Saturday, January 07, 2017

អាមេរិកទទួលស្គាល់ថា ៧ មករា ១៩៧៩ ជាថ្ងៃដែលកម្ពុជារំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃរំលឹកខួប លើកទី៣៨ នៃការរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្របពេលដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករានេះ ស្រាប់តែស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទរថ្ងៃជ័យជម្នះនេះផងដែរ។
ស្ថានទូតអាមេរិក បានប្រកាសគាំទ្រដល់ចលនាតស៊ូរំដោះប្រទេស ហើយហៅថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាថ្ងៃផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា។
ស្ថានទូតអាមេរិកបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រ និងជាការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយ សម្រាប់ប្រជាជនកម្ពុជាទាំងអស់»។
ក្នុងឱកាសប្រារព្ធខួបជ័យជម្នះ ៧ មករា ក្រោមកម្លាំងតស៊ូរបស់វីរយុទ្ធជនខ្មែរក្រោម ការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏សូមចូលរួមសម្តែងការចងចាំជានិច្ច ចំពោះជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហម និងគាំទ្រជានិច្ចចំពោះការរក្សា និងលើកកម្ពស់សន្តិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺបានផ្ទុយពីមេបក្សប្រឆាំងនៅកម្ពុជាកំពុងសម្ងំគេចខ្លួន ពីសំណាញ់ច្បាប់នៅក្រៅប្រទេស។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅតែបន្តមិនទទួលស្គាល់ថ្ងៃ៧មករា ថាជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរ ចេញពីរបបប្រល័យពូជសាសន៍។ មេដឹកនាំបក្សប្រឆាំង ដែលមិនបានហែលឆ្លងរបបដ៏ឃោរឃៅមួយនេះ នៅតែបន្តលើកឡើងថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា៕


No comments:

Post a Comment