Wednesday, September 05, 2018

លោក សួន សេរីរដ្ឋា ទម្លាយរឿង សម រង្ស៊ី ចាប់ដៃជាមួយក្រុម កុក ស មេដឹកនាំម៉ុងតាញ៉ា ដែលទទួលលុយគាំទ្រពីវៀតណាមសេរី

អាថ៌កំបាំងដែលនាំឱ្យលោក សម រង្ស៊ី រត់ទៅចាប់ដៃជាមួយមេដឹកនាំវៀតណាមដេហ្គា លោក កុក ស នាពេលនេះរហូតដល់ចុះកិច្ចសន្យកាត់ដីខ្មែរ៤ខេត្តទៅជនជាតិភាគតិចនេះគ្រប់គ្រងនោះ ត្រូវបានលោក សួន សេរីរដ្ឋា ទម្លាយជាបណ្ដើរៗហើយ។ បើតាមលោក សួន សេរីរដ្ឋា បានឱ្យដឹងថា ការចាប់ដៃគ្នាជាមួយនឹងជនជាតិភាគតិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី គឺដោយសារតែអ្នកគាំទ្ររបស់ក្រុមប្រឆាំងនៅក្រៅប្រទេសមានការថយចុះយ៉ាងគំហុក។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា សម រង្ស៊ី ​គ្មានភាពចាំបាច់ទាល់តែសោះក្នុងការចុះកិច្ចព្រមព្រៀងជាមួយដេហ្គា ដែលជាចលនាផ្តាច់ទឹកដី ខណៈជនជាតិដើមភាគតិចនៅភាគឦសានបច្ចុប្បន្នត្រូវបានទទួលស្គាល់ដូចពលរដ្ឋខ្មែរមានសិទ្ធិសេរីភាព បរិបូរណ៍។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ បានគូសរំលេចថា ករណីកាត់ដីនេះ ព្រោះតែក្រុម សម រង្ស៊ី នៅ​ក្រៅប្រទេសថយចុះអ្នកគាំទ្រទើបពួកគេចាប់ដៃជាមួយ កុក ស ដែលជាមេដឹក​នាំម៉ុងតាញ៉ា។ លោកបានបន្តថា «​តាំងពីខ្ញុំ​បង្កើតចលនាអំណាចពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះមក ក្រុម សម រង្ស៊ី នៅក្រៅប្រទេសថមថយអ្នកគាំទ្រហើយពួកគេទៅចាប់ដៃជាមួយ កុក ​ស មេដឹកនាំម៉ុងតាញ៉ា»។​ យ៉ាងណាមិញ លោកក៏បានឱ្យដឹងថា ម៉ុងតាញ៉ាក៏ទទួលលុយពីក្រុមចលនាយួនសេរីនៅក្រៅប្រទេសដែរ ហើយមិនមែនតែក្រុម សម រង្ស៊ី និង​ កឹម សុខា ដែលទទួលលុយ និងការគាំទ្រពីក្រុម កុក ស សូម្បីតែ​សហពន្ធខ្មែរកម្ពុជាក្រោមក៏ទទួលលុយពី​យួនសេរីដែរ​។ ប៉ុន្ដែសម្រាប់លោកមិនលក់ឧត្តមគតិ​ទៅចូលរួមជាមួយពួកគេនោះទេ ដូច្នេះហើយទើប​ពួកគេបង្កើតរឿងលាបពណ៌លោកគ្រប់បែបយ៉ាង។
សូមរំលឹកថា ខណៈសំណុំរឿងក្បត់ជាតិ កាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម កំពុងតែដំណើរការ លោក សម រង្ស៊ី បានផ្តល់ភស្តុតាងថ្មីបន្ថែមនៅក្នុងសំណុំរឿងនេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងជំនួបជាមួយក្រុមជនភៀសខ្លួនម៉ុងតាញ៉ានៅសហរដ្ឋអាមេរិក ដោយមានវត្តមាន លោក កុក ស មេចលនាវៀតណាមសេរីបង្ហាញវត្តមានផងដែរ តាមរយៈខ្សែអាត់វិដេអូ បង្ហោះតាមហ្វេសប៊ុកសកម្មជនអតីតបក្សសង្គ្រោះជាតិឈ្មោះ សុភ័ណ្ឌ ឡារី។
លោក សម រង្ស៊ី បានគូសបញ្ជាក់សារជាថ្មីពីគោលជំហរថា ខ្លួននឹងទទួលស្គាល់ក្រុមម៉ុងតាញ៉ា និងផ្តល់ស្វ័យភាព កាត់ទឹកដីឱ្យពួកគេគ្រប់គ្រងក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះដូចការបានចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងសន្យាជួយ និង​ចូលរួមផ្លាស់ប្តូររបបដឹកនាំនៅវៀតណាមជាមួយក្រុមម៉ុងតាញ៉ា នាំយកលទ្ធិប្រជាធិបតេយ្យជូនដល់ប្រទេសវៀតណាម ផ្តល់សិទ្ធិសេរីភាពដល់ក្រុមជនជាតិម៉ុងតាញ៉ាថែមទៀតផង។
គួររំលឹកផងដែរថា កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លងមក ​សកម្មជនអតីតបក្សប្រឆាំង​ទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook ដែលធ្វើឱ្យផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងផងដែរ។ នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព៕

ប្រភព៖ Fresh News




No comments:

Post a Comment