Sunday, December 27, 2015

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣០ ផ្លូវលេខ ៧៨ (៤៥០ ម៉ែត្រ) ច្រកអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី-យ៉ាឡាយ

ឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម;
ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និង កម្ពុជា;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ក្មួយៗសិស្ស-និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់, ទាំង
កម្ពុជា និងវៀតណាម, ជាទីមេត្រី !

ថ្ងៃនេះ, ខ្ញុំមានកិត្តយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមជាមួយឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធជាផ្លូវការ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ។ នេះគឺជាលើក​ទី ៣ ហើយ បន្ទាប់ពីការសម្ពោធបង្គោលព្រំដែនលេខ ១៧១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ, កាលពីឆ្នាំ ២០០៦ និងបង្គោលព្រំដែនលេខ ៣១៤ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិលក-ព្រែកចាក នៅ​ខេត្តកំពត-គៀនយ៉ាង, កាលពីឆ្នាំ ២០១២ កន្លងទៅ។

ការសម្ពោធព្រំដែនជាបន្តបន្ទាប់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៃកិច្ចខិតខំប្រឹងប្រែងរក​ដំណោះ​ស្រាយ​អំពីបញ្ហាព្រំដែនដែលនៅសេសសល់ រវាងប្រទេសយើងទាំងពីរ ​ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែន​ទាំងស្រុងទៅពេលខាងមុខ។ ជាការពិត កិច្ចការនេះបានបោះជំហានទៅមុខជាលំដាប់ ទោះជាកន្លងមក​បានជួបប្រឈមការលំបាក​​ ព្រម​ទាំង​ភាពស្មុគស្មាញមួយចំនួនក្ដី។ យ៉ាងណាមិញ ការខិតខំរបស់នាយក​រដ្ឋមន្រ្តីវៀតណាម ង្វៀន តឹនយុង Nguyen Tan Dung និងខ្លួនខ្ញុំផ្ទាល់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ពិតជាបានទទួលនូវលទ្ធផល និងផ្លែផ្កាជាច្រើន ដែលក្នុងនោះ រួមមាន បង្គោលព្រំដែនលេខ ៣០ និង​កំណត់ផ្លូវ ៤៥០ ម៉ែត្រ ជាសក្ខីភាពជាក់ស្តែង​នៅចំពោះ​មុខយើង​ទាំងអស់គ្នានាពេលនេះ។ បន្ថែមលើនេះ យើងនឹងធ្វើដំណើរទៅកាត់ខ្សែបូរសម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅច្រក​ទ្វា​រព្រំដែន​អន្តរជាតិភ្នំដិន-តិនបៀន នៅខេត្តតាកែវ-អានយ៉ាង នារសៀលថ្ងៃនេះជាបន្តទៀត​ផងដែរ។

សមិទ្ធិផលប្រវត្តិសាស្រ្តនាថ្ងៃនេះ នឹងរួមចំណែកដ៏ធំធេង ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលមានភាពត្រឹម​ត្រូវ និងច្បាស់​លាស់​របស់យើង​ ឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តលើ​គ្រប់​វិស័យ ដើម្បី​វិបុលភាព ភាពសុខ​ក្សេមក្សាន និងភាពសុខដុមរមនា នៃប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាម​ជា​អ្នកជិតខាងល្អ ជាមិត្តល្អ និងជាដៃគូយុទ្ធសាស្រ្តក្នុងកិច្ចអភិវឌ្ឍន៍។ ក្នុងន័យនេះ សមិទ្ធិផល​ដែលយើងរួមគ្នាសម្ពោធនៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការ​គ្នាយ៉ាង​ស្អិត​រមួត រវាង​ប្រទេសទាំងពីរ ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់ត្រូវបាន​គេបោះបង់​ចោល ជា​តំបន់គ្មាន​មនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីទាំងអស់នោះ ឲ្យទៅជា​តំបន់​ប្រកប​ដោយ​សក្ដានុពលសេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដែលខ្ញុំរំពឹងថា ក្នុង​ពេល​អនាគត នឹងក្លាយទៅជាតំបន់របៀងសេដ្ឋកិច្ចដ៏សំខាន់មួយ ថែមទៀតផង។

ជាមួយនឹងទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោកនៃប្រទេសទាំងពីរ ដែលបានខិត​ខំ​ប្រឹង​ប្រែងដែលធ្វើឲ្យការបោះបង្គោលព្រំដែន ប្រព្រឹត្តទៅដោយ​រលូន និងមានការទទួលស្គាល់ពេញលេញ​តាម​ផ្លូវច្បាប់។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជា​មានមោទនភាពខ្ពស់ ហើយប្រទេសយើងទាំងពីរទំលាយ​បាននូវការលំបាកទាំងឡាយ ក្នុងការកសាង​ព្រំដែនរវាងប្រទេសទាំង​ពីរ ដែលរហូតដល់ពេលនេះ នៅ​សល់តែប្រមាណ ១៦,៨% ទៀតប៉ុណ្ណោះ នឹង​បញ្ចប់បានព្រំដែនគោកទាំងស្រុង លើខ្សែព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងសរុប ១ ២៧០ គីឡូ​ម៉ែត្រ ហើយបន្ទាប់ពីនេះ យើងនឹងឈានទៅចរចា​កំណត់​ព្រំដែនសមុទ្រជាបន្តទៀត។ ក្នុងស្មារតីនេះ ខ្ញុំជឿជាក់ថា ប្រទេសយើងទាំងពីរក៏នឹងសម្រេចបាននូវការ​កំណត់ព្រំដែនសមុទ្រមួយយ៉ាងពេញលេញ គ្មានវិវាទ ដោយឈរ​លើគោលការណ៍ច្បាប់ និងក្របខណ្ឌ​គតិយុត្តអន្តរជាតិជាមូលដ្ឋាន។

ក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការ​កសាងព្រំដែន​កម្ពុជា-វៀតណាម ដែលត្រឹមត្រូវ និងច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និង ច្បាប់អន្តរជាតិ ព្រម​ទាំងអនុវត្តជាអន្តរជាតិស្ដីពីការទទួលស្គាល់ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគម និយមបារាំងបាន​បន្សល់ទុកឲ្យ ហើយដែលរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ បានប្រកាន់ភ្ជាប់នូវ គោលការណ៍​នេះ​រហូតមក ដើម្បីបញ្ចប់បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសទាំងពីរ។ ឈរ លើគោល​ការណ៍​គ្រឹះនេះ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំយ៉ាងពេញទំហឹងជាមួយនឹងរដ្ឋាភិបាលវៀតណាម ដើម្បី​ធានា​ឲ្យ​ប្រទេសយើងទាំងពីរមានខ្សែព្រំដែនសមស្រប ជាព្រំដែនអន្តរជាតិពិតប្រាកដ ដោយប្រែក្លាយ ខ្សែព្រំដែន​ដែលមានតែលើផែនទី ឲ្យទៅជាបង្គោលព្រំដែននៅលើដីជាក់ស្ដែង ហើយខ្សែព្រំដែននេះត្រូវដើរ​ស្របគ្នា​ទៅតាមការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ដើម្បីបញ្ចប់​រាល់បាតុ​ភាព និងប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសយើងទាំងពីរ ឲ្យទៅជាតំបន់គ្មានការភ័យខ្លាច តំបន់ នៃ​ការអភិ​វឌ្ឍ រីកចម្រើន តំបន់ប្រកបដោយសុខសន្ដិភាព ភាពក្សេមក្សាន និងសុខដុមរមនា។
នៅក្នុងទិដ្ឋភាពដ៏សំខាន់មួយទៀត ថ្ងៃនេះ ជាមួយនឹងបង្គោល​ព្រំដែនរវាងប្រទេសយើងទាំងពីរ យើងក៏​សម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ នូវកំណាត់ផ្លូវប្រវែង ៤៥០ ម៉ែត្រ។ នេះគឺជា​និមិត្តរូបដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការតភ្ជាប់ជា​រូបវ័ន្តរវាងប្រទេសទាំងពីរ។ ការតភ្ជាប់ គឺជា​អាទិភាពដ៏សំខាន់បំផុតមួយ ដែលឆ្លើយតបទៅនឹងគោល​នយោបាយរបស់រដ្ឋាភិបាល នៃបណ្ដា​ប្រទេស​ក្នុងតំបន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម ពិសេសនៅក្នុងក្របខណ្ឌ នៃមហាអនុ​តំបន់មេគង្គ និងនៅក្នុងក្របខណ្ឌអាស៊ាន ខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ផ្ដើមចូលជា​ធរមាន​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ចាប់តាំងពី​ឆ្នាំ ២០១៦ តទៅ។

ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមសម្រេចបាននូវលទ្ធផលល្អ​ប្រសើរជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ តាមរយៈ​ការយកចិត្តទុកដាក់របស់យើង ក្នុងការជំរុញការតភ្ជាប់ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទទួលបាននូវផល​ប្រយោជន៍ពេញលេញពីសមាហរណកម្មនេះ។ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងលំហូរមូលធន ក៏ដូចជាទេសចរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ បាន និងកំពុងរីកលូតលាស់ឥតឈប់ឈរ ដែល
ជាកត្តាដ៏សំខាន់សម្រាប់ជួយជំរុញ និងធានានូវ​និរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ វឌ្ឍន​ភាពទាំងអស់នេះ ពិតជាបានបង្កើតឡើងនូវកាលានុវត្តភាព និងបរិស្ថានអំណោយផលល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ ក៏ដូចជាសម្រាប់ការកែលំអ និងសុខមាលភាពរបស់ប្រជាជន នៃប្រទេសយើងទាំងពីរ។
ក្នុងបរិការណ៍នេះ ខ្ញុំយល់ថា ពិធីសម្ពោធជាផ្លូវការរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែល​គូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារបស់យើង ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើង​ទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកចំណងមិត្តភាពជាអ្នកជិតខាង ភូមិផងរបងតែមួយ ដែលមាន​ផល​ប្រយោជន៍ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្ត​សេដ្ឋកិច្ចរួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ទាំង​ក្នុង​ក្របខណ្ឌសមាហរណកម្មតំបន់ ទាំងក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន​របស់ ប្រទេសយើងនីមួយៗ។

