សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅល្ងាចនេះថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០១៦នេះ
បានអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាអ៊ីស្លាមកម្ពុជា
ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ
នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់បងប្អូន ខ្មែរ-អ៊ីស្លាម
និងភ្ញៀវជាតិអន្ដរជាតិ ចូលរួមជាច្រើនទៀត។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី
មានប្រសាសន៍នាឱកាសនេះថា នេះជាលើកទី៣ ហើយដែលសម្ដេច និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន
ជាមួយសាសនិកអ៊ីស្លាមនៅកម្ពុជា ដោយកាលពីឆ្នាំ២០១៤
មានបងប្អូនខ្មែរ-អ៊ីស្លាមចូលរួមចំនួន ១៣០០នាក់, ឆ្នាំ២០១៥
បានចូលរួមចំនួនជិត៤០០០នាក់, និងឆ្នាំ២០១៦នេះ
មានការអញ្ជើញចូលរួមប្រមាណជា៤៥០០នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្ដថា ក្នុងអាណត្ដិទី៥
ដែលសម្ដេចធ្វើជានាយករដ្ឋមន្រ្ដីរហូតដល់ឆ្នាំ២០១៨
នោះគឺមានការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន
នៃសាសនាអ៊ីស្លាមកម្ពុជាជាបន្ដបន្ទាប់ទៀត ហើយសម្ដេចតេជោ
នឹងធ្វើបេក្ខភាពនាយករដ្ឋមន្រ្ដី សម្រាប់អាណត្ដិទី៦ បន្ដទៀត
ក្នុងនោះសម្ដេចសង្ឃឹមថា នឹងអាចបន្ដរៀបចំពិធីស្រាយបួស ខែរ៉ាម៉ាឌននេះ
ជូនបងប្អូនខ្មែរ-អ៊ីស្លាមរហូតឆ្នាំ២០២៣ទៀតផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានលើកឡើងថា
នៅប្រទេសកម្ពុជាមិនមានភាពវឹកវរផ្នែកសាសនានោះទេ
ខុសពីបណ្ដាប្រទេសមួយចំនួន ដែលកំពុងមានជំលោះផ្នែកសាសនានេះ។ សម្ដេចតេជោ
បានមានប្រសាសន៍បន្ដទៀតថា ប្រទេសកម្ពុជាមានសុខុមនីយកម្មផ្នែកសាសនា
ក្នុងនោះភាពខុសគ្នាចំពោះជំនឿលើសាសនា
មិនបានរារាំងដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើយ ហើយសម្ដេចតេជោក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជាទាំងអស់
បន្ដចូលរួមថែរក្សា, និងការពារនូវសុខុមនីយកម្មផ្នែកសាសនា
នៅប្រទេសកម្ពុជាបន្ដទៅមុខទៀត។
ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី
និងជាប្រធានគណៈកម្មាធិការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន
នៃសាសនាឥស្លាមកម្ពុជា បានមានប្រសាសន៍ថា យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦
ត្រូវនឹងថ្ងៃទី៩ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៧ មហាំម៉ាត់ សករាជ
ដែលសាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកអ៊ីស្លាមក្នុងពិភពលោក
កំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិចរយៈពេលជាង១៤ម៉ោង កំឡុងពេល១ខែ
ក្នុងមួយឆ្នាំៗ ដែលជាកាតព្វកិច្ចទី៤ នៅក្នុងចំណោមកាតព្វកិច្ចទាំង៥
នៃអ្នកកាន់សាសនាឥស្លាមនៅលើសកលលោក។
ឯកឧត្តមមានប្រសាសន៍បន្តថា
ការបួសបានតម្រូវលើជនមូស្លីមគ្រប់រូបឲ្យអនុវត្តទាំងចាស់ទាំងក្មេង-ប្រុស
ស្រី ហើយសូម្បីកុមារក៏ត្រូវស្ថិតក្នុងការរៀនបួស តាមលទ្ធភាពរបស់ខ្លួនដែរ។
ក្នុងនោះដើម្បីឲ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់
និងតមពីការធ្វើអំពើមិនគប្បី តមការធ្វើអោយប៉ះពាល់អារម្មណ៍អ្នកដ៏ទៃ។
ឯកឧត្តម អូស្មាន ហាស្សាន់បានថ្លែងបន្ដទៀតថា
សាសនិកឥស្លាម ថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី
ដែលបានជួយដោះស្រាយការលំបាក និងកង្វល់របស់សហគមន៍ឥស្លាម ដែលមានជាយូរមកហើយ
នោះគឺការផ្គត់ផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូឥស្លាម ដែលបង្រៀននៅតាមភូមិនានានៅទូទាំងប្រទេស។
ប៉ុន្ដែបញ្ហានេះកាលពីឆ្នាំកន្លងទៅសម្តេចតេជោ
បានដោះស្រាយជូនដោយសម្រេចបញ្ចូលគ្រូឥស្លាមទៅក្នុងក្របខណ្ឌក្រសួងអប់រំយុវជន
និងកីឡាចំនួន១៥០០នាក់ ឲ្យក្លាយជាមន្ត្រីរាជការរបស់រដ្ឋ
ដែលទទួលបានប្រាក់បៀវត្សរ៍ដូចគ្រូអប់រំជាតិទៅតាមកម្រិត។
លើសពីនេះទៀតសម្តេចតេជោនាយករដ្ឋមន្រ្ដី បានយល់ព្រមឲ្យបុរសអ៊ីស្លាម
ថតពាក់កាតឹប និងនារីអ៊ីស្លាម ថតទទូលហ៊ីចាប គ្របក្បាល ដើម្បីធ្វើលិខិតឆ្លងដែន
អត្តសញ្ញាណប័ណ្ណ ឬឯកសារសម្រាប់ប្រើប្រាស់ផ្លូវការផ្សេងៗផងដែរ៕
No comments:
Post a Comment