Wednesday, May 02, 2018

សិង្ហបូរីដឹកនាំ​អាស៊ាន​លម្អៀង​ទៅ​រក​ចិន​ជាង​អាមេរិក

ភាព​ជា​ប្រធាន​អាស៊ាន​ដែល​គេ​រំពឹង​រង់ចាំ​យ៉ាង​ខ្លាំង​នោះ​បាន​បើក​នៅ​សប្តាហ៍នេះ​ជា​មួយ​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​បាន​បង្ហាញ​ច្បាស់​ពី​ចក្ខុវិស័យ​របស់​សិង្ហបូរី​​នូវ​សណ្តាប់ធ្នាប់​តំបន់​ដែល​ផ្អែក​តាម​ច្បាប់ ប៉ុន្តែ​បាន​បង្ហាញនូវ​ទស្សនៈ​មាន​កម្រិត​លើ​បញ្ហា​សន្តិសុខ​កំពុង​តាន​តឹង។​

ការ​ជួប​ជុំ​គ្នា​នោះ​បាន​ជួយ​លើកកម្ពស់​ដល់​ពាណិជ្ជកម្ម​សេរី​ និ​ងបើក​ចំហជាជាង​ជម្លោះ​ទឹក​ដី​ដែល​កំពុង​ពុះ​កញ្ជ្រោល និង​ការ​ធ្វើ​យោធាតូបនីយកម្ម​​នៅ​សមុទ្រ​ចិន​ខាងត្បូង​​នៅ​ក្នុង​ចំណុច​សំខាន់​នៃ​របៀបវារៈ​របស់ខ្លួន។​

អ្នក​វិភាគខ្លះ​គិត​ថា សិង្ហបូរីដែលជា​សម្ព័ន្ធ​មិត្ត​ចាក់ទឹក​មិន​លេច​របស់​អាមេរិក​រហូត​ដល់​ពេល​ថ្មីៗនេះ​មាន​ទំនាក់ទំនង​ជា​កក់ក្តៅ​ជា​មួយ​ចិននោះ​ ប្រហែលជា​ប្រើ​ប្រាស់​ភាព​ជា​ប្រធាន​របស់ខ្លួន​ដើម្បី​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​ថែម​ទៀត​លើម​ហិច្ឆតា​វាទី​របស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ។​

ប៉ុន្តែ អ្នក​វិភាគ​លើក​ឡើ​ង​ថា ការ​ឈោង​ទៅ​រក​ចិន​នៅពេល​ថ្មីៗនេះជា​មួយ​ប្រទេស​ជាប់ជម្លោះ​​ដូចជា​ហ្វីលីពីន​ជាដើម ព្រមទាំង​​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​ជា​មួយ​សិង្ហបូរីនោះ​ប្រហែល​ជា​ដើរតួនាទី​​ក្នុងការ​បង្ហាញពី​​ជំហ​របស់​អាស៊ាន។

នៅ​ដើម​ខែ​នេះ​នៅចិន នាយក​រដ្ឋមន្ត្រី​សិង្ហបូរី​ និងនាយករដ្ឋមន្ត្រី​ចិន​បាន​ឈរ​កៀក​ស្មារ​គ្នា​ក្នុងការ​គាំទ្រ​​ពាណិជ្ជកម្ម​សេរី​ពិភព​លោក ​ដើម្បីទប់ជា​មួយ​នឹង​ការ​ដាក់ពន្ធ​នាំ​ចូល​របស់​រដ្ឋបាលត្រាំមក​លើ​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​អាស៊ី​ធំៗនោះ។​

នៅ​ក្នុងសុន្ទរកថា​ថ្ងៃទី១០ ខែ​មេសានៅ Boao Forum  ដែល​រៀប​ចំនៅ​ខេត្ត​ហៃណាន ប្រទេស​ចិន មេដឹកនាំ​សិង្ហបូរីរូប​នោះ​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់កម្លាំង​សេដ្ឋកិច្ច​របស់​គេ​ និង​នៅតែ​បើក​ចំហ និង​តភ្ជាប់​គ្នា​​ទៅវិញទៅ​មក នៅ​ចំពេល​មាន​រលក​​នៃ​ការ​គាំពានិយម​កាន់តែ​កើន​ឡើង​របស់​ពិភព​លោក​នោះ។​

