លោកជំទាវអនុប្រធានទី២ បានជម្រាបជូនអំពីបទពិសោធន៍កម្ពុជា ដែលការដឹកនាំនយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ហើយ ក្នុងនាមកម្ពុជាផ្ទាល់ដែលជាប្រទេសក្រោយជម្លោះកម្ពុជាបានគ្រប់គ្រងរក្សាបាននូវនិរន្តន៍ភាព នៃសន្តិភាព និងស្ថិរភាព ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានលើកឡើងថា សម្រាប់មនុស្សទាំងអស់គ្នាគឺសន្តិភាពមិនអាចទិញនៅផ្សារបានទេ ប៉ុន្តែវាកើតឡើងតាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ និង ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ។ លោកជំទាវបានមានប្រសាសន៍ថា ជាលទ្ធផល ចាប់តាំងពីទទួលបានសន្តិភាពពេញលេញ និងការផ្សះផ្សាជាតិ នៅចុងឆ្នាំ១៩៩៨ កម្ពុជាបានពុះពារប្រឹងប្រែងរហូតទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលមានជាង៧ភាគរយ ប្រចាំឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ តាមរយៈកំណែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយផ្តោតលើប្រជាជន។

លោកជំទាវអនុប្រធានទី២ក៏បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរទ្រង់ទ្រាយធំ ពីការផ្លាស់ប្តូរអំណាចសកលលោកទៅជាវិបត្តិអាកាសធាតុ និងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី៤។ លោកជំទាវបានគូសបញ្ជាក់ថា “យើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាសកលដែលកំពុងកើតមានជាសកល ដូចជា ជម្លោះរវាងរដ្ឋ និងរដ្ឋ អំពើហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម”។ ជាមួយគ្នានេះ ការប្រកួតប្រជែងអំណាចផ្ទួនៗរវាងប្រទេសមហាអំណាច និងការបែងចែកប្លុកនយោបាយតាមរយៈយុទ្ធសាស្ត្រជាសម្ព័ន្ធភាព ដើម្បីជាប្រយោជន៍នៃផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍រួម បានធ្វើឱ្យមានការបែកបាក់គ្នារវាងប្រជាជាតិ និងសង្គមនានានៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ភាពក្រីក្រ ភាពអត់ឃ្លាន អំពើហឹង្សា និងស្ថិតក្រោមការគំរាមកំហែងផ្ទួនៗនៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ដូចជាការផ្ទុះឡើងនៃជំងឺឆ្លង (Corona virus) នាពេលបច្ចុប្បន្ននេះ។
លោកជំទាវបានអះអាងថា ក្នុងនាមជាសមាជិកសភា ចាំបាច់ត្រូវរួមដៃគ្នាជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល បង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។ លោកជំទាវ ឃួន សុដារី ក៏បានអំពាវនាវដល់សមាជិកសភាទាំងអស់ ឱ្យចូលរួមដោយផ្ទាល់នៅក្នុងស្ថាប័នអន្តរជាតិ តាមរយៈសមាគមសមាជិកសភាអន្តរជាតិ ដើម្បីសន្តិភាព(IAPP) នេះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពកសាងសន្តិភាពអន្តរជាតិ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា “យើងអាចជំរុញអង្គការសង្គមស៊ីវិលនានា និងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យរឹងមាំ ដើម្បីលើកកម្ពស់សន្តិភាព ផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធក្នុងតំបន់ និងទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធ និងការធ្វើទំនើបកម្មសព្វាវុធ”។
លោកជំទាវអនុប្រធានទី២បានជំរុញឱ្យសមាជិកសភាទាំងអស់បន្តខិតខំលើកកម្ពស់ និងគោរពនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលរឹងមាំ និងអាចព្យាករណ៍បាន ដោយផ្អែកលើគោលការណ៍ ៦ រួមមាន ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងវិបុលភាពរួមគ្នា៕
ដោយ រិទ្ធី



No comments:
Post a Comment