ច្បាស់ណាស់ថា អ្វីដែលយើងសម្រេចបានមកនេះ ទាំងក្នុងកិច្ចការកំណត់ និងបោះបង្គោលព្រំដែន ទាំង​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កើតចេញមកដោយសារការស្វះស្វែង​រកដំណោះស្រាយរួមគ្នា ក្នុងស្មារតី​សហការ​ដោយស្មោះ និងការ​យោគយល់គ្នាទៅវិញទៅមក ដែល​ចំណាយអស់ពេលរាប់សិបឆ្នាំ។ ដូច្នេះ វាគឺជាប្រការ​សំខាន់ណាស់ ដែលយើងត្រូវឈរលើមូលដ្ឋាន នៃ​សមិទ្ធិផលសម្រេចបានមកនេះ កំណត់​ឲ្យបានច្បាស់ និងប្រកបដោយ​ភាព​ប្រាកដនិយម នូវទិសដៅ​សហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីបន្តរួមគ្នាដោះស្រា​យនូវរាល់​បញ្ហា​ប្រឈម ពុះពារជំនះនូវឧបសគ្គ និងការលំបាកតូចធំផងទាំងពួង ហើយឈោងចាប់​យកឱកាស​ដែល​កើតមានចំពោះមុខ មកប្រើប្រាស់ឲ្យ​បានប្រកបដោយប្រសិទ្ធិភាព ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើងទាំងពីរ។

មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាម បណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើកិច្ចការពារសុខភាពរបស់ខួន ខណៈដែលតំបន់មួយចំនួនមាន​ធាតុ​ឤកាសចាប់ផើ្តមត្រជាក់ ហើយសូមបន្តផ្តល់នូវកិច្ចសហការគ្នាល្អ, បន្តចូលរួមការពារ និង ផ្តល់​លក្ខណៈងាយស្រួល ដល់ការងារកំណត់ខ្សែបន្ទាត់ និងបោះបង្គោលព្រំដែន។ ខ្ញុំក៏សូមអំពាវនាវ​ដល់​ឤជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយគ្នាថែរក្សាបង្គោលព្រំដែនទាំងអស់នេះ ឱ្យបានសិ្ថតស្ថេរគង់វង្ស ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលត្រូវបានកំណត់ត្រឹមត្រូវ និងច្បាស់លាស់​ហើយ​នេះ ឱ្យទៅជាព្រំដែនសនិ្តភាព, មិត្តភាព, សហប្រតិបតិ្តការ និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថី្មម្តងទៀត, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ដែលបានខិត​ខំ​ប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងបានសហការគ្នាយ៉ាងជិតស្និទ្ធ សម្រេចបាននូវលទ្ធផលល្អប្រសើរ​ជាបន្តបន្ទាប់ ក្នុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុង​ឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្តរតនគិរី និងឯកឧត្តមអភិបាល​ខេត្ត​យ៉ាឡាយ ដែលបានសហការគ្នារៀបចំពិធីសម្ពោធដ៏មហាឡារិកនាថ្ងៃនេះ ដែលញ៉ាំងឱ្យពិធីនេះ​ប្រព្រឹត្ត​ទៅក្នុងបរិយាកាសរីករាយ, អធិកអធម និងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែល​បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជួយសម្របសម្រួលដល់មន្ត្រីបច្ចេកទេសព្រំដែនកម្ពុជា ដោយបានរួមសុខទុក្ខ, តស៊ូ, ពុះពារការលំបាក, រួមគ្នានៅតំបន់ព្រៃភ្នំដាច់ស្រយាល ដើម្បីបំពេញ​បាន​ការងារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ សម្រាប់ជាផលប្រយោជន៍ដល់កូនចៅរបស់យើង​តទៅ​ថ្ងៃ​ក្រោយ។

ជាទីបញ្ចប់, ជាមួយនឹងការប្រកាសសម្ពោធជាផ្លូវការរួមគ្នានៃ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ នាពេលនេះ, ខ្ញុំសូមជូនពរឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រី្តវៀតណាម ព្រមទាំងឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ថ្នាក់ដឹកនាំ និងមន្រី្តគ្រប់ជាន់ ថ្នាក់, ទាំងខាងវៀតណាម ទាំងខាងកម្ពុជា, ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមជាមួយ​នឹង​លោកគ្រូ-អ្នកគ្រូ និងសិស្ស-និសិ្សតទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌, សម្រេចបានជោគ​ជ័យក្នុងគ្រប់ការងារ និងមានសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។


No comments:

Post a Comment