងក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកផេកផ្លូវការនូវ សំណេរជាអក្សរផងនិងរូបភាពជាច្រើនផងដោយបញ្ជាក់ថា រូបលោក សម រង្ស៊ី ផ្ទាល់ក៏ដូចជាលោក កឹម សុខា ដែរបានជាប់ពាក់ព័ន្ធយ៉ា​ង​ស៊ីជម្រៅជាមួយផែនការក្បត់ជាតិដើម្បីរៀបចំធ្វើបដិវត្តន៍ផ្តួលរំលំដែលជាទោសឧក្រិដ្ឋ។ ការសារភាពរបស់លោក សម រង្ស៊ី ត្រូវគេមើលឃើញថា ជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការដា​ក់បន្ទុកបន្ថែម លើលោក កឹម សុខា ក្នុងមហិច្ឆិតាដណ្តើមអំណាចក្នុងបក្សមកកាន់កាប់វិញតែប៉ុណ្ណោះ។ ភស្តុតាងដែលផ្តល់ដោយលោក សម រង្ស៊ី ត្រូវបានមេធាវីដើមបណ្តឹង ប្រកាសទទួ​លយកដោយអំណរគុណដើម្បីដាក់បន្ទុកបន្ថែមលើជនជាប់ចោទកឹម សុខា។ ដោយសារតែភស្តុតាងបន្ថែមលើភស្តុតាងបែបនេះហើយដែលបានធ្វើឲ្យការដាក់បន្ទុកលើ លោក កឹម សុខា កា​ន់តែ មានទម្ងន់ធ្ងន់លៀនអណ្តាតពិបាកនឹងរើខ្លួនរួចណាស់។
ងាកទៅមើលលោក សម រង្ស៊ី ឯណោះវិញ ចាប់តាំងពីលោក ហ៊ុន សែន លែងនឹកនាដល់ រីឯ សារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនានាក៏នាំគ្នាឈប់និយាយពីឈ្មោះអ្នកនយោបាយរូបនេះតទៅទៀតដែរ។ កុំថាឡើយការ និយាយដោយចំពោះ សូម្បីតែនិយាយដោយប្រយោលក៏លោ​ក ហ៊ុន សែន មិននឹកនាដែរ។ ស្ថានភាពបែបនេះហើយដែលបានធ្វើឲ្យ សម រង្ស៊ី បាត់ឈ្មោះ អស់សំឡេងពីឆាកនយោបាយកម្ពុជា ស្ទើរតែទាំងស្រុង។ ដោយដឹងថាខ្លួនអស់តម្លៃដោយ​សា​រតែ នយោបាយបោកប្រាស់ប្រជាភិថុតិរុកគួនឆ្កិះឆ្កៀលដដែលៗ ទើបសម រង្ស៊ី ក៏កើតចិត្តភ័យព្រួយនិងចង់មានឈ្មោះនិងសំឡេងឡើងវិញ។
ដើម្បីសម្រេចគោលដៅ នេះ សម រង្ស៊ី គ្មានជំរើសអ្វីក្រៅតែប្រើមធ្យោបាយតែមួយគត់ដែលធ្លាប់ប្រើដដែលៗជាហូរហែរមក  នោះគឺខំប្រឹងតោងកាលីប លោកហ៊ុន សែន ក្រែងលោក​នា​យករដ្ឋមន្ត្រីឆ្លើយឆ្លងជាមួយ។ ស្នៀតតោងកាលីបលោក ហ៊ុន សែន ដែលសម រង្ស៊ី បានប្រើចុងក្រោយនេះគឺការបង្ហោះរូបភាពជាប់ជា មួយលោកហ៊ុន សែន ក្នុងហ្វេសប៊ុកនិង និ​យា​យចា​ក់ដោតដើម្បីឲ្យបុរសខ្លាំងកម្ពុជាឆ្លើយតប។ ពេលខ្លះបង្ហោះតាមហ្វេសប៊ុក ពេលខ្លះខំស្រែកឡែ​ឡែតាមវិទ្យុអាស៊ីសេរី។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងរបស់សម រង្ស៊ី មិនទទួលបាន លទ្ធផលនោះឡើយពោលគឺ ទោះជា សម រង្ស៊ី ខំបង្ហោះរូបថតនិង និយាយចាក់ដោត ចាក់ចង្កេះយ៉ាងណា ក៏លោក ហ៊ុន សែន មិនចាប់អារម្មណ៍សោះឡើយ។ ការនៅស្ងៀមស្ងាត់មិនតបតក៏ព្រោះតែលោក ហ៊ុន សែន យល់ច្បាស់ណាស់ថា សម រង្ស៊ីជាមនុស្ស គ្មានតម្លៃដែលត្រូវតបតជា​មួយទាល់ តែសោះ។
ខ្ញុំយល់ឃើញថា ការយល់ឃើញបែបនេះ របស់លោក ហ៊ុន សែន ពិតជាត្រឹមត្រូវណាស់ពី​ព្រោះ​កុំថាឡើយដល់ទៅលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី សូម្បីតែសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅក៏មិនចាត់ទុកអ្នកនយោបាយ «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» រូបនេះក្នុងក្រសែភ្នែកទៀតដែរ។ ហើយបើនិយាយដោយខ្លី បើលោក ហ៊ុន សែន កាន់តែនៅស្ងៀ​មស្ងាត់ សម រង្ស៊ី កាន់តែអស់តម្លៃ កឹម សុខា កាន់តែលៀនអណ្តាត គឺលៀនអណ្តាត ដោយ​សារស្នាដៃ សម រង្ស៊ី ដែលចង់ល្បីឈ្មោះឡើងវិញ និងចង់ក្តាប់អំណាចឲ្យជាប់មិនព្រលែងឲ្យ​ កឹម  សុខា ម្តងទៀតនោះទេ។ បើដូច្នេះមែន ប្រហែលជាត្រូវរង់ចាំដល់សេះដុះស្នែងហើយទើ​បលោក ហ៊ុន សែន ប្រោសជីវិតនយោបាយអោយ សម រង្ស៊ី ឡើងវិញ៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

No comments:

Post a Comment