សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្ដី នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះ បានអនុញ្ញាត្ដឲ្យក្រុមទស្សនកិច្ចសិក្សា
ភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត ដែលដឹកនាំដោយលោក សាមមូអ៊ែល គីម
ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
នៅក្នុងជំនួបពិភាក្សានោះតំណាងក្រុមទស្សនកិច្ចសិក្សា
ភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត លោកសាមមូអ៊ែល គីម បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ក្រុមរបស់លោកមកទស្សនកិច្ចនៅកម្ពុជាមានសមាជិកសរុប
២៥នាក់ មកពីវិទ្យាស្ថាន១២ តំណាងអោយ១១ប្រទេស ហើយគណៈប្រតិភូរបស់លោកបានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃរួចមកហើយ
ដោយផ្តើមជួបពិភាក្សាការងារជាមួយមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជា
និងទស្សនាខេត្តសៀមរាបផងដែរ។
នៅក្នុងដំណើរទស្សកិច្ចសិក្សានៅកម្ពុជារយៈពេល៤ថ្ងែមកនេះ
លោក សាមមូអ៊ែល គីម តំណាងគណៈប្រតិភូដដែល បានមើលឃើញថា ប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនគួរអោយកត់សំគាល់
ជាពិសេសវិស័យសេដ្ឋកិច្ច តាមរយៈដំណើរទស្សនកិច្ចរបស់លោក៣លើករួចមកហើយនៅកម្ពុជា។
លោកបានបញ្ជាក់ថា គណៈប្រតិភូជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងសិក្សាស្រាវជ្រាវព្រោះកម្ពុជាជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់
គួរអោយកត់សំគាល់ គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី៦លើពិភពលោកក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនបំផុត។
លើសពីនេះ កម្ពុជាក៍ជាប្រទេសដែលកំពុងវិវត្តន៍ទៅមុខក្នុងផ្លូវវិជ្ជមានផងដែរ
ដោយគណៈប្រតិភូរបស់លោក មើលឃើញថាកម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកចម្រើនខ្លំាងនាពេលខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះប្រតិភូក្រុមទស្សនកិច្ចសិក្សាភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត
ក៍មានគម្រោងជួបពិភាក្សាចែករំលែកបទពិសោធភាពជាអ្នកដឹកនាំ ដល់យុវជនកម្ពុជាប្រមាណ
២០០នាក់ផងដែរ។
ជាការឆ្លើយតបប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានលើកឡើងអំពើការវវិត្តន៍របស់ប្រទេសកម្ពុជា
ជាច្រើនដំណាក់កាលដោយរាប់បញ្ជូលទំាង
ការធ្វើរដ្ឋប្រហារដោយការគំាទ្រពីបរទេស
ទម្លាក់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា
គឺសម្តេចព្រះនរោតម្តសីហនុ, ឆ្លងកាត់របបខ្មែរក្រហម
និងដំណាក់កាលជូរជត់ជាច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន
បានលើកឡើងបន្ដថា ប៉ុន្តែក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាបានវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ដោយផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចបែបផែនការ
មកជាសេដ្ឋកិច្ច ទីផ្សារសេរី និងមានការរីកចម្រើនស្មើមុខស្មើមាត់នឹងបរទេស ពលរដ្ឋមានសិទ្ឋសេរីភាព
គ្រប់គ្រាន់នាពេលបច្ចុប្បន្ន។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៍នៅបានធ្វើកំណែទម្រង់
ជាបន្តបន្ទាប់ដើម្បី ផលប្រយោជន៍ប្រជាជន និងសង្គមជាតិដូចជាកំណែទម្រង់ការប្រឆំាងអំពើពុករលួយ
កំណែទម្រង់ប្រព័ន្ឋយុត្តធម៌ និងតុលាការ, រដ្ឋបាលសាធារណៈ,កងកំលាំងប្រដាប់អាវុធ, ហិរញ្ញាវត្ថុសារធារណៈ និងការកែទម្រង់ផ្សេងទៀតជាច្រើនផងដែរ៕




No comments:
Post a Comment