Wednesday, October 02, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកចូលរួមយុទ្ធនាការ «ម្រាមដៃ៩» ជាការចូលរួមទង្វើក្បត់ជាតិត្រូវតែមានទោសតាមច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា អ្នកទាំងឡាយណាដែលហ៊ាន ឬបាននិងកំពុងចូលរួមធ្វើយុទ្ធនាការ «ម្រាមដៃ៩» ជាមួយទណ្ឌិត សម រង្ស៉ី នៅក្រៅប្រទេស គឺជាការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិ ដែលប្រឈមនឹងទោសទណ្ឌមិនអាចលើកលែងបានឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកទៀតថា បើអ្នកទាំងអស់នោះពិតជាក្លាហាន ធ្វើយុទ្ធនាការម្រាមដៃ៩ពិតប្រាកដមែននោះ ត្រូវកាត់ម្រាមដៃខ្លួនឯងចោលមួយទៅ ព្រោះថាធម្មជាតិបង្កើតមនុស្សមក ឲ្យមានម្រាមដៃ១០ មិនមែន៩នោះទេ។ លោក បានអះអាងយ៉ាងច្បាស់ៗទៀតថា សកម្មភាពរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ឈានចូលដល់ការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋ និងប្ដូររបប ដូច្នេះហើយអ្នកក្នុងស្រុកទាំងអស់ កុំព្រហើនឲ្យសោះ បើសិនជាហ៊ានមែន ក៏ត្រូវតែហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាផងដែរ ខណៈអ្នកចូលរួមកន្លងមក ក៏ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ផងដែរ។ ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា អ្នកដែលចូលសារភាពអាចនឹងត្រូវបានលើកលែងទោសផងដែរ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដទៀតថា ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ និងកងកម្លាំងប្រដាប់អាវុធ ក៏បាននិងកំពុងប្រតិកម្មជាបន្ដបន្ទាប់ផងដែរ ចំពោះទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថព្រះចេស្ដារព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ លើសពីនេះ ទណ្ឌិតរូបនេះ ក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បោះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ជំរុញឲ្យទណ្ឌិត សម រង្ស៉ី វិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដូចដែលខ្លួនប្រកាសក្ដែងៗ បោកប្រាស់មហាជនផងដែរ ដើម្បីងាយស្រួលឲ្យស្ថាប័នមានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារតែម្ដង ព្រោះថាកងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈរួចរាល់ហើយ៕






No comments:

Post a Comment