Sunday, October 23, 2016

ព្រះបរម​រតនកោដ្ឋ និង​សម្ដេចតេជោ ហ៊ុន សែន គឺជា​តួអង្គ​សំខាន់ ​ក្នុង​ការ​នាំ​មក​នូវ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ និង​សមិទ្ធ​ផល​នានា​ ជាបន្ត​បន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាសេនាធិការ ចំណុះឲ្យសាលារាជធានីភ្នំពេញ នៅមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ហើយដែលការជួបសំណេះសំណាលនេះ គឺចំនឹងថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែម្តង។
នៅពេលចាប់ផ្តើម កិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំង ធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះ បែរមុខទៅខាងណាផង! តែទោះយ៉ាងណា នៅពេលដែលគេ នឹកឃើញដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេមិនដែលភ្លេច វីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នោះទេ ព្រោះ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានា ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រូបសម្តេចផ្ទាល់ និងអតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការនាំមកនូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការបញ្ចប់ជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ។ សម្តេចបានបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះ សម្តេចបានជួបចរចា ជាមួយអតីតព្រះមហាក្សត្រ សម្តេចឪ ចំនួន២លើករួចទៅហើយ គឺនៅឆ្នាំ១៩៨៧ម្តងនិងឆ្នាំ១៩៨៨ ម្តងទៀត។ តែទោះជាយ៉ាងណា  បើតាមសម្តេចតេជោ  កិច្ចព្រមព្រៀងនេះ ត្បិតតែបញ្ចប់សង្រ្គាមផ្ទៃក្នុងក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជា មិនទាន់មានឯកភាពជាតិ ទាំងស្រុង​​នៅឡើយនោះទេ ដោយគ្រាន់តែប្តូរពីកម្ពុជាមួយ ដែលមានតំបន់ត្រួតត្រា៤ មកជាកម្ពុជាមួយ ដែលមានតំបន់ត្រួតត្រា២ នោះគឺត្រួតត្រាដោយខ្មែរក្រហម នៅភាគពាយ័ព្យ និងដោយគណបក្សប្រជាជនកម្ពុជា។ តែបន្ទាប់ពីដាក់ចេញ នូវគោលនយោបាយឈ្នះៗ របស់សម្តេច កាលពីឆ្នាំ១៩៩៦ ទើបក្រុមទាំងពីរនេះ បានធ្វើសមាហរណកម្ម ដែលនាំឱ្យមានការឯកភាពជាតិពេញ ហើយមានសន្តិភាពរហូតដល់សព្វថ្ងៃ។
សម្តេចបានបន្តថាពិតមែនហើយថ្ងៃនេះ គឺជាថ្ងៃទី២៣តុលា ដែលនៅតែប៉ុន្មានម៉ោងទៀត ដល់ពេលវេលាដែលយើងបានចុះហត្ថលេខា​​ គឺធ្វើនៅក្នុងរង្វង់ម៉ោងបីរសៀល នៅប្រទេសបារាំង ត្រូវនឹងម៉ោង៨ព្រឹក នៅប្រទេសកម្ពុជា ហើយខួបលើកទី២៥នេះ យើងក៏រំលឹកទៅដល់ទិដ្ឋភាពនេះ តែវាក៏មិនមែនជាការចាំបាច់ណាស់ទេម្រាប់យើងប្រើប្រាស់ ធ្វើជាមធ្យោបាយណាមួយនោះទេ។លើកលែងតែគណបក្សប្រឆាំងដែលប្រមូលផ្តុំគ្នា ហើយអ្នកខ្លះមិនទាំងដឹងថាកិច្ចព្រមព្រៀងទីក្រុងបារី បែរមុខទៅខាងណានោះទេ ក៏ទៅហៅគេមកប្រមូលផ្តុំដែរ។ តែទោះយ៉ាងណាក៍ដោយចុះ សំរាប់រូបសម្តេចផ្ទាល់ ចំពោះថ្ងៃខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកម្ពុជា មានឱកាសអភិវឌ្ឍកាន់តែ រីកចម្រើនជឿនលឿនទៅមុខទៀត។
ថ្លែងទៅកាន់អង្គពិធីទាំងមូល សម្តេចបានគូសបញ្ជាក់ថាថ្ងៃនេះសម្តេចបានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងសាលារាជធានីភ្នំពេញ បន្ទាប់ពីសម្តេច បានធ្វើដំណើរទៅកាន់បណ្តាខេត្តចំនួន២០រួចមកហើយនោះ។ សម្តេចតេជោ បញ្ជាក់ថា ដោយសារតែរាជធានីភ្នំពេញ គឺមានស្ថានភាពចំរុះនៃគ្រប់មជ្ឈដ្ឋានស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅទីនេះ ហើយយើងក៏មានការចាំបាច់ដើម្បីឲ្យមានការជួបជុំជាមួយនឹងការមកចូលរួមជាមួយស្ថាប័នថ្នាក់ជាតិទាំងនេះ ដើម្បីស្តាប់នូវបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំ រួមនឹងសភាពការណ៍ទូទៅរបស់យើងផងដែរ។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីរាយការណ៍ ពីសមិទ្ធិផល​​រីកចម្រើននានា របស់សាលារាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមក ក្នុងនោះឯកឧត្តម ក៏បានរំលឹកដែរថា ថ្ងៃនេះជាថ្ងៃខួបទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងបារី និងជាខួបទី២០នៃនយោបាយឈ្នះឈ្នះ របស់​​សម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម នៃគណបក្សប្រជាជនកម្ពុជា ដែលបាននាំកម្ពុជា ឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ សុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ជាមួយគ្នានេះ ក៏ឋិតក្នុងបរិយាកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសបាននឹងកំពុងចូលរួលយ៉ាងសស្រាក់សស្រាំ ក្នុងការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី។ ទន្ទឹមនេះដែរ រាជធានីភ្នំពេញក៏បានត្រៀមរៀបចំបុណ្យ ឯករាជ្យ​​ជាតិខួបលើកទី៦៣ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅពាក់កណ្តាល​​ខែវិច្ឆិកាខាងមុខនេះផងដែរ៕





No comments:

Post a Comment