Wednesday, September 05, 2018

ព្រះមហាក្សត្រ៖ តំណាងរាស្ត្រ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សា មានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះអង្គបានមានព្រះបន្ទូលទៅកាន់អ្នកតំណាងរាស្ត្រក្នុងរដ្ឋសភាទាំងអស់ថា តំណាងរាស្ត្រ ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន។

ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានបន្ទូលផងដែរថា ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភាពនឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្រប់ដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាស្ថិរភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរិញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  បានមានព្រះរាជបន្ទូលបន្ថែមថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។

គួរបញ្ជាក់ថា ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ៕




No comments:

Post a Comment