សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះ បាន អនុញ្ញាតិឲ្យប្រតិភូមិត្តភាពជប៉ុន-កម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាស្សា ហិរ៉ុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាវិមានសន្តិភាព។
ឯកឧត្តមប្រធានប្រតិភូ មិត្តភាពជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប៥០ឆ្នាំ នៃក្រុមស្ម័គ្រចិត្តយុវជនជប៉ុនសម្រាប់ ប្រតិបត្តិការក្រៅប្រទេស។ លោកបានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រទេសកម្ពុជាមានការរីកចម្រើលើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ ពិសេសរយៈពេល១០ចុងក្រោយនេះ ហើយការរីកចម្រើនទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំ ពីការដឹកនាំប្រកបដោយស្នាដៃ និងទេព្យកោសល្យ ពីប្រមុខរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តមបានបន្តថា បន្ទាប់ពីមានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគកន្លងមក បានរួមចំណែកជម្រុញ និងទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជប៉ុន បន្តចូលមកកាន់កម្ពុជា មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងន័យនេះ ឯកឧត្តមប្រធានប្រតិភូ នឹងជម្រុញឲ្យសភាជប៉ុនអនុម័ត ឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជាការគាំទ្រដល់ការកើនឡើង នៃចំនួនអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជប៉ុន មកកាន់កម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ថែមពីលើទិវាខួប៥០ឆ្នាំ នៃក្រុមស្ម័គ្រចិត្តយុវជនជប៉ុនសម្រាប់ ប្រតិបត្តិការក្រៅប្រទេសនេះ គួរមានសកម្មភាពផ្សេងៗបន្ថែមទៀត លើសកម្មភាពដែលមានស្រាប់ ដូចជាកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុនជាដើម ដោយសកម្មភាពនេះ បានជម្រុញសកម្មភាពរវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន។
សម្តេចក៏បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែក ជួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ជាក់ស្តែងដូចជាការតភ្ជាប់ច្រករបៀងខាងត្បូង តាមរយៈស្ពានតឹបាហ្សា នឹងបន្តក្នុងគម្រោងបន្ថែមទៀត នៅខេត្តកោះកុង និងប្រទេសថៃ ហើយអ្វីដែលសម្តេចកំពុងរង់ចាំបំផុតនោះ គឺការហោះហើរត្រង់ ពីជប៉ុនមកកាន់កម្ពុជា៕
No comments:
Post a Comment