Thursday, January 14, 2016

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម នៅថ្ងៃនេះ ហើយរយៈពេលបីខែមកនេះ រដ្ឋសភាអនុម័តច្បាប់បានចំនួន១៣

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានពេលបើកសម័យប្រជុំដំបូង ចំនួន៩៦រូប ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម។
សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម មាន១៣ជំពូក រួមមាន ៣៩មាត្រា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
នៅក្នុងសេចក្តីថ្លែងហេតុ ដែលភ្ជាប់មកជាមួយសេចក្តីព្រាងច្បាប់ រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នេះ វិស័យគណនេយ្យ និងសវនកម្ម មានតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតសេដ្ឋកិច្ច និងសង្គម ពិសេសនៅក្នុងការធានាភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ទំាងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
រាជរដ្ឋាភិបាល បានចាត់ទុកវិស័យគណនេយ្យនិងសវនកម្ម ជាផ្នែកមួយដ៏សំខាន់ នៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់ជាតិ ដូចចែងនៅក្នុង ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០០១-២០១០ដែលត្រូវបានធ្វើបច្ចុប្បន្នទៅជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥ហើយបន្តមកទៀតជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិ រញ្ញវត្ថុ ឆ្នាំ២០១១-២០២០
រដ្ឋសភាបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ខាងលើ មួយជំពូកម្តងៗ តាមនីតិវិធី បន្ទាប់ពីបានពិភាក្សា ដេញដោល ដោយមាន ការបកស្រាយពន្យល់ ពីតំណាងរាជរដ្ឋាភិបាល អង្គសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ទំាងមូល ចំនួន៩៧សំឡេង។
បន្ទាប់ពីបាន អនុម័តសេចក្តីព្រាងច្បាប់ខាងលើរួច សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តទៅ ប្រសិនជាគ្មានរបៀបវារៈ សម័យប្រជុំទៀតនោះ។
សម្តេចប្រធានរដ្ឋសភា បានគួសបញ្ជាក់ថា ផ្តើមសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥មក សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ បានអនុម័តសេចក្តីព្រាងច្បាប់ បានចំនួន១២ អនុម័តសេចក្តីស្នើច្បាប់ បានចំនួន១ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ បានអនុម័តសេចក្តីស្នើវិសោធនកម្ម ប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឡើងដោយតំណាង ក្រុមតំណាងរាស្រ្ត ហត្ថលេខី និងបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមា ជិកព្រឹទ្ធសភា ដែលស្នើឡើងដោយ សមាជិកព្រឹទ្ធសភា ផងដែរ៕




No comments:

Post a Comment