ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ បានធ្វើការកត់សម្គាល់រួមគ្នាពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការអនុវត្ត ផែនការសកម្មភាពនៃសេចក្តីប្រកាសរួមក្នុងភាពជាដៃគូសម្រាប់ឆ្នាំ២០១៦ និង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើបញ្ហានៅឧបទ្វីកូរ៉េ ពិសេសការបាញ់មីស៊ីលលើកទី ៦ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ មានក្តីបារម្ភជាច្រើន។ មេដឹកនាំអាស៊ាន បានស្នើឱ្យកូរ៉េខាងជើង ត្រូវតែអនុវត្តន៍ឱ្យបានពេញលេញចំពោះសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំទី២របស់អាស៊ាន និងជាប្រទេសដែលមកបណ្តាក់ទុនទី២នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគក្នុងបណ្តាប្រទេសអាស៊ាន ការជំរុញទេសចរណ៍ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍ចំពោះការរីកចម្រើន របស់អាស៊ាននាពេលកន្លងមក ពិសេសការឈានឆ្ពោះទៅសម្រេចសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតនៃការតភ្ជាប់ក្នុងតំបន់។
ប្រមុខរដ្ឋាភិបាល អាស៊ាន បានស្វាគមន៍ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន កូរ៉េ ក៏បានចាត់ទុកថាឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌របស់អាស៊ាន កូរ៉េ ក្នុងការរួមចំណែកដល់ការពង្រឹង វប្បធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះវប្បធម៌នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពេលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួនផងដែរ៕
No comments:
Post a Comment