រុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី បានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំក្រៅផ្លូវការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកស្តីពីបញ្ហានៅវេណេស៊ុយអេឡា ដោយលើកឡើងថាស្ថាប័នដែលមានសមាជិកចំនួន ១៥ប្រទេសនេះ មិនគួរលូកដៃចូលពាក់ព័ន្ធក្នុងស្ថានការណ៍ផ្ទៃក្នុង របស់ប្រទេសអាមេរិកឡាទីននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
«បញ្ហានេះគឺជាការចូលជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា»។ នេះបើតាមសម្តីរបស់អ្នកតំណាងអចិន្រ្តៃយ៍រុស្ស៊ីប្រចាំនៅ UN លោក Vassily Nebenzia ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ហើយលោក Nebenzia បានបន្ថែមថា លោកសង្ឃឹមថាប្រទេសវេណេស៊ុយអេឡា នឹងអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយសន្តិវិធី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីខាងក្រៅឡើយ។ ជុំវិញការធ្វើពហិកានេះ ឯកអគ្គរដ្ឋទូតអាមេរិកនៅ UN លោកស្រី Nikki Haley បាននិយាយថា «ការដែលរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានខិតខំព្យាយាមធ្វើឲ្យគេគ្រប់គ្នាមិនបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំមួយបែបនេះ បានស្តែងឱ្យឃើញថា វេណេស៊ុយអេឡាពិតជាមានកំហុសមែន»។
គួរបញ្ជាក់ថា វេណេស៊ុយអេឡាកំពុងតែរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលប្រធានាធិបតី លោក Nicolas Maduro បានចាត់វិធានការធ្ងន់ៗមិនញញើតដៃ ទៅលើគណបក្សប្រឆាំង ដោយមានទាំងការចាប់ដាក់គុក និងដាក់បម្រាមមិនឱ្យមេដឹកនាំក៏ដូចជាសកម្មជនប្រឆាំងជាច្រើននាក់ចូលបំពេញការងារថែមទៀត។ ក្រៅពីនេះ មនុស្សជាច្រើននាក់ក៏បានស្លាប់ផងដែរនៅក្នុងអំពើហិង្សាចាប់តាំងតែពីបក្សប្រឆាំងបានដឹកនាំសកម្មភាពតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ កាលពីខែមេសា ឆ្នាំ២០១៧នេះ ដោយក្រុមបាតុករបាននិយាយថា វិបត្តិនេះទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់ ដែលពួកគេជឿជាក់ថា លោក Maduro នឹងមិនទទួលជោគជ័យនោះឡើយ៕
ប្រភព៖ Fresh News
No comments:
Post a Comment