លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បទពិសោធន៍នៃតំបន់របស់យើងបានបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់ថា យើងអាចសម្រេចបាននូវសន្តិភាពពេញលេញ តាមរយៈការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ផងគ្នា ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សម្រាប់កម្ពុជា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២នេះ មានន័យជ្រាលជ្រៅណាស់ ហើយមិនមែនជារឿងចៃដន្យនោះទេ ដែលយើងបានជ្រើសរើសយកប្រធានបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» ។ សន្តិភាពប្រកបដោយការអភិវឌ្ឍ និងនិរន្តរភាពប្រកបដោយចីរភាពយូរអង្វែងត្រូវតែជាអាទិភាព និងដំណើរការទៅមុខជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ទន្លេមេគង្គនេះលើសពីបានភ្ជាប់ប្រទេសទាំង៦ គឺបានភ្ជាប់នូវវាសនារួមគ្នាដោយមិត្តភាព ភាពជាអ្នកជិតខាងល្អ សន្តិភាព និងវិបុលភាព។ កម្ពុជាពិតជាមានមោទនភាព និងកិត្តិយស ក្នុងការទទួលរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនេះ ដែលនឹងផ្លាស់ប្តូរពីដំណាក់កាលចិញ្ចឹមបីបាច់ថែរក្សា ទៅជាដំណាក់កាលរីកលូតលាស់ ដែលត្រូវបានកំណត់ដោយរបៀបវារៈប្រកបដោយមហិច្ឆតា និងភាពជាដៃគូ និងសហប្រតិបត្តិការ៕

No comments:
Post a Comment