
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ថា នៅក្នុងជំនួបនោះលោកស្រី Claire
Van der Vaeren និងគណៈប្រតិភូបានគោរពនិងរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាពរបស់អង្គការសហប្រជាជាតិផ្នែកអភិវឌ្ឍន៍
ផ្នែកសុខភាព ផ្នែកអប់រំ ផ្នែកយេនឌ័រ ផ្នែកអភិបាលកិច្ចល្អ
ផ្នែកគាំពារសង្គម ផ្នែកសិទ្ធិមនុស្ស ផ្នែកយុវជន និងផ្នែកនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។
នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដដែលនេះ គណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិ បានគាំទ្រនូវរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល និងវាយតំលៃខ្ពស់នូវរាល់សកម្មភាពទាំងនោះ។ បន្ថែមពីលើនេះគណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិ បានគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលថា រាល់សកម្មភាពរបស់អង្គការសហប្រជាជាតិនៅព្រះរាជាណាចក្រកម្ពុជា គឺស្របតាមគោលការណ៍ គោលនយោបាយ និងយុត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រព័ន្ធអង្គការសហប្រជាជាតិ ទាំងមូលប្ដេជ្ញាចិត្ដ
ក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល
ដែលបានចូលរួមចំណែកក្នុងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក ហើយការរួមចំណែកនេះ
បាននាំឲ្យជោគជ័យសម្រាប់កម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សដែលបានដាក់ចេញកន្លងមក។ ឆ្លៀតនៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យប្រព័ន្ធអង្គការសហប្រជាជាតិ
ធ្វើការងារជាមួយមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត
ដោយឈរលើមូលដ្ឋានដែលមានស្រាប់
នោះគឺមូលដ្ឋានជោគជ័យទៅលើទិសដៅអភិវឌ្ឍន៍សហសវត្ស
ដើម្បីឆ្ពោះទៅកាន់ជោគជ័យបន្ថែមទៀតលើគោលអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិកន្លងមកនេះ។
ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រសកម្មភាពអង្គការសហប្រជាជាតិនៅកម្ពុជា ព្រោះទាំងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិមានគោលដៅរួមគ្នា។ ប៉ុន្ដែអ្វីដែលជាកត្ដាសំខាន់នោះ គឺត្រូវនាំគ្នាកែប្រែគោលដៅនេះ ឲ្យទៅជាការងារប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសដដែលនេះ
សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យប្រព័ន្ធអង្គការសហប្រជាជាតិ ពិនិត្យ និងលើកចិត្ដទុកដាក់ទៅលើការប្រែប្រួលអាកាសធាតុ
ជាពិសេសការធន់នឹងកំដៅ នៃដំណាំកសិកម្ម៕
អត្ថបទ៖ ប៊ុនធី

No comments:
Post a Comment