Wednesday, May 02, 2018

លោកឧបនាយករដ្ឋមន្ត្រី​ គង់ សំអុល​ បានចុះត្រូតពិនិត្យ​ការរៀបចំប្រារព្ធពិធី​ច្រត់ព្រះនង្គ័ល​ នៅខេត្តស្វាយរៀង​

ស្វាយរៀង៖ នៅថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក លោកស្រីអភិបាលរងខេត្ត បានចូលរួមអមដំណើរលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ និងការរៀបចំដាក់តាំងផលិតផលផ្សេងៗនៅតាមស្ដង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុក សម្រាប់ត្រៀមបង្ហាញព្រះករុណា ព្រះមហាក្សត្រ ទ្រង់ស្ដេចយាងទត និងទស្សនាពិព័រណ៍ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង នឹងមានការដាក់តាំងបង្ហាញពីផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក និងលទ្ធផលសកម្មភាពនានារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពនានាជុំវិញខេត្ត សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលក្រុង ស្រុកទាំង៨ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត៕





No comments:

Post a Comment