Thursday, January 14, 2016

តើ​គួរយក​សមិទ្ធផល​ជាក់ស្ដែង​​ទៅ​ប្រៀប​ធៀបនឹងការសន្យា​ខ្យល់បាន​​ដែរ​ឬទេ?

បទអត្ថាធិប្បាយ
ដោយ​៖ រត្ន័ សណ្ដាប់​



តើ​គួរយក​សមិទ្ធផល​ជាក់ស្ដែង​​ទៅ​ប្រៀប​ធៀបនឹងការសន្យា​ខ្យល់បាន​​ដែរ​ឬទេ?

ថ្មី​ៗនេះ​​  មហាសន្និបាត​សាមញ្ញ​​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី៣៩​របស់​ខ្លួន​​ចំនួន​ពីរថ្ងៃទី៩-១០ ខែ​មករា​ ឆ្នាំ​២០១​៦​​​ ដើម្បី​បូក​សរុប​ការងារ​ និង​​​សមិទ្ធផល​ ដែលរាជរដ្ឋាភិបាល ​ក៏​ដូច​ជា​គណ​​​បក្ស​​​​​​ប្រជា​ជន​កម្ពុជា​​សម្រេច​បាន​ និងដាក់​វិធានការ​​សំរាប់ថ្ងៃ​​អនាគត​ ដែល​ព្រឹត្ដិ​ការណ៍​នេះ​​បាន​​ធ្វើ​ឲ្យ​លោកប្រធាន​ កឹម​ សុខា​ មេដឹក​នាំ​គណបក្សសង្រ្គោះ​ជាតិ​​​ នៅ​មិន​សុខបក់​មិន​ល្ហើយ​ បាន​និយាយ​ក​​ម្លាស្មារតីខ្លួន​ឯង​ ក៏ដូច​ជា​ដើម្បី​ពង្រឹង​ស្មារតី​គណៈដឹកនំា​ ​និងសកម្ម​ជន​​​​​​របស់​ខ្លួន​ថា ​​«​អ្វី​ៗ​ដែល​គណបក្សប្រជាជន​កម្ពុជា​ ​ក៏ដូច​ជារាជរដ្ឋាភិបាល​ បាន​​​​និង​កំពុង​​​ធ្វើ​ក្នុង​ការ​ដឹកនំា​ប្រទេស​ ​គឺ​សុទ្ធ​តែ​ជា​គម្រោងក្នុង​​គោល​នយោបាយ​របស់​គណ​បក្ស​សង្រ្គោះ​​​​​ជាតិ​ទំាង​អស់»។ ចំ​ពោះ​អ្នក​ដែល​ស្តាប់​ឮ គេលាន់មាត់ថា​​គួរ​​ឲ្យអស់សំណើច​ពេកណាស់!
សំ​ដី​ដែល​លោក​ប្រធាន​​គណបក្សសង្រ្គោះជាតិ​ បាន​លើក​ទ្បើងនេះ​ ធ្វើ​ឲ្យ​មតិ​សា​ធារ​​ណៈ​​នៅ​ក្នុង​ប្រទេស​ ​រួមទំាង​អ្នក​វិភាគ​នយោបាយ​ គេ​នំា​គ្នា​​សើច​ តែសើច​មិន​ចេញ នូវ​​​សំដី​គ្មាន​ទឹក​ដម​​ សោះកក្រោះ​ ដដែលៗ​នោះ​ ​​គឺអាចប្រៀប​​ប្រដូច​ទៅនឹង​ពាក្យ​ចាស់​ពោល​​​ថា​ «​អ្នក​ធ្វើ​ខំ​តែ​ធ្វើ រីឯ​អ្នក​មិន​ធ្វើ​ខំ​តែព្រូស​»។​
​ជា​ការ​ពិត​ណាស់ អស់​រយៈ​ពេល​ប្រមាណ​២ទសវត្សរ៍កន្លង​មក ​​អ្នក​ដឹកនំា​បក្ស​ប្រ​ឆំាង​​​មួយក្រុម​នេះ​ ​​​​​ បាន​លើក​គម្រោង​កម្មវិធី​នយោបាយ​របស់​ខ្លួន​​ជា​ហូរហែ​  ជាលាយ​លក្ខ័​អក្សរ​​  និង​​តាមរយៈ​វោហាសាស្រ្ដ​   ដែល​ពួក​គេខិតខំ​ពន្យល់​សកម្ម​ជន​   និង​ពួក​អ្នក​គំាទ្រ​​ឮសូរ​​យ៉ាង​ស្រគៀរ​ត្រចៀក​។​  ពួក​សកម្មជន​របស់​ក្រុម​ប្រឆំាង ​ពុំ​សូវ​មាន​ពេល​វេលា​រកស៊ី ចិញ្ជឹម​គ្រួសារ​ ដោយ​សារ​​ពួក​គេបាន​ចំណាយ​ពេលវេលាច្រើន​ពេក  ដើរ​ហោះ​ហើរ​ដូច​រៃ​​​ ដោយ​ក្ដី​សង្ឃឹមថា​ នឹង​​បានទទួល​​ផល​ប្រយោជន៍​យ៉ាង​គាប់ចិត្ដពី​ពួ​ក​មេដឹក​នំា​របស់​ខ្លួន​។ តែផ្ទុយ​ទៅ​វិញ  ​គឺ​ពួក​មេដឹក​នំា​របស់​ខ្លួន​ទៅ​​វិញ​ទេ​ ដែលបាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​​​ ក្នុងនោះគឺ​​ក្រៅពីទទួល​ជំនួយមកពីអ្នក​គាំ​ទ្រ​នៅ​បរទេស​  ម្នាក់ៗមាន​វិឡាធំ​ស្កឹម​ស្កៃ​ ទ្បាន​ទំនើបៗ​ ហោះ​ហើរ​ទៅបរទេស​តាមចិត្ដ​។ ​​នេះ​ហើយគេ​​ហៅថា​ «រស់​នៅ​លើ​គំនរ​ទុក្ខ​របស់​សមា​ជិក​​​អ្នក​គំា​ទ្រ​​​យ៉ាង​ងងើល​»​។​
ដោយ​រឿង​ទំាង​នេះ​​គួរឲ្យ​ខ្មាស់​អៀន​ពេក យើង​សូម​មិន​ធ្វើ​អធិប្បាយ​វែង​តទៅ​ទៀត​ទេ​ យើងសូម​ឆ្លៀត​ឱកាស​នេះ​ លើក​បង្ហាញ​ពី​ការ​សន្សា​របស់ លោក ហ៊ុន សែន ពី​កម្មវិធីដឹកនំា​ប្រទេស​​​​ ពី​គោល​នយោបាយរបស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​លើក​កំពស់​ជីវភាព​ សុខមាល​ភាព​របស់​ប្រ​ជា​ជន​ ​​សេដ្ឋ​កិ​ច្ច​ និង​សន្ដិ​សុខ​ របស់​ប្រ​ទេស​ជាតិ ​​វិញ​។​
គោលនយោបាយ​ខ្លី​ៗមួយ​ចំនួន​​ ដែល​យើង​បាន​​លើក​​​ខាង​លើ​ គឺ​បាន​រំ​លេច​ចេញ​នូវ​កម្ម​វិធី​ជាក់​ស្ដែង​ ដែល​បាន​អនុវត្ដ​បែប​ជំហាន​គីង្គក់​​ ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​ទើប​តែ​នឹង​ចេញ​រួច​ផុត​ពីរបប​ប្រល័យពូជសាសន៍​ គឺ​​ពីបាតដៃទទេ ​រស់​នៅ​តែលតោល​​​លើ​ពិភព​លោក​ ​ ឆ្លង​កាត់​ការ​តស៊ូ​ រហូត​ដល់មានការ​​ចរចា​​ ដើម្បី​បញ្ចប់​សង្រ្គាម​ផ្ទៃក្នុង​ប្រ​ទេស​​ទំាង​ស្រុង​​ នាឆ្នាំ​១៩៩៨​ គឺ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ ដៃម្ខាង​ទប់ទល់នឹង​សភាព​ការណ៍​នយោបាយពី​ខាង​ក្រៅ​ និង​សង្រ្គាម​ជាបន្ដបន្ទាប់​ជាមួយ​ខ្មែរ​ក្រហម​​ក្រៅច្បាប់​ ​​រីឯ​ដៃ​ម្ខាង​ទៀត​​​ខិតខំ​ក​សាងប្រ​ទេស​ជាតិ​​ ។​
ជា​លទ្ធផលជាក់ស្ដែង​ នរណាក៏ឃើញ​យ៉ាង​ប្រត្យក្សដែរថា​ ប្រទេសកម្ពុជា​បច្ចុប្បន្ន​ មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ធំតូច​ ពីទី​ក្រុង​ដល់​ជនបទ​ មាន​ភ្លើងអគ្គិសនី​ទូទំាងប្រទេស​ មាន​ស្ពាន​ធំតូច​​ឆ្លងកាត់​ស្ទឹង​ បឹងបួរ​ និងទន្លេ គ្រប់ច្រក​ល្ហក​ ​ ដែល​ឆ្លុះបញ្ចំាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ​​ដែល​ជាដើមចម​ «កាតាលីស»​ ដោយ​ពុំអាច​ប្រកែក​បាន ​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​​ ​ជា​កត្ដា​​ញ៉ាំង​ដល់ការរីកចម្រើន​​ ដល់ការ​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ទូទាំង​ប្រទេស និង​កម្ពុជា​មាន​សន្តិភាព​ និង​សុវត្តិភាព។
