Friday, September 08, 2017

លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាលើកកម្ពស់អក្ខរកម្ម ឱ្យកាន់តែប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា

នៅក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋ ខ្មែរទាំងអស់ រួមគ្នាលើកកម្ពស់ការងារអក្ខរកម្មនេះឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា និង មនុស្សជាតិទាំងមូល។ នេះបើតាមសារលិខិតរបសើលោកនាយករដ្ឋមន្រ្ដី ក្នុងឱកាសអបរទិវា អក្ខរកម្មជាតិ- អន្តរជាតិ ៨ កញ្ញា ២០១៧ ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ទៀតថា « ឆ្នាំនេះកម្មវិធីអក្ខរកម្មបានអនុវត្តន៍ ដោយបើកថ្នាក់ រៀនអក្ខរកម្ម នៅតាមរោងចក្រចំនួន៦ ធ្វើឱ្យបងប្អូនកម្មករ កម្មការិនីទទួលបានការរៀនសូត្រ ចេះទាំងអក្សរ ចេះទាំងលេខ និងថែមទាំងបង្កឱកាស ធ្វើការងារឱ្យប្រសើរឡើងតាមរយៈការចេះគណនាលេខ ស្គាល់លេខ គណនី ការវាស់ផលធៀប និងបរិមាណដែលជាមូលដ្ឋានគ្រឹះ សម្រាប់អាជី​ពការងារប្រចាំថ្ងៃ មានប្រាក់ចំណូល ខ្ពស់ ធ្វើឱ្យជីវភាពប្រសើរឡើង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ » ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងថា សមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមអនុវត្តរបស់ ក្រសួង អប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូរអភិវឌ្ឍនានា ពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់មន្ដ្រីអប់រំគ្រ​ប់លំដាប់ថ្នាក់ មន្ដ្រីរាជការ ព្រះសង្ឃ បញ្ញវន្ដ ម្ចាស់ រោងចក្រសហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេស ។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការ ជាតិ អន្ដរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ បុព្វជិត សាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្ម នាពេលកន្លងមកនេះផងដែរ ៕





No comments:

Post a Comment