ក្នុងន័យនេះ គឺការប្រកួតប្រជែងនយោបាយលើទីលានប្រជាធិបតេយ្យ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយត្រូវឈរលើគោលការណ៍អធិបតេយ្យភាព ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ក្នុងការកំណត់ជោគវាសនាប្រទេសជាតិកម្ពុជាដោយខ្លួនឯង។ ច្បាប់ត្រូវបានហាមឃាត់បុគ្គលអ្នកនយោបាយខ្មែរ ឬគណបក្ស ដែលស្ថិតក្រោមបញ្ជាបរទេសប៉ុនប៉ងផ្លាស់ប្តូរតាមបែបផ្តួលរំលំ ឬបដិវត្តន៍ពណ៌ ក៏ដូចជា ប្រកាន់យកនយោបាយឱ្យបរទេសដាក់សម្ពាធមកលើរដ្ឋាភិបាលស្របច្បាប់ ដោយច្បាប់ចាត់ទុកថាជាអំពើក្បត់ជាតិ ក្បត់ប្រជាជន បំផ្លាញផលប្រយោជន៍ជាតិ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
រាជរដ្ឋាភិបាល មាននីត្យានុកូលភាពបំពេញកាតព្វកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិ ដោយទប់ស្កាត់បុគ្គលបរទេស ឬអង្គការបរទេស ឬក៏រដ្ឋាភិបាលបរទេស ផ្អែកលើគោលការណ៍មិនអាចរំលោភបាននូវឯករាជ្យអធិបតេយ្យជាតិ ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ របបប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើមូលដ្ឋានគ្រឹះនៃអធិបតេយ្យភាពជាតិ មានន័យថាជាប្រជាធិបតេយ្យពិតសម្រាប់កម្ពុជា ក្នុងមោទនភាពជាតិខ្មែររស់ក្រោមដំបូលសន្តិភាព និងអភិវឌ្ឍន៍ជាជំហានៗ ស្របតាមល័ក្ខខ័ណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រទេសជាតិ និងប្រជាជន។
ដូច្នេះក្រុមអ្នកនយោបាយក្បត់ជាតិ បម្រើផលប្រយោជន៍បរទេស មិនអាចរាប់បញ្ចូលជាកម្លាំងចលកររបស់ជាតិខ្មែរបានទេ។ ចាប់ពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដំណើរការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីរបស់កម្ពុជា ឈានចូលដល់ការសំអាតក្រុមនយោបាយក្បត់ជាតិចេញពីប្រព័ន្ធពហុបក្ស សំដៅចាក់គ្រឹះឯករាជ្យអធិបតេយ្យជាតិឱ្យកាន់តែរឹងមាំ៕
(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)
No comments:
Post a Comment