​សមិទ្ធ​ផល​មួយទៀត​ នៃ​ការ​សន្សា​របស់​លោក​​ ហ៊ុន សែន​ គឺ​ការ​តម្លើង​ប្រាក់បៀវត្ស​​លោកគ្រូ អ្នក​គ្រូ មន្រ្ដីរាជការ​ កងកម្លំាង​ប្រដាប់អាវុធ នគរបាល យោធា​ កម្មករ ក៏ឃើញថា​ បាន​សម្រេច​​ជាបណ្ដើរៗ​​ ​ ថ្វីត្បិត​តែ​ពុំ​បានពេញចិត្ដ​ទៅ​តាម​ការ​ទាមទារ​​ក៏​ដោយ។​ ​ទន្ទឹមនឹងនេះ​ គេបាន​​ឃើញ​ដំណោះ​​ស្រាយ​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ​​ដែល​រស់​​នៅ​ទីក្រុង​ភ្នំ​ពេញ​រាប់សែននាក់​​ ដោយ​អង្គភាព​អគ្គិសនី​កម្ពុជា បាន​ភ្ជាប់​​​នូវបណ្ដាញ​ខ្វាត់​ខ្វែង ​តខ្សែ​អគ្គិសនីបាន​រាប់ម៉ឺន​បន្ទប់​  ​ និង​​យក​តម្លៃអគ្គិសនី​យ៉ាង​ថោក​បំផុត​។​​
ថ្មីៗនេះ​ដែរ​ សម្ដេច​តេជោ ហ៊ុន​ សែន​ បានចរចា​គ្នា​យ៉ាង​ហ្មត់ចត់​ ជា​មួយ​សមភាគី​ថៃ​ ដើម្បី​ធានា​រាប់រង​ដល់ពលករខ្មែរ ​​​ប្រមាណ​១លាន​នាក់ ដែល​​កំពុងរស់​នៅ​ និង​​ធ្វើការ​ក្នុង​​​​​​​ប្រទេសថៃ​ ដែលរកប្រាក់​​ចំណូលបាន​រាប់រយលាន​ដុល្លារ​​​​ ផ្ញើមកក្រុមគ្រួសារ​​របស់​ពួក​គេ​ ​ដែល​នេះ​គឺ​បាន​ញំាង​​​ដល់ការ​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ភូមិស្ថាន​ និង​សហ​គមន៍​របស់​ពួក​គេ។​ល។​
ថ្មីៗ​នេះ ​រាជរដ្ឋាភិបាលកម្ពុជា​បានលើកកំពស់​នយោបាយ​ រក្សាសណ្ដាប់ធ្នាប់​ចរាច​រ​​ណ៍ផ្លូវគោក​គឺ​ដើម​ចមនៃការ​គ្រោះថ្នាក់​ ដែល​បាន​ឆក់យក​​ជីវិត​មនុស្សរាប់ពាន់នាក់​ ក្នុង​មួយឆ្នាំៗ របួស​ធ្ងន់​ស្រាល​​រាប់ម៉ឺននាក់​ គឺជា​វិធាន​ការ​​ឈានដល់​​ប្រសិទ្ធ​ភាព​ខ្ពស់​ តាមរយៈ​​ការ​ដាក់​ចេញនូវ​ច្បាប់ថ្មី​ៗពាក់​ព័ន្ធទៅ​នឹង​ការ​បើក​បរ​យានយន្ដគ្រប់ប្រភេទ​។ ចំណាត់​ការ​រ​នេះ បាន​ធ្វើ​ឲ្យប្រជាពលរដ្ឋ​​ទូទំាង​ប្រទេស​​​ មាន​សេច​ក្តី​សង្ឃឹមថា​ ប្រសិនបើ​គេ​ទាំង​អស់​គ្នា​អនុវត្ដ​ច្បាប់​​បាន​ភ្ជាប់ខ្ជួ​​ននោះ​​ គឺ​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​បាន​ជា​អតិប្បរ​មា ពុំខាន។​

