Thursday, July 26, 2018

ថ្ងៃស្អែកប្រមុខបក្សកាន់អំណាច នឹងចេញដឹកនាំសមាជិក ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ប្រមុខគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចេញដឹកនាំសមាជិក សមាជិកាប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។
យោងតាមលិខិតលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា តាមរាជធានី-ខេត្តនាពេលកន្លងទៅបានឲ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមលិខិតដដែលនេះបានគូសបញ្ជាក់ថាថា មុននឹងចេញដង្ហែក្បួនលោកប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។
ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃស្អែកនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។
ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មិនដែលចេញដឹកនាំ ក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។
ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យ មហាជន មានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់ អំណាចរូបនេះ បានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាន នៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានកម្លាំងរហូតដល់ទៅ ២៥ម៉ឺននាក់ចេញដង្ហែបិទក្បួនយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោតទៅ នៅក្នុងរាជធានីភ្នំពេញនេះ ក៏មានគណបក្សនយោបាយ៥ផ្សេងទៀត បានចេញដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។

របាយការណ៍បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ និងមានរថយន្តចំនួន ៣,៦៧០គ្រឿង ម៉ូតូកង់បីជិត ១ពាន់គ្រឿង និងម៉ូតូជាង ៨ពាន់គ្រឿងផងដែរ ៕



No comments:

Post a Comment