Monday, December 16, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យគ្រប់រូបផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូពេទ្យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រូពេទ្យទាំងអស់ដែលមានក្រមសីលធម៌វិជ្ជាជីវៈមិនល្អ ត្រូវតែផ្លាស់ប្តូរឥរិយាបថ និងពាក្យសម្តីរបស់ខ្លួនដែលបានប្រព្រឹត្តលើអ្នកជំងឺ។ លោកបន្តថា ការព្យាបាលអ្នកជំងឺគ្មានការបែងចែកនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំទៅមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ ដោយមិនត្រូវយកលុយជាធំនោះឡើយ។ លោកបានលើកឡើងថា គ្រូពេទ្យ និស្សិតពេទ្យសុទ្ធតែលើកឡើងថា ខ្លួនចង់ជួយជីវិតមនុស្សទើបរៀនពេទ្យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតពេទ្យថា ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និងអ្នកជំងឺដែលស្ថិតនៅក្រោមបន្ទាត់ក្រីក្រ និងបានរំលឹកគ្រូពេទ្យថា អ្នកជំងឺត្រូវការថ្នាក់ថ្នមខ្លាំងណាស់ ហើយអ្វីដែលលោកចង់បាននោះ គឺក្រមសីលធម៌របស់គ្រូពេទ្យ៕






No comments:

Post a Comment