Thursday, July 26, 2018

រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ!

រយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារជាច្រើន ក្នុងគោលដៅជំរុញនិងលើកទឹក​ចិត្ត​វិនិយោគ បង្កើនផលិតភាព និងឱកាសការងារ សម្រួល និងលើកទឹកចិត្តដល់ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋតូចតាច និងជួយកាត់បន្ថយដល់បន្ទុកចំណាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារកន្លងមកក្នុងនោះរួមមាន៖
១- ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ឆ្នាំ២០០៣)តាមរយៈច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូល ដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរយៈពេលគន្លឹះបូកនឹងរយៈពេល៣ឆ្នាំ បូកនឹងរយៈពេលអាទិភាព ដែលអាចមានរយៈពេលអតិបរមាស្មើនឹង៩ឆ្នាំ
* លើកលែងពន្ធអប្បបរមា ស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ
* លើកលែងពន្ធគយ ចំពោះការនាំចូលគ្រឿងសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្ដាល សម្រេចបម្រើផលិតកម្ម។
២៖ ការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ (ឆ្នាំ២០១៥)
តាមរយៈអនុក្រឹត្យលេខ ០១. អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល៣ឆ្នាំ
* អនុគ្រោះបំណុលពន្ធលើប្រាក់ចំណូលទាំងស្រុង រយៈពេល៥ឆ្នាំ
* លើកលែងពន្ធកាត់ទុកចំនួន៥០% លើការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ រយៈពេល៣ឆ្នាំ។
៣- ការលុបរបបពន្ធម៉ៅការ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ ដោយបានលុបរបបពន្ធម៉ៅការ និងបានកំណត់កម្រិតផលរបរ ដែលត្រូវជាប់ពន្ធ ដែលក្នុងនោះ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរប្រចាំឆ្នាំក្រោម២៥០លានរៀល (ប្រមាណ ៦២,៥០០ដុល្លារសហរដ្ឋអាមេរិក) មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលនោះទ្បើយ។
៤- ការលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះដែរ ដើម្បីសម្រួលដល់ជីវភាព និងកាត់បន្ថយបន្ទុកបង់ពន្ធរបស់ប្រជាពលរដ្ឋតូចតាច រាជរដ្ឋាភិបាលបានសម្រេចលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្តគ្រប់ប្រភេទ, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល, ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។
៥- ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ប្រកាសលេខ ២៧៣ សហវប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិរវាងឳពុក-ម្ដាយបង្កើតនិងកូនបង្កើត, ប្ដីនិងប្រពន្ធ, យាយ-តាបង្កើតនិងចៅបង្កើត។
លើសពីនេះ ក៏បានលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជនយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។
៦- ការអនុគ្រោះចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ (ឆ្នាំ២០១៦)តាមរយៈប្រកាសលេខ ០៥៣៦ សហវប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយន្តការលើកទឹកចិត្ត និងអនុគ្រោះពន្ធចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖ ការអនុគ្រោះពន្ធអប្បបរមា១% នៃផលរបរប្រចាំឆ្នាំ, ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយពុំចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន, និងការមិនធ្វើសវនកម្មក្នុងរយៈពេលសុពលភាព នៃការលើកទឹកចិត្តដែលអ្នកជាប់ពន្ធ មានអនុលោមភាពសារពើពន្ធខ្ពស់ទទួលបាន។
៧- ការលើកលែងពន្ធក្នុងវិស័យអប់រំ អគ្គិសនី ទឹកស្អាត កសិកម្ម អនាម័យ និងម្ហូបអាហារ (ឆ្នាំ២០១៧-២០១៨)
តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងអាករលើតម្លៃបន្ថែម ដោយចាត់ទុកជាការផ្គត់ផ្គង់ មិនជាប់អាករនូវការផ្គត់ផ្គង់មួយចំនួនដូចខាងក្រោម៖
* សេវាសិក្សាអប់រំ
* ថាមពលអគ្គិសនីនិងទឹកស្អាត
* ផលិតផលកសិកម្មមិនទាន់កែច្នៃ
* សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។
បន្ថែមពីនេះទៀត តាមរយៈប្រកាសលេខ ៣៦១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើកទឹកចិត្តបន្ថែម ដោយដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមុខទំនិញចាំបាច់ទាំងនោះរួមមាន៖ ត្រី សាច់ ស៊ុតសត្វ ស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
៨- ការលើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត (ឆ្នាំ២០១៧)តាមរយៈអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងនូវពន្ធលើប្រាក់ចំណូល រយៈពេល ២ឆ្នាំ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។
៩- ការលុបចោលពន្ធសត្តឃាត និងការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្សជាប់ពន្ធ (ឆ្នាំ២០១៨)បន្ថែមលើការអនុគ្រោះ និងលើកលែងពន្ធជាហូរហែកន្លងមក តាមរយៈការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញបន្ថែមទៀត នូវការអនុគ្រោះពន្ធដែល​ជាការជួយ​សម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ និងជាការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតនានា តាមយន្តការធំៗពីរគឺ៖ (១)- ការលុបចោល​ពន្ធសត្តឃាត និង (២)- ការដំឡើងកម្រិតពិដាននៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធរបស់កម្មករនិយោជិត រហូតដល់ ១,២០០,០០០រៀល ស្មើនឹងប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងន័យនេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលមានប្រាក់បៀវត្សត្រឹម ៣០០ដុល្លារ មិនជាប់ពន្ធលើប្រាក់បៀវត្សនោះទ្បើយ។

ទាំងអស់នេះហើយ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែគិតគូរ​ពីជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាឲ្យប្រទេសដ៏កម្សត់ ធ្លាប់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម​រាប់សិប​ឆ្នាំនេះ បានរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឡើងថែមទៀត ៕







No comments:

Post a Comment