Tuesday, December 06, 2016

លោក ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រឹះស្ថានសាធារណៈចាប់ផ្តើមធ្វើមុនគេ ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនពិការ ដើម្បីអូសទាញឲ្យវិស័យឯកជនអនុវត្តតាម។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលតែងតែបានផ្តល់ការលើកឡើងទឹកចិត្ត និងបានផ្តល់ទីលំនៅ ដីធ្លី ផ្ទះសម្បែងជូនដល់ជនពិការ  ខណៈដែលជនពិការចំនួនជាង២ម៉ឺននាក់ បាននឹងកំពុងរៀនសូត្រ នៅកម្រិតសិក្សាដោយគ្មានរើសអើង នៅក្នុងសង្គម។ លោក ហ៊ុន សែន ក៏បានសម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ ការប្រគុំតន្រ្តីជនពិការ តែលោកស្នើឲ្យក្រុមជនពិការបញ្ចូលគ្នាជាក្រុម ហើយមិនត្រូវនៅជាក្រុមតូចៗនោះទេ ហើយលោក មិនគាំទ្រចំពោះការប្រគុំតន្រ្តី របស់បងប្អូនជនពិការ នៅតាមបណ្តាស្តុបនានានោះទេ ព្រោះអាចបង្កការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យក្រុមសិល្បៈជនពិការ កុំបណ្តោយខ្លួនឲ្យក្លាយជាឧបករណ៍របស់ក្រុមអ្នកនៅពីក្រោយខ្នង ដែលចង់កេងចំណេញផ្នែកណាមួយនោះ។
ដើម្បីជួយសម្រួលដល់ការងារប្រគុំតន្ត្រីជនពិការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សន្យាទិញភ្លេងជូនជនពិការ។ ជាមួយគ្នានេះលោកបាន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់៕



No comments:

Post a Comment