នៅ​ក្នុង​​ការ​មិនទទួល​ស្គាល់យ៉ាង​ច្បាស់​នូវ​វោហាសាស្ត្រ​លើ​ពាណិជ្ជកម្ម​ដ៏មិន​យុត្តិធម៌​របស់​វ៉ាស៊ីន​តោន​លើ​ប៉េកាំង​នោះ នាយក​រដ្ឋមន្ត្រី​សិង្ហបូរី​បាន​សរសើរ​ជាចំហ​នូវ​វិធានការ​បន្ថែម​ទៀត​របស់​ចិន​ក្នុងការ​ធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ ក្នុងការ​បើក​ចំហ​ច្បាប់វិនិយោគ​បរទេស​ ក្នុងការ​ការពារ​​កម្មសិទ្ធិបញ្ញា និង​បង្កើន​ការ​នាំ​ចូល​រថយន្ត។​

ការ​តស៊ូដ៏ខ្លាំង​របស់​សិង្ហបូរី​លើ​ភាព​គាំពានិយម​នោះ​ក៏​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ ដែល​រដ្ឋមន្ត្រីការបរទេស​ទាំង​ ១០ នោះ​រួម​គ្នា​និយាយថា ពួក​គេ​ព្រួយ​បារម្ភខ្លាំង​លើ​ការ​កើន​ឡើង​រលក​នៃ​ភាព​គាំពារ​និយម​ និង​សតិអារម្មណ៍​ប្រឆាំង​សា​កលភាវូបនីយកម្ម​នៅទូទាំង​ពិភព​លោក ប៉ុន្តែ​ពិសេស​នៅ​លោក​ខាង​លិច។​

មេដឹកនាំ​ទាំង​នោះ​បាន​បញ្ជាក់​ច្រើន​ដង​ដល់​ការបន្ត​គាំទ្រ​របស់​អាស៊ាន​ដល់​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​​ពហុភាគី និង​បង្ហាញ​ច្បាស់​នូវការ​ប្តេជ្ញាចិត្ត​របស់គេ​ក្នុងការ​ប្រកាន់​ភ្ជាប់​នឹង​គោល​ការ​តំបន់​បើក​ចំហ ក្នុងខណៈ​រក្សា​មជ្ឈភាព​របស់​អាស៊ាន។​

កាន់តែ​ច្បាស់ទៀត​នោះ មេដឹកនាំ​អាស៊ីអាគ្នេយ៍ទាំង​នោះ​បាន​បញ្ចុះ​បញ្ចួល​ការ​បង្កើត​ឲ្យ​បាន​ឆាប់​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​របស់តំបន់ដែល​ដឹក​នាំ​ដោយ​ចិន (RCEP)។

ពួក​គេ​បាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ឆាប់នូវ​​កិច្ច​ព្រមព្រៀង​វិនិយោគ ​និង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ហុង​កុង និង​ចិន ដែល​បាន​ចុះ​ហត្ថលេខា​នៅក្រុង​ម៉ានីល​ក្នុង​ខណៈ​ដែល​ហ្វីលីពីន​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ភាពជា​ប្រធាន​អាស៊ាន​របស់​ហ្វីលីពីន​ក៏​ត្រូវ​គេ​មើលឃើញ​ច្បាស់​ផងដែរ​ថា បាន​គាំទ្រ​ប៉េកាំង​​ក្នុងការ​កាច់ចង្កូត​របស់​អាស៊ាន។​

មេដឹកនាំ​អាស៊ាន​ក៏​អំពាវនាវ​ដល់​បណ្តារដ្ឋ​ក្នុង​តំបន់​ឲ្យ​រក្សា​ភាព​បោះជំហាន​ទៅ​មុខ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​រវាង​អាស៊ាន​ និង​ដៃគូចរចា​ធំៗ​ផ្សេង​ទៀត ពិសេស​ចិន។ សមាជិកអាស៊ាន​ខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិច្ជកម្ម​​អន្តរប៉ាស៊ីហ្វិក​ដែល​ ត្រាំ បាន​ដក​ខ្លួន​អាមេរិក​ចេញ​ពេល​ឡើង​កាន់តំណែង​នៅ​ថ្ងៃដំបូង។​

