Tuesday, December 06, 2016

លោក ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ដល់អតីតនិស្សិត ជំនាន់ទី១ ដល់ទី៨ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកវិទ្យា ជូននិស្សិតវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ៣១១៣នាក់ ដែលបានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០០៥ ដល់២០១៥។
ពិធីនេះរៀបចំឡើងនៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារនិស្សិតយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយ។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះម្ចាស់ជ័យលាភី ទាំង៣១១៣នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្លែងថា វិទ្យាស្ថាននេះ ត្រូវបានកសាងដោយមូលនិធិកម្ចីសម្បទាន EDCF នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចំណាយជាង៣៤លានដុល្លារ និងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វិទ្យាស្ថានមានអាយុជាង១១ឆ្នាំ កំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១២ ។ លោកបន្តថា នាថ្ងៃនេះ ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ ជាអតីតនិស្សិតជំនាន់ទី១ ដល់ទី៨ ដែលមានចំនួន ៣១១៣នាក់ ស្រី១៩៨នាក់ ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា១៧៤៣នាក់ (ស្រី១៤០នាក់) ថ្នាក់បច្ចេកទេសជាន់ខ្ពស់ ១៣៤៣នាក់ (ស្រី៥៤នាក់) និងវិញ្ញាបនបត្របច្ចេកទេស ២៧នាក់ (ស្រី៤នាក់)។
លោកបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេស សូមប្តេជ្ញាដើរតាមចក្ខុវិស័យដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យអប់រំបណ្តុះបណ្តាល តាមរយៈការបន្តធ្វើឲ្យកាន់តែប្រសើរឡើង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ទាំងជាតិ និងអន្តរជាតិ ពង្រឹងគុណភាពការគ្រប់គ្រង ការបណ្តុះបណ្តាល និងគ្រឹះស្ថានទាំងមូល ក៏ដូចជាពង្រីកបន្ថែមនូវការស្រាវជ្រាវ និងបោះពុម្ពផ្សាយបច្ចេកវិទ្យាថ្មីៗ ដែលទំនើប និងមានលក្ខណៈអនុវត្ត។




No comments:

Post a Comment