Monday, December 16, 2019

កម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធសង្គ្រោះប្រជាពលរដ្ឋ មិនមែនជាការឈ្លានពានគ្នាដូចក្រុមមួយចំនួនលើកឡើងឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការរៀបចំសមយុទ្ធកងទ័ពកម្ពុជា-វៀតណាមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គឺធ្វើឡើងដើម្បីបង្ការការពារ គ្រប់គ្រង និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលក្នុងករណីកើតមានគ្រោះមហន្តរាយណាមួយកើតឡើងនៅតាមព្រំដែនប្រទេសទាំងពីរ ពុំមែនជាការឈ្លានពានគ្នា ដូចក្រុមមនុស្សមួយចំនួនលើកឡើងនោះឡើយ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះនឹងប្រារព្ធធ្វើនៅក្នុងភូមិសាស្រ្ត ឃុំទូលស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្ដរាយ កើតឡើងដូចជា៖ គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ សមយុទ្ធនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យមានការរីកចម្រើនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចថា បើក្រឡេកមើលទៅប្រទេសហៃទី ពេលប្រតិបត្តិការសង្គ្រោះ មានទាំងកងទ័ពអាមេរិក និងកងទ័ពប្រទេសជាច្រើនទៀតចូលរួម ជួយសង្គ្រោះ ហើយកម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធ ជាមួយអាមេរិក ចិន និងប្រទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួយសង្គ្រោះ៕




No comments:

Post a Comment