Sunday, December 27, 2015

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវ និងច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្ដរជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា​ រួមជាមួយឯកឧត្ដង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០​១៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបង្គោលព្រំដែនគោកលេខ៣០ និង​កំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រ នៅច្រកទ្វារ​អន្ដ​រជាតិស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី និងស្រុកឡេ​ថាញ់ ខេត្ដយ៉ាឡាយ ប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនោះ ថានេះជាលើកទី៣ហើយ ដែលកម្ពុ​ជា និងវៀតណាម រៀបចំពិធីសម្ភោធបង្គោលព្រំដែនគោក បន្ទាប់ពី​​បានសម្ពោធលើកទី១ នូវ​បង្គោ​ល​ព្រំដែនលេខ១៧១​​ នៅច្រកទ្វារអន្ដរជាតិបរវ៉េត-ម៉ុកប៉ៃ កាលពីឆ្នាំ២០០៦ និងលើកទី២​នូវ​ប​ង្គោលព្រំដែនលេខ៣១៤ នៅជិតច្រកទ្វារអន្ដរជាតិ​​ព្រែកចាកខេត្ដកំពត និងខេត្ដគៀន​យ៉ាង ​កាលពីឆ្នាំ២០១២ កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា ការ​ស​ម្ពោ​ធ​បង្គោលព្រំដែនគោកជាបន្ដបន្ទាប់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាង​​ច្បាស់អំពីកា​រខិតខំប្រឹង​ប្រែ​ង រ​ក​ដំ​ណោះ​ស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់រវាងប្រទេសកម្ពុជា និងវៀតណាម ដើ​ម្បី​ឈាន​ទៅ​បញ្ច​ប់បញ្ហាព្រំដែនទាំងស្រុង នាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាល​កម្ពុ​ជា នៅតែប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវ និ​ង​ច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ព្រមទាំងអនុវត្ដជា​អន្ដរ​ជាតិស្ដីពីការទទួលស្គាល់ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគមនិយម​បារាំងបន្សល់​ទុក​អោ​យ ហើយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ជាបន្ដបន្ទាប់ បានប្រកាន់ភ្ជាប់នូវគោលការណ៍នេះរ​ហូត​មក ដើម្បីបញ្ចប់បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្ររវាងប្រទេសទាំង២។

ឯកឧត្ដម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មាន​ប្រ​សាសន៍ ថា បង្គោលព្រំដែនលេខ៣០គឺជាសំណង់ដ៏ល្អមួយ ដែលស្ថិតនៅតំ​បន់​ច្រក​ទ្វារ​អ​ន្ដ​រ​​ជាតិឡេថាញ់-អូរយ៉ាដាវ នឹងក្លាយទៅជាចំណុចទាក់ទាញប្រជាពលរដ្ឋ នៃប្រទេសទាំង២ និង​ភ្ញៀវទេសចរណ៍អន្ដរជាតិ អញ្ជើញមកទស្សនា ទាំងនេះ​បញ្ជាក់​យ៉ាងច្បាស់​​​អំពីចំណង​​សា​មគ្គី​ភាព និងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំង។ ឯកឧត្ដម ង្វៀន តាន់យ៉ុង មានប្រសា​ស​ន៍​បន្ដថាតាងនាម​ឲ្យរដ្ឋា​ភិ​បាលនៃសាធារណរដ្ឋសង្គមវៀតណាម ឯកឧត្ដមសូមវាយតំលៃ​ខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះខណ្ឌព្រំ​សីម៉ា និងបោះបង្គោល​ព្រំដែន​គោក​,បណ្ដាក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែ​ងលើការ​​បោះប​ង្គោ​​​លព្រំដែនរវាងប្រទេសទាំងកន្លងមកនេះ។

យោងតាមរបាការណ៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី វ៉ា គឹមហុង ប្រធានគណៈកម្មការច​ម្រុះខ​ណ្ឌ​សីម៉ា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ក្នុង​ពិធីសម្ពោធបង្គោលព្រំដែន​លេខ​៣​០ និងកំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រ នាពេលនេះ ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹង​ប្រែងរបស់នាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរ ដែលបានសហការ និងពួតដៃគ្នាអនុវត្ដតាមខ្លឹម​សារ ដូចមានចែងក្នុងសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ចុះថ្ងៃទី​១០ ខែតុលា​ ឆ្នាំ២០០៥ និងអនុស្សារណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០​១១។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី វ៉ា គឹមហុង បានគូសបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌព្រំ​​សីម៉ា និងបោះ​បង្គោលព្រំដែនគោក​រវាង​ប្រទេសទាំង២ បានចាប់អនុវត្ដ​​​ការងារបោះបង្គោលព្រំដែនគោក នៅ​លើដីជាក់ស្ដែង នៅខែមិថុនា ឆ្នាំ២០០៦ ដោយគិតមកដល់ពេលនេះ មានរយៈពេ​ល​១១​ឆ្នាំ​ហើយ​ និងសម្រេចបានលទ្ធផលជាង៨៣ភាគរយ នៃខ្សែព្រំដែនសរុ​បដែលមានប្រវែងជាង១​ពាន់​២​រយគីឡូម៉ែត្រ៕ 

No comments:

Post a Comment