Monday, October 24, 2016

វិចារណកថាៈ វិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ

រយៈពេលមួយសប្តាហ៍កន្លងទៅនេះ បញ្ហាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឈានដល់ដំណាក់កាល គួរឲ្យព្រួយបារម្ភ ក្រោយពេលកូនស្រីលោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា បានបើកការវាយប្រហារខ្លាំងៗ ទៅលើលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស ។ ទង្វើរបស់កូនស្រី លោក កឹម សុខា គឺជាមូលហេតុ ដែលធ្វើឲ្យមានការប្រទាំងប្រទើសយ៉ាងខ្លាំង រវាងក្រុមមន្ត្រីមកពីអតីតគណបក្សសិទ្ធិមនុស្ស និងក្រុមមន្ត្រីមកពី អតីតគណបក្ស សម រង្ស៊ី ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន បានលើកឡើងថា រយៈពេលប៉ុន្មាន ខែកន្លងទៅនេះ កូនស្រីលោក កឹម សុខា ដែលធ្លាប់រៀនសូត្រខ្លះៗនៅក្រៅប្រទេស បានបង្ហាញនូវចរិតក្រអើត ក្រទមច្រឡោងខាមយ៉ាងខ្លាំង ។ កូនស្រី លោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា ហ៊ានប្រមាថមើលស្រាលមន្ត្រី ចាស់ទុំក្នុងគណបក្សស្រេចតែអំពើចិត្ត ហើយចុងក្រោយហ៊ានប្រមាថមើលងាយ និងបើកការវាយប្រហារលោក សម រង្ស៊ី ដែលជាប្រធានគណបក្សយ៉ាងទទឹងទិស រហូតដល់មន្ត្រីចាស់ទុំមកពីអតីតគណបក្ស សម រង្ស៊ី បញ្ចេញប្រតិកម្មខ្លាំងៗតបតវិញ ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ដែលមិនពេញចិត្តនឹងចរិតក្រអើតក្រទមរបស់កូនស្រី លោក កឹម សុខា បានឲ្យដឹងថា នៅទីបំផុតសារជាតិជាក់ស្ដែងរបស់ លោក កឹម សុខា និងកូនស្រី ត្រូវបានលាតត្រដាង ចេញមកឲ្យសកម្មជន និងអ្នកគាំទ្រដឹងឮជាសាធារណៈតែម្ដង ។ ទង្វើរបស់នាង កឹម មនោវិទ្យា គឺជាការទាញ់ ទម្លាក់ប្រជាប្រិយភាព លោក កឹម សុខា ជាឪពុកឲ្យបាត់បង់ការគាំទ្រ ពីសកម្មជននៅថ្នាក់មូលដ្ឋាន ក្នុងប្រទេស កម្ពុជា និងនៅបរទេសជាបន្តបន្ទាប់ ។ នាង កឹម មនោវិទ្យា កំពុងតាំងខ្លួនខ្ពស់ហួសមេឃ ហ៊ានមើលស្រាល ចាស់ទុំ នៅក្នុងគណបក្ស ដោយអាងខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ពីក្រៅប្រទេស ហើយទង្វើបែបនេះ គឺធ្វើឲ្យនាង កឹម មនោវិទ្យា ខ្លួនឯង ប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីមន្ត្រីចាស់ៗ និងមានបទពិសោធន៍នយោបាយយូរឆ្នាំ។ ចំណែកលោក កឹម សុខាខ្លួនឯង មិនបានណែនាំកូនស្រីឲ្យប្រព្រឹត្តអំពើល្អនោះទេ ហើយបែរជាបណ្ដោយ ឲ្យកូនស្រីបង្ករឿងហែកហួរក្នុងគណបក្សជាបន្តបន្ទាប់ ដោយគ្មានញញើតអ្វីទាំងអស់ ។

