Sunday, October 23, 2016

ទស្សនៈ៖ ២៣ តុលា ស្មារតីផ្សះផ្សាជាតិ រវាងខ្មែរ និងខ្មែរ ដែលអ្នកនយោបាយខ្មែរគួរចងចាំ

(ភ្នំពេញ)៖ ថ្ងៃនេះកាលពី ២៥ឆ្នាំមុន (២៣ តុលា ១៩៩១-២៣ តុលា ២០១៦) ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយដែល​ប្រមុខដឹកនាំខ្មែរសម្តេច​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ (រដ្ឋាភិបាលត្រីភាគី) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរដ្ឋកម្ពុជា បានបើកចិត្ត បើកបេះដូងជួបចរចាគ្នា បើកទំព័រសករាជថ្មី​លើទឹកដីសុវណ្ណភូមិដ៏កម្សត់​នាំមកនូវសន្តិភាព និងឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមាន​ជាច្រើនទសវត្សរ៍។

២៣ តុលា ១៩៩១ ជាថ្ងៃចុះកិច្ចព្រមព្រៀងជាច្រើនចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលត្រូវបានគេហៅជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនោះ។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចទាំងពីរ សម្តេច ជា ស៊ីម និងសម្តេចហ៊ុន សែន ដោយមានប្រទេសបារាំង និង ឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសចំនួន ១៧ផ្សេងទៀត។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍ បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤, ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើន លើកឡើងខុសៗគ្នា ដោយមតិខ្លះ បានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់ នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម។

ប្រាកដណាស់ថា ការចុះទន់ខ្សោយនៃឥទ្ធិពលសហភាពសូវៀត បង្អែករដ្ឋាភិបាលរដ្ឋកម្ពុជា ការរលត់សង្រ្គាមត្រជាក់ជាចំណែកមួយជួយ ឲ្យភាគីនៃជម្លោះខ្មែរទន់កម្លាំងក្នុងការប្រយុទ្ធគ្នា។ តែការថមថយឥទ្ធិពលទាំងនេះ ក៏មិនមែនជាបុព្វហេតុទាំងស្រុង នៃការរំលត់ភ្លើងសង្រ្គាមនៅកម្ពុជានោះឡើយ ប្រសិនខ្មែរគ្រប់ភាគី នៃជម្លោះ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គដ៏សំខាន់បំផុត មិនទម្លាក់ចោលចរិតអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរកការពន្លត់ភ្លើងសង្រ្គាមទេនោះ។

ក្នុងសារថ្លែងជូនជនរួមជាតិពីខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងខួប២០ឆ្នាំ នៃការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស បានកើតចេញពីការចរចាជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ ជាមួយនិងសម្តេចនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៧ រួមនិងកិច្ចចរចាបន្តបន្ទាប់ជាច្រើនទៀតទេនោះ។ នេះជាសារបញ្ជាក់យ៉ាងច្បាស់ថា កិច្ចចរចា ២៣ តុលា ១៩៩១ គឺបានកើតចេញពីស្មារតី នៃការបង្រួបបង្រួមជាតិកើតចេញពីខ្មែរ និងខ្មែរ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិតជាបាននាំមកនូវពន្លឺថ្មី នៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើ នយោបាយឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរ។ កិច្ចព្រម ព្រៀង សន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយ ថ្មីមាន ការបោះឆ្នោត និងមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមាន កងទ័ពវៀតណាមលើ ទឹកដីកម្ពុជា ផងដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះបាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតរាជាណាចក្រថ្មី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍន៍ រីកចម្រើន ជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពី គណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ តុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ក្នុងដំណើរចុះយកព័ត៌មាន របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាល ជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជា ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ដែលសុទ្ធសឹង ជាតំបន់សមរភូមិ ប្រយុទ្ធពីអតីតកាលនោះ ខ្ញុំបានមើលឃើញដោយផ្ទាល់ផ្នែក ពីការវិវឌ្ឍន៍ទៅ មុខប្រកប ដោយ ភាពវិជ្ជមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ ដែលខុសឆ្ងាយពីស្ថានភាពក្នុងពេលពួកគាត់រស់នៅក្នុងភ្លើងសង្រ្គាម។
បើទោះបីភាពរីកចម្រើនរបស់កម្ពុជា និងតំបន់អតីតសមរភូមិប្រយុទ្ធ មិនទាន់អាច បំពេញចិត្តពលរដ្ឋខ្មែរគ្រប់និន្នាការយ៉ាងណាក្តី តែភាពរីកចម្រើននេះ វាពិតជាបាន និងកំពុងធ្វើឲ្យទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋគ្រប់និន្នាការអាច រស់ដោយ មានសេចក្តីសុខទាំងអស់គ្នា គ្រាន់តែអ្នកខ្លះមានសេចក្តីសុខតិចតួច និងខ្លះទៀត មានសេចក្តីសុខច្រើនបរិបូរណ៍តែប៉ុណ្ណោះ។


ជារួមមកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពិតជាបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការបោះ ជំហានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ក្រោមការនិយាយចរចាជា លក្ខណៈគ្រួសារខ្មែរ មិនមែនបរទេសនិយមនោះឡើយ។ ២៣ តុលា បានក្លាយទៅជាកញ្ចក់បង្ហាញពីស្មារតី នៃការរួបរួម ដែលអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋ ខ្មែរគ្រប់រូបគួរប្រកាន់យក ស្មារតីរួបរួមក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសភ្លើងសង្រ្គាម និងរុញច្រានប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕





No comments:

Post a Comment