Wednesday, September 05, 2018

ព្រះមហាក្សត្រប្រសិទ្ធពរ ដល់រដ្ឋសភាថ្មីមានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត

នៅចំពោះមុខតំណាងរាស្ត្រទាំង១២៥រូប ដែលទើបជាប់ឆ្នោត ទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ និងការសាទរពីអង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៦ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិកសាទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលដូច្នេះនៅ ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរដ្ឋសភានីតិកាលទី៦ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ។

ក្នុងឱកាសពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៦ នេះដែរ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរចំពោះរដ្ឋសភាថ្មី និងសម្តែងក្តីអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំង១២៥រូប ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកាលពីពេលកន្លងទៅនេះ ៕




No comments:

Post a Comment