រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតុ (Péter
Szijjártó ) បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ ជាពិសេសវិស័យកំណើនសេដ្ឋកិច្ច
ដែលមានកំណើនយ៉ាងខ្ពស់ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ហើយការអភិវឌ្ឍន៍ក៏មានល្បឿនយ៉ាងលឿនផងដែរ។ ការសាទរជូនប្រមុខរាជរដ្ឋាភិបាល នេះបានធ្វើឡើងគ្រាដែលរដ្ឋមន្រ្ដីការបទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ ត្រូវសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត្ដឲ្យចូលជួបសម្ដែងការគួរសម
និងពិភាក្សាការងារ នៅវិមានសន្ដិភាព
នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
លោក ព័ទ័រ ហ្ស៊ីហ្សារតូ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ប្រទេសហុងគ្រីបានបើកការិយាល័យតំណាងពាណិជ្ជកម្មប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើការគាំពារ ការពារ និងលើកស្ទួយវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជាដែរ។
ក្នុងនោះហុងគ្រី ក៏បានបើកធនាគារផ្ដល់ឥណទាននៅកម្ពុជារួចហើយដែរ។ រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានជម្រាបជូនសម្ដេចតេជោបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងហុងគ្រី កំពុងតែមានសក្ដានុពលយ៉ាងខ្លាំង។
ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកមានការចាប់អារម្មណ៍លើវិស័យមួយចំនួន ដូចជាវិស័យបច្ចេកវិទ្យា វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលវិស័យទាំងនេះប្រទេសទាំង២
អាចចាប់យកនូវសក្ដានុពលដើម្បីជាកម្លាំង ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសហុងគ្រី និងកម្ពុជា។
លើសពីនេះទៀតលោកបានពិនិត្យឃើញថា ប្រទេសទាំងពីរ
កំពុងមានសក្ដានុពល ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងន័យនេះដែររដ្ឋាភិបាលហុងគ្រីបានសម្រេចផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥កន្លែងក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១៦នេះតទៅ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា
សម្ដេចមានការរីករាយជាខ្លាំង ដែលមិត្ដចាស់នាពេលនេះ
បានកំពុងតែរួបរួមគ្នា ចងសម្ព័ន្ធជាដៃគូនឹងគ្នា ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម
វិនិយោគ និងសេដ្ឋកិច្ច។ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាលើកស្ទួយការវិនិយោគ
វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីហុងគ្រី ពិនិត្យមើលលទ្ធផល ភាពសហការដោយធ្វើការរួមគ្នាបានផងដែរ៕




No comments:
Post a Comment