Tuesday, January 12, 2016

វិភាគ​នយោបាយ៖ លោក ហ៊ុន សែន ប្រើហ្វេស​ប៊ុក ដើម្បីប​ង្កើនទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការងាកមកយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមថ្មី (Facebook) ធ្វើជាឧបករណ៍នយោបាយថ្មី ដើម្បីបង្កើនភាពជិតស្និទ្ធកាន់តែខ្លាំងជាមួយប្រជាជនរបស់ខ្លួន និងដើម្បីឈានទៅដណ្តើមបានជោគជ័យក្នុងការបោះឆ្នោត​​អាណត្តិទី៦ខាងមុខ។
នាយករដ្ឋមន្ត្រីកម្ពុជា ដែលកើតចេញពីត្រកូលកសិករ លោក ហ៊ុន សែន បានឆ្លងកាត់និងពុះពាររយលានឧបសគ្គ ដើម្បីរុញច្រានប្រទេសរបស់ខ្លួនចេញផុតពីស្ថានភាពសង្គ្រាម កាលពីកំឡុងទសវត្សឆ្នាំ៧០ និងបានដាក់ការឲ្យតំលៃខ្ពស់បំផុតក្នុងការដឹកនាំរបស់ខ្លួន ទៅលើការរក្សាឲ្យបាននូវសន្តិភាពនោះ បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅយ៉ាងខ្លាំងខ្លា ចំពោះការបន្ទាបខ្លួនធ្វើទំនាក់ទំនងដោយផ្ទាល់ និងមិនរើសអើងចំពោះមនុស្សទូទៅជាសាធារណ ដោយឧបករណ៍នយោបាយថ្មី គឺបណ្តាញផ្សព្វផ្សាយសង្គម (Facebook) តាមការប្រមើមើល របស់អ្នកតាមដានស្ថានការណ៍​​នយោបាយក្នុងប្រទេសកម្ពុជាបង្ហាញថា ទំនោរនៃដំណើរការប្រើប្រាស់ឧបករណ៍នយោបាយថ្មីរបស់ លោក ហ៊ុន សែន គឺមានឥទ្ធិពលខ្លាំង​​ដល់ដំណើរឆ្ពោះទៅរកជោគជ័យ​​ ក្នុងជីវិតនយោបាយរបស់លោកជាថ្មីម្តងទៀត។
ថ្មីៗនេះ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ គឺទទួលបានការស្វាគមន៍​​យ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទៅ នេះបើយោងលើខ្លឹមសារបញ្ចេញមតិ​​យោបល់ពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសថ្លែងអំណរគុណចំពោះលោក តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅក្នុងរយៈពេលចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញឲ្យឃើញនូវការពេញចិត្ត ចំពោះចំណាត់ការរបស់លោក ហ៊ុន សែន និងមានការអបអរសាទរយ៉ាងពេញទំហឹងចំពោះការគិតគូរ និងដោះស្រាយនូវតម្រូវការដែលជាកង្វល់ជាក់ស្តែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយទៅជាប្រធានបទក្តៅ ក្នុងការចំណាប់អារម្មណ៍របស់អ្នកតាមដានស្ថានការណ៍នយោបាយនោះ មានដូចជា៖ ការលុបចោលប័ណ្ណបើកបរទោចក្រយានយន្ត ដែលមានកម្លាំង ចាប់ពី១២៥cc ចុះក្រោម, សេចក្តីសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកំពុងមានដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើម ព្រមទាំងសេចក្តីសម្រេចព្យួរការបង់ពន្ធក្នុងការផ្ទេរកម្មសិទ្ធិពីឱពុកម្តាយទៅឱ្យកូន ពីជីដូនជីតាទៅឱ្យចៅ និងពីប្តីទៅឱ្យប្រពន្ធ ឬពីប្រពន្ធទៅឱ្យប្តី និងចុងក្រោយនេះ គឺចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គីសនីពីបណ្តាញជាតិដែលមានបរិមាណមិនលើសពី ៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ នឹងត្រូវគិតក្នុងតម្លៃតែ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។
