Wednesday, January 06, 2016

ជនរួមជាតិកម្ពុជា នៅតែចងចាំអត្ថន័យនៃ ថ្ងៃជ័យជម្នះ ៧ មករា

បើយើងសម្លឹងមើលត្រឡប់ក្រោយ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧ មករា មានអាយុកាលជាង ៣៧ឆ្នាំ ហើយ (៧មករា ១៩៧៩-៧មករា ២០១៦) ដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំចលនាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជាតិបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
                                                                               
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកមួយរូប ក្នុងចំណោមប្រមុខដឹកនាំជាច្រើនរូបទៀត ដែលបានដឹកនាំចលនា តស៊ូរំដោះជាតិ បានគូសបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។
ក្រោយថ្ងៃជ័យជម្នះលើពួក លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា ដែលសង្ឃឹមបានរស់នៅក្នុងសន្តិភាពវិញនោះ ត្រូវរលាយបង់តែមួយប៉ព្រិចភ្នែក ក្រោមអំពើផ្តាច់ការនៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ឱ្យទទួលរងការវិនាសដោយសារសង្រ្គាម ៥ឆ្នាំរួចមកហើយនោះ (ពីឆ្នាំ១៩៧០-១៩៧៥) ឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ឬសគល់។ ប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលពួក ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ។
                                         
របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ប្រជាជន ដែលពុំទាន់ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធទាំងឡាយមកជួយសង្រ្គោះឲ្យរួចផុតពីឋាននរកអវចី។
ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្រ្ត គួរយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុងស្រមោល នៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគត ដ៏រុងរឿង យើងចាំបាច់ ត្រូវតែយល់ពីប្រវត្តិសាស្រ្ត ឲ្យបានត្រឹមត្រូវ ត្រូវ រៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្រ្តទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យរុងរឿង ស្ថិតសេ្ថរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។
                                                       
រយៈពេល ៣៧ឆ្នាំ ក្រោយការផ្តួលរំលំរបប ប៉ុល ពត ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀត ឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាព ដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ថ្ងៃ ៧ មករា។
                         
ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិប តេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី៕
អត្ថបទៈ តាំង ករុណា

No comments:

Post a Comment