បំណង​ក្នុងការ​ពង្រឹង​ភាព​ស្អិត​រមួត​ខាង​ស្ថាប័ន​របស់​អាស៊ាន សិង្ហបូរី​ចង់​​បន្ត​ដំណើរ​ទៅ​មុខ​នូវ​ការ​ផ្តួច​ផ្តើម​គំនិត​ដែល​មាន​ស្រាប់​ដូចជា​ក្រុម​ងារងារ​នៃ​កិច្ច​ផ្តើម​គំនិត​​អំពីការ​ធ្វើ​សមា​ហរណ​កម្ម​អាស៊ានដែល​មាន​គោល​ដៅ​ធានា​នូវ​បង្កើន​ការ​ខិត​ខំ​ត្រៀម​ខ្លួន​ និង​អភិវឌ្ឍន៍​ស្ថាប័ន​​របស់​បណ្តា​រដ្ឋ​សមាជិក​សម្រាប់សមាហរណកម្ម​សេដ្ឋកិច្ច។​

ស្ថាប័ន​តំបន់​មួយនេះ​មាន​បំណង​បង្កើត​ទីផ្សារ​រួម​តែ​មួយ​ ដោយ​មាន​សេរីភាព​ខាង​ពល​កម្ម និង​ចលនា​លំហូរ​ដើម​ទុនឆ្លង​កាត់​ព្រំដែន​របស់ខ្លួន​ក្នុង​ពេល​ ១ ទសវត្សរ៍ទៀត។​

សិង្ហបូរី​បាន​ក្លាយជា​អ្នក​គាំទ្រ​ដ៏ធំ​នៃ​កិច្ចផ្តើម​គំនិត​ជា​ច្រើន​ក្នុងការ​ផ្សារ​ភ្ជាប់​គំលាតស្ថាប័ន​និង​អភិវឌ្ឍន៍​ក្នុង​ចំណោម​សមាជិក​មិន​សូវ​អភិវឌ្ឍន៍ ​និង​មិន​សូវ​អភិវឌ្ឍន៍​របស់​អាស៊ាន។​

ក្នុង​នាមជា​អ្នកជំរុញ​​ដល់​ការ​បង្កើន​ឧស្សាហកម្ម​ស្វ័យ​ប្រវត្តិ​ និង​ការ​ពន្លឿន​បច្ចេក​វិទ្យា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជា​ច្រើន​នោះ សិង្ហបូរី​ក៏​កំពុង​ប្រើ​ប្រាស់​ភាព​ជា​ប្រធាន​ផ្លាស់វេណ​របស់ខ្លួន​ក្នុងការ​ដាក់បញ្ចូល​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក ​និង​ឌីជីថល​ទៅ​ក្នុង​ការ​ពិភាក្សា​ទូលំទូលាយ​របស់​តំបន់​លើ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​សេរី។​

អាស៊ាន​កំពុងធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​​ការ​ទទួល​យក​មក​ប្រើ​នូវ​កិច្ច​ព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​អេឡិច​ត្រូវនិក​របស់អាស៊ាន ក្របខ័ណ្ឌ​សមាហរណកម្ម​ឌីជីថល​អាស៊ាន​កាន់តែ​ទូលាយ និង​បណ្តាញ​នវានុវត្ត​អាស៊ាន​ដើម្បីពង្រឹង​ការ​តភ្ជាប់​រវាង​ប្រព័ន្ធអេកូ​នវានុវត្ត​ក្នុងការ​ជំរុញ​ឲ្យ​មាន​កិច្ច​សហការណ៍​និង​ដំណោះ​ស្រាយ​ថ្មីៗ​នៅទូទាំង​តំបន់។​

ក្នុងខណៈ​ដែល​មានភាព​មឹងមាត់​ និង​ការធ្វើ​នវានុវត្ត​លើ​ការងារ​ពាណិជ្ជកម្ម​នោះ មេដឹកនាំ​អាស៊ាន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​សន្តិសុខ​ធំៗ​របស់តំបន់ ពិសេស​ទាក់ទង​នឹង​ជម្លោះ​ដែន​សមុទ្រ​ចិនខាង​ត្បូង និង​វិបត្តិជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​របស់​ម៉ាឡេស៊ី។​