មានការប្ដេជ្ញាចិត្ដ​​ផ្សេងៗ​ទៀត​ច្រើនណាស់  ដែល​លេចចេញ​ជា​​ផ្លៃផ្កា​ ​​ តែ​យើង​ពុំអាច​រៀបរាប់​ឲ្យបានហូរ​​​ហែ។ ប៉ុន្ដែ​អ្វី​ដែល​យើង​ចង់​បង្ហាញ​​នោះ​ គឺ​ថា មានតែគណ​បក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ ដែលជាគណបក្ស «​ប្រឆំាង​បញ្ច្រាស់​ខ្យល់»​ ទៅនឹង​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ថា​ «សន្សា​គឺធ្វើ»​។​ រីឯ​ការសន្សាតាមរលកធាតុអាកាស​ មាន​ការ​ដាក់​ចេញ​នូវ​កម្មវិធី​នយាបាយ តាមរយ:វោហា​សាស្រ្ដ​ របស់បក្សប្រឆំាង​​ ​គឺ​ជាកម្មវិធី​នយា​បាយ​ខ្យល់។​​
ជាសរុប​ទន្ទឹម​នឹ​ងសមិទ្ធផល​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ តាមរយៈការ​​​សន្សា តាម​រយៈ​​ការ​លើកជា​​​គោលនយោបាយ​ជាក់ស្ដែង​ ដោយ​មាន​យុទ្ធសាស្រ្ដ​ដឹកនំា​ប្រទេស​ចេញ​ជា​ផ្លៃផ្កា​ជាក់​ស្ដែង។​ ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆំាង​គ្មាន​អ្វី​សំអាង​​ ពួកនេះ​ខិត​ខំណាស់ ​យករឿង​នេះ​បន្ដិច ​រឿងនោះ​បន្ដិច​ ​មក​កកូរកកាយយ៉ាង​វក់​វី ​ប្រឆំាង​នឹងសកម្មភាព​របស់​រដ្ឋាភិបាលយ៉ាង​ងងើល​ ដោយ​មិនចេះ​អៀនខ្មាស់។​
ក្នុងន័យនេះ​ យើង​សូម​សួរ​លោកប្រធាន​ កឹម សុខា មេ​បក្សប្រឆំាង និងបក្ខពួក​របស់​ខ្លួន​ថា​ តើពួក​ខ្លួនកំ​ពុង​​ដើរតត្រុត់​ៗ ​ពីក្រោយយុទ្ធ​សាស្រ្តនយោបាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ឬមួយ​ក៏គណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​តាមក្រោយកម្ម​វិធី​នយោបាយ​របស់​គណ​បក្ស​ប្រ​ឆាំង? សូមពិចារណា​ដោយ​ខ្លួន​ឯងចុះ!​​​​

 ​​​ 

No comments:

Post a Comment