មន្ត្រីចាស់ៗមកពីអតីតគណបក្សសិទ្ធិមនុស្សមួយចំនួន ក៏មិនពេញចិត្តនឹងទង្វើរបស់នាង កឹម មនោវិទ្យា ដែលជាកូនស្រីរបស់ លោក កឹម សុខានោះដែរ ព្រោះមួយរយៈពេលកន្លងទៅនេះ នាងកឹម មនោវិទ្យា តាំងខ្លួនខ្ពស់ ហួសគេឯង ហើយចង់ឲ្យមន្ត្រីចាស់ៗស្ដាប់ខ្លួនទៅវិញ។ ទន្ទឹមនឹងនេះ រឿងអាស្រូវស្រីញីរបស់លោក កឹម សុខា ដែលធ្វើឲ្យលោក កឹម សុខា ប្រឈមនឹងការជាប់ឃុំក្នុងពន្ធនាគារចៀសមិនផុតនោះ គឺមិនបានធ្វើឲ្យលោក កឹម សុខា ភ្ញាក់ខ្លួននោះទេ ។ លោក កឹម សុខា នៅតែមានចរិតលោភលន់ ចង់មានចង់បានហួសហេតុ ហើយចង់ លើកតម្កើងកូនស្រីរបស់ខ្លួន និងប្រពន្ធរបស់ខ្លួនឲ្យធ្វើធំ នៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីងាយស្រួលគ្រប់គ្រងគេឯងតាមអំពើចិត្ត ។ ចរិតលោភលន់ហួសហេតុរបស់លោក កឹម សុខា ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន កំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានបញ្ហាផ្ទៃក្នុង ហើយវិបត្តិលើកនេះ ប្រហែលចៀសមិនផុតពីការបែកបាក រវាងលោក សម រង្ស៊ី និងលោក កឹម សុខានោះឡើយ ។

សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំងជាដើម បានអះអាងថា មកដល់ពេលនេះ ពួកគេបានមើលឃើញយ៉ាងច្បាស់ក្រឡែត ពីចរិតលោភលន់របស់លោក កឹម សុខា ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន ។ សកម្មជននៅក្រៅប្រទេសមួយចំនួន បានបញ្ជាក់ថា ពួកគេមិនស្វាគមន៍លោក កឹម សុខា តទៅទៀតទេប្រសិនបើលោក កឹម សុខា មកក្រៅប្រទេស ព្រោះពួកគេស្អប់ មនុស្ស ដែលមានចរិតលោភលន់ និងមានរឿងអាស្រូវស្រីញី អាវាសែ ខ្វះសេចក្តីថ្លៃថ្នូរ ។ ជាពិសេសទង្វើអាក្រក់ របស់នាង កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានបើកការវាយប្រហារ ទៅលើលោក សម រង្ស៊ី គឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើម ។ ដោយហេតុថា កូនស្រីលោក កឹម សុខា នៅក្មេងសោះ បែរជាមានចរិតមិនល្អ បើកការវាយប្រហារលើប្រធានគណបក្សយ៉ាងគឃ្លើនតាមគំនិតខ្មៅងងឹតរបស់ខ្លួន ។

សរុបសេចក្តីមក វិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ នៅពេលនេះ អាចឈានដល់ការបាក់បែកចែកផ្លូវគ្នា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ចៀសមិនផុតឡើយ ព្រោះអំពើអាក្រក់របស់លោក កឹម សុខា និងកូនស្រី ធ្វើឲ្យមន្ត្រីជាន់ខ្ពស់មកពីអតីតគណបក្ស សម រង្ស៊ី អត់ធ្មត់តទៅទៀតលែងបាន ។ ការសម្របសម្រួលណាមួយ នៅក្នុងគណបក្សប្រហែលជាលែងមានន័យទៀតហើយ ក្រោយពេលកូនស្រីលោក កឹម សុខា បានបើកការវាយប្រហារលើលោក សម រង្ស៊ី យ៉ាងកំរោលនាពេលថ្មីៗនេះ ។ មានការវាយតម្លៃថា ចរិតរបស់កូន ស្រីលោក កឹម សុខា អាចធ្វើឲ្យឪពុករបស់ខ្លួន ត្រូវប្រឈមនឹងសេចក្តីអាម៉ាសផងដែរ ដោយសារតែលោក កឹម សុខា មិនចេះណែនាំកូនស្រីឲ្យគោរពអ្នកនយោបាយចាស់ទុំក្នុងគណបក្ស ។ មានន័យថា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ឈានដល់ដំណាក់កាលទូកទៅដោយទូក ទន្លេទៅដោយទន្លេ ព្រោះអ្វីៗមិនអាចនៅជាមួយ គ្នាតទៅទៀតបាន ៕

ប្រភព៖ គេហទំព័រដើមអម្ពិល (២៤ តុលា ឆ្នាំ២០១៦)

No comments:

Post a Comment