Wednesday, October 02, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ លោកគ្រោងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩កន្លងទៅនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិសរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែឆ្លៀតឱកាសដើម្បីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជារៀងរាល់ឆ្នាំ ដែលនេះគឺជាការយកចិត្តទុកដាក់និងការលើកទឹកចិត្តដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២% ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕






No comments:

Post a Comment