នៅព្រឹកថ្ងៃចន្ទ
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់
ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ។
លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក
ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ប្រការនេះ
ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត
និងសាធារណជនផងដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងតំបន់បានប្រញាប់ប្រញាល់ដាក់ចេញនូវ
វិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយនូវផលប៉ះពាល់
និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។ ដូចប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ជម្ងឺ COVID-19
នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរ
មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេគឺ៖ ទី១)-វិស័យ ទេសចរណ៍ ដោយមូលហេតុ
អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកំសាន្ដ និង ការបិទជើងយន្ត-ហោះ និង
ទី២)-វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម
ត្បិតរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់បើកដំណើការឡើងវិញជាប្រក្រតី ។
លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានបន្តទៀតថា នៅក្នុងបរិការណ៍នេះ
រាជរដ្ឋាភិបាលក៏មិនឱបដៃនៅស្ងៀមមើលសហគ្រាស
និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ក្មួយៗជាកម្មករ-និយជិតមួយចំនួនបាត់បង់ការងារហើយកំណើនសេដ្ឋកិច្ចថមថយធ្លាក់ចុះ
ដែលអាចបង្កជាហានិភ័យដល់សង្គមជាតិទាំងមូលនោះឡើយ ។ អាស្រ័យហេតុនេះ
ក្នុងស្មារតីបុរេសកម្មថ្ងៃនេះ រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានអន្តរាគមន៍បន្ទាន់
ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ នៅក្នុងវិស័យមួយចំនួន
ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព
សំដៅជួយដល់គ្រប់តួរអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពលផង
រួមមាន៖ ទី១)ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ
អាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ ទី២)ជួយដល់កម្មករ-និយោជិត
ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ
ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និងទី៣)ជួយទ្រទ្រង់លើកស្ទួយកំណើន
ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ
វិធានការដែលត្រូវបានដាក់ចេញមកនេះ
មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ
តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ
និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅ ផងដែរ ។
លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរការងារ
ដោយសារខ្វះវត្ថុធាតុដើម ដោយសារវីរុសកូរ៉ណា និងEBA នោះ កម្មករកម្មការិនីកាត់ដេរ
នឹងទទួលប្រាក់ខែ៦០% លើប្រាក់ខែអប្បរិមា ដោយនៅក្នុងនោះប្រាក់ខែ៤០%
ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០% ទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តី
បានមានប្រសាសន៍ថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី
ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ
នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ
រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង។
ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ
គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា
ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីវិធានការជាច្រើនទៀតក្នុងការជួយផ្នែកឧស្សាហកម្មកាត់ដេរនេះ។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី បានបន្តទៀតថា វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ
បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០%
ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ។ លោកនាយករដ្ឋមន្រ្តី បានប្រកាសយ៉ាម៉ឹងម៉ាត់ពីការអនុវត្តច្បាប់របស់កម្ពុជា
កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។
កម្ពុជានឹងមិនស្នើសុំពន្ធ ២០% ពីអឺរុបវិញនោះទេ លោកនាយករដ្ឋមន្រ្តី បានអះអាងថា
កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ។
លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានប្រកាសពីវិធានការជំរុញ និងលើកកម្ពស់វិស័យសហគ្រាន ធនតូច
និងមធ្យមនៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា សហគ្រានធុនតូច
និងមធ្យមនៅមានកក្តានុពល ខ្លំាងណាស់ ពិសេសខាងកសិកម្ម។ ការជំរុញសហគ្រាសធនតូច
និងមធ្យម បាននឹងបង្កើនការងារដល់ពលរដ្ឋ និងពង្រឹកចង្វាក់ផលិតកម្មនៅក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានប្រកាសពីការនឹងមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារផងដែរ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញដល់ក្រុមហ៊ុនដែលសាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់
ឲ្យមន្រ្តីរាជការ តែបើពេលនេះលក់មិនទាន់អស់នោះទេ គឺអាចបន្តលក់ឲ្យពលរដ្ឋជាទូទៅ។
វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ។
វិធានការជាច្រើនទៀតបានកំពុងសិក្សា ហើយនេះជាស្មារតីជាតិរបស់ថ្នាក់ដឹកនាំ
ដែលមិនមានទម្លាប់ទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ៕
No comments:
Post a Comment