ប្រសិទ្ធភាពការងារថ្មីៗរបស់លោក ហ៊ុន សែន បានធ្វើឲ្យបុរសខ្លាំងកម្ពុជា ត្រូវបានក្រុមហ៊ុន Facebook ឲ្យចំណាត់ថ្នាក់លេខ១ ដល់ Facebook Page របស់លោក ក្នុងចំណោម Facebook Page របស់មេដឹកនាំសំខាន់ៗនៅលើពិភពលោក ដែលមានសកម្មភាពរស់រវើកដូចជា Like, comment និង Share ច្រើនជាងគេ។កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ Facebook Page របស់លោក ហ៊ុន សែន ក៏ត្រូវបានក្រុមហ៊ុន Facebook ផ្តល់ចំណាត់ថ្នាក់ Top 10 នៃមេដឹកនាំលើពិភពលោក ដែលមានសកម្មភាពរស់រវើក នឹងមានអ្នកចូលមើល និងចុច Like, comment និង Share ច្រើនជាងគេ។
តាមរយៈការទំនាក់ទំនងដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រី ជាមួយប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក គឺធ្វើឲ្យលោក ហ៊ុន សែន ទទួលបានព័ត៌មានពិតដោយផ្ទាល់, ដោះស្រាយបញ្ហាបានភ្លាមៗ, មានប្រសិទ្ធិភាព ហើយជាលទ្ធផលសេចក្តីសម្រេចចិត្តថ្មីៗចំបញ្ហារបស់ប្រជាជនដែលបានជួយសម្រួលដល់ការលំបាកមួយចំនួនធំរបស់ប្រជាពលរដ្ឋ ជាពិសេសគឺបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងចំពោះមនុស្សរាប់លាននាក់ គឺរឹតតែធ្វើឲ្យគណនីផ្លូវការរបស់លោក ហ៊ុន សែន ទទួលបានការ Like កើនឡើងយ៉ាងលឿនបំផុត។ ដោយមើលឃើញពីភាពប្រសើរ និងគុណប្រយោជន៍នៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងដើម្បីជំរុញឲ្យមន្ត្រីក្រោមឳវាទកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ លោក ហ៊ុន សែន បានរំលឹកឡើងថា បណ្តាញសង្គមគឺ បានជួយឲ្យលោកមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋរបស់លោក ហើយលោក​​ក៏បានណែនាំនិងជំរុញមន្ត្រីរបស់លោកខិតខំដើរតាមបច្ចេកវិទ្យាជំនាន់ថ្មី ដើម្បីបង្កើន​​ប្រសិទ្ធភាពការងាររបស់ខ្លួន។ និន្នាការនៃការកើនឡើងការគាំទ្រ គណនី Facebook ផ្លូវការរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឆ្លុះបញ្ចាំងឲ្យឃើញចំណុចវិជ្ជមានរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ ដោយទាំងថ្នាក់ដឹកនាំ និងប្រជាជនកំពុងឈានមួយជំហ៊ានទៀតទៅរកបច្ចេកវិទ្យាថ្មីៗ កាន់តែជឿនលឿន កាន់តែងាយស្រួល និងជំរុញការរីកចំរើនឥតឈប់ឈរ។
ជារួមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា សុទ្ធតែបានមើលឃើញពីចំណុចវិជ្ជមានជាច្រើន ទាក់ទងនិងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែលជំរុញឲ្យរូបលោក កាន់តែលេចធ្លោ និងដណ្តើមបានចំណាប់អារម្មណ៍និងការគាំទ្រកាន់តែខ្លាំង ជាពិសេសគឺយុវជនកម្ពុជារាប់លាននាក់ ដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហាក់មានទំនោរកាន់តែចូលចិត្ត និងផ្តើមហ៊ាននិយាយទៅកាន់នាយករដ្ឋមន្ត្រីរបស់ខ្លួនដោយផ្ទាល់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា ក៏កាន់តែមានភាពក្លាហាន ក្នុងការទម្លាយនូវផលវិបាករបស់ខ្លួនជូននាយករដ្ឋមន្ត្រី ដើម្បីផ្តល់គន្លឹះក្នុងការដោះស្រាយ និងក៏ដូចជាផ្តល់ឳកាសដល់ថ្នាក់ដឹកនាំដើម្បីកែសំរួលនូវរាល់ចំណុច អវិជ្ជមានតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមជាតិ៕ 

ដោយ៖ ក្រុមយុវជនឆ្នើម

No comments:

Post a Comment