Tuesday, December 06, 2016

លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្ដិ៍ចេញពីមូលដ្ឋានដែលគាត់រស់នៅ ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការជ្រើសរើសមន្ដ្រីប៉ុស្ដិ៍នគរបាលនីមួយៗ គឺត្រូវតែរើសចេញពីមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថា ពួកគាត់ដឹងសុខទុក្ខរបស់ពលរដ្ឋច្រើនជាងអ្នកនៅខាងក្រៅ និងម្យ៉ាងទៀត ជៀសវាងការផ្ទេរចុះឡើង។ ការបញ្ជាក់បែបនេះ របស់លោក ស ខេង ត្រូវបានធ្វើឡើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ស ខេង ថ្លែងយ៉ាងដូច្នេះថា «ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្ដិ៍ លក្ខខណ្ឌចាំបាច់មួយដែលត្រូវគោរពឱ្យបាន គឺត្រូវតែជាកូនចៅរបស់ប្រជាពលរដ្ឋ នៅកន្លែងនោះ ពីព្រោះប្រសិនបើឱ្យអ្នកនៅភ្នំពេញ ទៅធ្វើមន្ដ្រីនគរបាលប៉ុស្ដិ៍នៅកន្លែងណាមួយនោះ គាត់ប្រាកដជាមិនទៅនោះទេ ហើយប្រសិនបើទៅ ក៏នៅមិនយូរនោះទេ នឹងប្ដូរចេញមកវិញហើយ»។
លោក ស ខេង បន្ថែមថា «ប្រសិនបើជ្រើសរើសចេញពីកូនរបស់ប្រជាពលរដ្ឋ ពួកគាត់ប្រាកដជាធ្វើការនៅទីនោះហើយ គាត់មិនប្ដូរចេញនោះទេ មួយវិញទៀតគឺគាត់ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទីនោះ ច្រើនជាងអ្នកទៅពីក្រៅ»។ លោករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ប្រសិនបើមន្ដ្រីនគរបាលប៉ុស្ដិ៍ណា ធ្វើការទៅមានការប៉ះពាល់ជាមួយពលរដ្ឋ នៅឃុំដែលខ្លួនកំពុងធ្វើការនោះ ថ្នាក់លើត្រូវតែប្ដូរចេញពីឃុំដែលកំពុងធ្វើការនោះ ទៅឃុំមួយផ្សេងទៀត ដែលនៅក្បែរនោះ។ ដោយឡែកមន្ដ្រីនគរបាលស្រុក ខេត្ត ក៏គួរតែជ្រើសចេញពីមូលដ្ឋាន ដូចគ្នាដែរ តែប្រសិនបើមិនមានអ្នកចូលប្រឡងនោះទេ ត្រូវរើសចេញពីពលរដ្ឋដែលមានស្រុក ឬខេត្តដែលនៅក្បែរនោះ៕






No comments:

Post a Comment