Thursday, July 26, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានរំលឹកថា នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងឈានចូលមកដល់ហើយ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមឃោសនាពន្យល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានច្បាស់នូវ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសិទ្ធិសេរីភាព ព្រមទាំងកាតព្វកិច្ចពលរដ្ឋក្នុងការចូលរួម បោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះ​ឆ្នោត គឺពង្រឹងនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដែលនាំឲ្យប្រទេសជាតិកាន់តែរីកចម្រើន។
សារនយោបាយនៅលើទំព័រ Facebook នៅព្រឹកថ្ងៃនេះ ក៏មិនខុសពីសព្វមួយដងដែរ គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំនឿ និងទុកចិត្តលើគណបក្ស ប្រជាជនកម្ពុជាតាំងពីដើមរហូតមក។ លោកនាយករដ្ឋមន្រ្ដី បន្ថែមទៀតថា អ្វីគ្រប់យ៉ាងដែលគណបក្ស ប្រជាជនកម្ពុជាកំពុងខិតខំធ្វើ គឺដើម្បីផលប្រយោជន៍កម្ពុជាទាំងមូល។

លោកបានគូសបញ្ជាក់ដូច្នេះ «អរគុណបងប្អូនជនរួមជាតិដែលមានជំនឿជឿជាក់ និងទុកចិត្តលើ គណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើង ទាំងអស់គ្នា​។​ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំ​ធ្វើ គឺដើម្បីផល​ប្រយជន៍កម្ពុជាទាំងមូល»។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិតកាលទី៦ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ពោលសល់តែ៣ថ្ងៃប៉ុណ្ណោះ។ ការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចូលរួម ប្រកួតប្រជែងរហូតដល់ទៅ២០ ជាចំនួនមួយដ៏ច្រើនជាង ដែលការបោះឆ្នោត៥អាណត្តិកន្លងទៅមិនមាន គណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើនបែបនេះនោះឡើយ ៕




No comments:

Post a Comment