ក្នុង​ពេល​លោក​ខាង​លិច​ថ្កោល​ទោស​​ខ្លាំង​លើ​សកម្មភាព​របស់មីយ៉ាន់ម៉ា​លើ​វិបត្តិ​នោះ អាស៊ាន​​សម្តែង​ការ​គាំទ្រ​​របស់ខ្លួន​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ ស្ថិរភាព​ នីតិរដ្ឋ ដើម្បីលើកកម្ពស់​សុខដុមរមនា និង​ការ​ផ្សះផ្សារ​​ក្នុង​ចំណោម​សហគម​ន៍​ផ្សេង​ៗ ព្រមទាំង​​ដើម្បីធានា​​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​ស្មើភាព​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។​

ពាក្យ​សម្តី​នោះ​ស្រដៀង​គ្នា​នឹង​ពាក្យ​សម្តី​ និង​ភាសា​របស់​ចិន​ដែល​បាន​និយាយ​លើ​វិបត្តិ​​មនុស្ស​​ធម៌​នោះដែរ។​

ស្តីពីសមុទ្រចិនខាង​ត្បូង​វិញ អាស៊ាន​ក៏​មិន​បាន​រិះគន់​សកម្មភាព​ទាមទារទឹកដី​របស់​ចិន​ និង​ការ​បង្កើន​ការ​ដាក់ពង្រាយ​ទ្រង់ទ្រាយធំ​នូវ​​សម្ភារៈ​យោធា​​ទៅកាន់កោះជាប់ជម្លោះ​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់របស់ខ្លួននោះទេ។

អាស៊ាន​គ្រាន់តែនិយាយថា ខ្លួន​បាន​ពិភាក្សា​បញ្ហា​នោះ​ក្នុងខណៈ​ដែល​មានការ​កត់សម្គាល់​ពីការ​ព្រួយ​បារម្ភ​ដោយ​មេដឹកនាំខ្លះ​លើ​ការ​ទាមទារ​កោះ ​និង​សកម្ម​ភាព​នានានៅ​តំបន់នោះ។

ជា​រួម​ អាស៊ាន​ស្តាប់​ទៅ​មាន​លក្ខណៈ​សម្របសម្រួល​​ជា​មួយ​ចិនលើ​ជម្លោះនោះ។ ប្រធានា​ធិប​តីហ្វីលីពីនលោក Rodrigo Duterte ថែមទាំង​អំពាវនាវ​នាពេលថ្មីៗនេះ​ឲ្យ​មានកិច្ច​ព្រម​ព្រៀងចែក​រំលែក​ធនធាន​ជាមួយ​ចិន​នៅ​ក្នុង​តំបន់​ជាប់ជម្លោះជាមួយក្រុង​ប៉េកាំង​ថែមទៀត​ផង។​

មេដឹកនាំ​អាស៊ាន​ក៏​បាន​និយាយថា ពួក​គេ​ចង់​ឲ្យ​មានការ​ចាប់​ផ្តើម​ជា​ផ្លូវការ​នូវ​​ការ​ចរចា​ធំដុំ​ឆ្ពោះទៅរក​ការ​សម្រេចបាន​ក្រម​ប្រតិបត្តិ​មួយ​អំពី​សមុទ្រ​ចិន។​

ទោះបីជា​មាន​សារវិជ្ជមាន​នោះក៏​ដោយ ក៏នៅ​មិន​មាន​ពេល​ច្បាស់លាស់​សម្រាប់ការ​សម្រេច​បាន​ក្រមប្រតិបត្តិមួយ ឬ​ការ​ប្រកាស​ពី​សេចក្តីលម្អិត​ណា​មួយ​បន្ទាប់ពី​ពេល​ជិត​ ២ ទសវត្សរ៍​មក​នៃការ​ចរចា​គ្នា​នោះដែរ។​

ស្ថិត​ក្រោម​ភាព​ជាប្រធាន​របស់សិង្ហបូរី អាស៊ាន​ហាក់ដូចជា​ចង់​ធ្វើជា​អ្នក​ផ្សះ​ផ្សារ ​និង​អ្នក​តស៊ូ​ដល់​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ក្នុងខណៈ​ដែល​បាន​បង្ហាញ​ច្បាស់​ពី​បញ្ហា​សន្តិសុខ​។ នោះ​នឹង​បម្រើ​ផល​ប្រយោជន៍​របស់​ចិន​ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មាន​មន្ទិល​ដល់​មជ្ឈភាព​របស់​អាស៊ាន​ក្នុងការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​តំបន់​ដែរ៕

ប្រភព៖ Asia Times ចុះថ្ងៃទី០១ ខែឧសភា ​ឆ្នាំ២០១៨


No comments:

Post a Comment