Saturday, January 07, 2017

​ប្រសាសន៍​សំខាន់ៗ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ឱកាស​ប្រារព្ធពិធី​អបអរសាទរ​ថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបួងសួងឱ្យវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅក្នុងរបបប៉ុលពតខ្មែរក្រហមទាំងអស់ជាង៣លាននាក់ បានទៅកាន់សុគតិភព និងសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាន ដែលបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុត នៅក្រោមរបបប្រល័យពូជសាសន៍។
លោក ហ៊ុន សែន បានប្រសាសន៍ថា សោកនាដកម្មដ៏ធំធេងដែលធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមចេញដោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្គ្រាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិកម្ពុជា។
លោកបានមានប្រសាសន៍បន្តថា បើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលវេលា ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចដោយ គ្មានទីបញ្ចប់ក្រោមស្នាដៃរបស់របបបនប៉ុលពត។ លោក ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា យើងត្រូវស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅឡើងវិញពីលេខសូន្យ និងបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពីមុន ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។លោក ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើតាមឆន្ទៈរបស់ខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតចូលមកដែនអធិបតេយ្យរបស់កម្ពុជា។
លោកបានលើកឡើងថា តទៅមុខទៀត គ្មានឧបសគ្គណាអាចមករារាំង មិនឱ្យសម្រេចបំណងប្រាថ្នារបស់យើងបានឡើយ ឱ្យតែប្រជាជាតិយើងមានការរួបរួម ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្ទនា ជាមួយគណបក្ស ដែលមានអសនៈនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
លោក ហ៊ុន សែន ក៏បានជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបការកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្ររ៉ែខុសច្បាប់ និង អាជីវកម្មខ្សាច់ខុសច្បាប់, ជនដែលប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់៕











No comments:

Post a Comment