Saturday, January 07, 2017

លោក ហ៊ុន សែន ប្រកាសប្រឆាំង​​នឹងសកម្មភាពខាងក្រៅ ដែលព្យាយាម​កៀបសង្កត់​លើរដ្ឋាភិបាល​កម្ពុជា ក្រោមលេស​ប្រជាធិបតេយ្យ

(ភ្នំពេញ)៖ នៅក្នុងថ្ងៃរំលឹកខួបលើកទី៣៨ ទិវាជ័យជំនះ ៧មករា ១៩៧៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលគេដឹងថា បានតស៊ូឆ្លងកាត់នូវឧបសគ្គរាប់រយជំពូក ដើម្បីពុះពាររំដោះជាតិមាតុភូមិ ជាមួយអតីតយុទ្ធជន ក្លាហានជាច្រើនរូបទៀតនោះ បានធ្វើការប្រកាសថា ជាចំហរថា កម្ពុជានឹងប្រឆាំងដាច់ខាត ចំពោះសកម្មភាពពីខាងក្រៅណាមួយ ដែលព្យាយាមកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើតាមខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបានចាត់ទុកទង្វើបែបនេះ គឺជាការបំពានលើគោលការណ៍ជាសកល និងអធិបតេយ្យរបស់ប្រទេសនីមួយៗ។
នៅក្នុងពិធីរម្លឹកខួបលើកទី៣៨ នៃថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «កម្ពុជាមិនអាចទទួលយកការកៀបសង្កត់ ឬការជ្រែតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅដើម្បីធ្វើអោយមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុត នៅក្នុងប្រទេសមួយចំនួនរកទីបញ្ចប់មិនឃើញ»។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឱ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះ ក៏បានដាក់បញ្ចូលនូវចំណុចថ្មីមួយ ដែលចែងថា អង្គការសហប្រជាជាតិ មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ការចុះកិច្ចព្រមព្រៀងដោយកំណត់ចំណុចថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានការ ព្រមានដកការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ផ្ញើជូនលោក Zeid Ra’ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើ អនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បើសិនជាភាគីទាំងពីរមិនមានកិច្ចព្រមព្រៀងបន្តទេនោះ៕





No comments:

Post a Comment