Wednesday, January 06, 2016

ប្រធានរដ្ឋសភាវៀតណាម៖ វត្តមាន សម្តេច ហេង សំរិន ក្នុងថ្ងៃខូប៧០ឆ្នាំការបោះឆ្នោតសកល នៅវៀតណាម បង្ហាញឲ្យឃើញចំណងមិត្តភាព ដ៏រឹងមាំរបស់ប្រទេសទំាងពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព កាលពីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នេះ ដើម្បីចូលរួមពិធីរម្លឹកខួប៧០ឆ្នាំ នៃការបោះឆ្នោតសកល លើកដំបូង និងការបង្កើតរដ្ឋសភា របស់ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។
នៅពេលអញ្ជើញដល់ប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ដោយនៅព្រលប់ ថ្ងៃទី៥ ខែមករា នោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ង្វៀន ស៊ីញហុង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានរដ្ឋសភាជាតិ របស់ប្រទេសវៀតណាម។
ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ស៊ីញហុង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង គណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីរម្លឹកខួប៧០ឆ្នាំនេះ។ ឯកឧត្តមបានសម្តែងក្តីរីករាយ ដោយបានគូសបញ្ជាក់ថា  វត្តមានរបស់ សម្តេច និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ ក្នុងឱកាសវិសេសវិសាលនេះ បានបង្ហាញ ពីការយកចិត្តទុកដាក់ របស់រដ្ឋសភាកម្ពុជា ចំពោះប្រទេសវៀតណាម ពិសេសរដ្ឋសភាវៀតណាម។ ឯកឧត្តមសង្កត់ធ្ងន់ថា វត្តមានរបស់ សម្តេចប្រធានរដ្ឋសភា បានបង្ហាញឲ្យឃើញពី ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរ ពិសេស គឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា កាលពី៧០ឆ្នាំមុន ពោលគឺ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រទេសវៀតណាម បានចាប់ផ្តើម ធ្វើការបោះឆ្នោតសកលលើកដំបូង បន្ទាប់ពីបានទទួលឯករាជ្យពីប្រទេសបារាំង។ ការបោះឆ្នោតនោះ ជាការបោះជំហានដ៏ធំមួយរបស់វៀតណាម ជាក្តីសង្ឃឹម របស់ប្រជាជនវៀតណាម ជាពិសេស ប្រមុខដឹកនាំវៀតណាម កាលសម័យនោះ គឺលោកប្រធាន ហូជីម៉ិញ។  “ការបោះឆ្នោតឆ្នាំ១៩៤៦ បានធ្វើឲ្យវៀតណាម មានឱកាសដឹកនាំប្រទេសដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ព្រមទាំងបាន កសាងសាមគ្គីភាពក្នុងប្រទេសយ៉ាងរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ “ នេះជាការលើកឡើងរបស់ ឯកឧត្តម  ង្វៀន ស៊ីញហុង ។
ជាមួយការអបអរសាទរ ដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ បានខិតខំបំពេញភារកិច្ច យ៉ាងច្រើន ដើម្បីសេចក្តីសុខ និងការរីកចម្រើន របស់ប្រទេសជាតិ។  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការប្រារព្ធខួប ៧០ឆ្នាំនៅពេលនេះ គឺជាការរម្លឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពោរពេញដោយខ្លឹមសារយ៉ាងសំខាន់ចំពោះរដ្ឋសភា និង ប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ ដើម្បីឯករាជ្យ ។
សម្តេច បានលើកឡើងថា កម្ពុជា វៀតណាម មានប្រវត្តិសាស្រ្តប្រហាក់ប្រហែលគ្នា គឺធ្លាប់ឆ្លងកាត់ ទទួលរងនូវរបបអាណានិគមចក្រពត្តិនិយម។ ប្រជាជនទាំងពីរ ធ្លាប់ជួយគ្នាទៅវិញទៅមក សហការគ្នាដោយភាពស្មោះត្រង់ ប្រកៀកស្មារគ្នា តស៊ូប្រយុទ្ធដើម្បីទទួលបានឯករាជ្យ សន្តិភាព សេរីភាព ជូនប្រទេសរៀងៗខ្លួន ។ សម្តេចអគ្គមហាពញាចក្រី បានសម្តែងក្តីរីករាយ ដោយឃើញចំណងមិត្តភាពកម្ពុជា វៀតណាម រីកចម្រើន ជាលំដាប់ ហើយនៅរយៈពេលចុងក្រោយនេះ ការវិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋសភា រដ្ឋាភិបាល ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ក្រោមពាក្យស្លោកថា អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងយូរអង្វែង ។
នៅក្នុងរាត្រីនោះ ឯកឧត្តម ង្វៀន ស៊ីញហុង ក៏បានរៀបចំពិធីលាងសាយភោជន៍ ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូ រដ្ឋសភាកម្ពុជា ព្រមទំាងគណៈប្រតិភូរដ្ឋសភា បណ្តាប្រទេសនានាឯទៀត ដែលបានអញ្ជើញចូលរួម អបអរសាទរខូប៧០ឆ្នាំ  នៃថ្ងៃបោះឆ្នោតសកល លើកដំបូង របស់ប្រទេសវៀតណាម យ៉ាងជិតស្និទ្ធ រាក់ទាក់ជាទីបំផុត៕
អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន






No comments:

Post a Comment