
នៅអាកាសយានដ្ឋានអន្តរជាតិសេអ៊ួល វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តមអគ្គនាយកពិធីការ ក្រសូងការបរទេសកូរ៉េ ប្រធានអង្គការសហព័ន្ធសន្តិភាពសកល ប្រចាំអាស៊ីប៉ាស៊ីហ្វីក លោកជំទាវ ឃួន សុដារី អនុប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូតវិសាមញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។
បន្ទាប់ពីបានធ្វើដំណើរចាកចេញពីទិក្រុងសេអ៊ួល ដែលបានចំណាយពេលប្រមាណ ២ម៉ោងនិង២០នាទី យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើ ការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥និង១៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ត្រូវនិងម៉ោង១៤និង១៥នាទី ម៉ោង នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តការបរទេសចិន លោកជំទាវ ខែក កែវម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។
ក្រោមអាកាសធាតុដក ៤អង្សាសេ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំ ណើរដោយផ្ទាល់ពីឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើការសន្ទនាគ្នា ប្រកបដោយភាពកក់ក្តៅ ពិសេសទាក់ទិនទៅ និងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងមានការរីកចម្រើនឥតឈាប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម វ៉ា យី មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីស្ថានភាពក្នុងប្រទេសចិននាពេលបច្ចុប្បន្ន ពិសេសក្រោយពេល ដែលមានការផ្ទុះឡើង នូវប្រភេទជំងឺផ្លូវដង្ហើមកូរ៉ណា វីរ៉ុស នៅទីក្រុងវ៉ូហាន ខេត្តហ៊ូប៉ី កាលពីពេលថ្មីៗកន្លងទៅ។ នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាឥស្សរជនកំពូលរបស់ពិភពលោក ដែលបាន អញ្ជើញមកកាន់រដ្ឋធានីប៉េកាំង ស្របពេល ដែលប្រទេសចិនកំពុងរងឥទ្ធិពល នៃការផ្ទុះឡើងនៃជំងឺ ផ្លូវដង្ហើមប្រភេទថ្មីកូរ៉ណាវីរ៉ុស នៅទីក្រុងវ៉ូហាន ខេត្តហ៊ូប៉ី។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវភាពរីករាយក្នុងការឆ្លើយតបទៅនិងឯកឧត្តមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ពីឆន្ទៈនៃការគោរពស្រឡាញ់មិត្តភក្តី ដែលជួបប្រទះនូវការលំបាក់ និងក្តីគោរពស្រឡាញ់ចំពោះប្រជាជនចិន ជាបងប្អូននៃយើង។
សូមបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបសន្ទនា ដោយផ្ទាល់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាមានិតចិន មុនពេលដែលសម្តេចតេជោអញ្ជើញនិវត្តន៍ មកកាន់ព្រះរាជាណាចក្រ កម្ពុជា នាយប់ថ្ងៃទី៥កុម្ភៈនេះ៕












No comments:
Post a Comment