អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៣ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ បានលើកឡើងថា ប្រាក់ជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងគម្រោងផ្សេងៗ គឺរាជរដ្ឋាភិបាល កម្ពុជាមិនបានកាន់កាប់ដោយផ្ទាល់ទេ គឺជប៉ុនដែលជាម្ចាស់ជំនួយ ជាអ្នកអនុវត្តន៍ការដេញថ្លៃ និងការស្ថាបនាដោយខ្លួនឯង។
ការលើកឡើងរបស់សម្តេចតេជោ គឺធ្វើឡើងនៅចំពោះមុខ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅកម្ពុជា និងដើម្បីឆ្លើយតប និងការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនដែលថា រាជរដ្ឋាភិបាល បានប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រាក់ជំនួយរបស់ជប៉ុននេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា «លុយជំនួយនេះ គឺជប៉ុនគេផ្តល់ឲ្យតែគេដាក់ដេញថ្លៃនៅទីក្រុងតូក្យូ រដ្ឋាភិបាលកម្ពុជា មិនមែនជាអ្នកកាន់លុយទេ សូមឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ពន្យល់បក្សប្រឆាំងផង ថាវិធីប្រើលុយ របស់ជប៉ុន គឺជប៉ុនមិនប្រគល់លុយឲ្យខ្មែរកាន់ទេ»។ សម្តេចតេជោ «បានលើកឡើងថា មានគេចោទប្រកាន់ថា យើងយកលុយជប៉ុននេះមកប្រព្រឹត្តអំពើពុករលួយ ទាំងរឿងស្ពាន អ្នកលឿង គឺមិនពិតទាល់តែសោះ ព្រោះសម្តេចគ្រាន់តែជាអ្នកអញ្ជើញទៅបើកសម្ពោធប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងរបស់ប្រទេសជប៉ុននេះ គឺមិនមែនធ្វើតែចំពោះកម្ពុជាទេ គឺធ្វើគ្រប់ប្រទេសដែលជប៉ុនផ្តល់ជំនួយដូចគ្នា។ សម្តេចបន្ថែមថា «មនុស្សមួយចំនួន ធ្វើអត្ថាធិប្បាយដោយគ្មានទំនួលខុសត្រូវថាជប៉ុនធ្វើចឹង ដោយសាររដ្ឋាភិបាល ខ្មែរពុករលួយបានគេធ្វើចឹង សូមឲ្យឯកអគ្គរដ្ឋទូតជប៉ុនជួយពន្យល់ទៅពួកប្រឆាំង ពីរបៀបរបប ប្រើលុយរបស់ជប៉ុនផងកុំឲ្យគេចេះតែថា។ យើងនិយាយគ្នាដោយស្មោះត្រង់ កុំឲ្យបង្ខួចកេរ្តិ៍ឈ្មោះ ពូជសាសន៍ឯងចឹងវាហួសហេតុពេក»។
សម្តេចតេជោ បានពន្យល់ថា សូម្បីតែអង្គការក្រៅរដ្ឋាភិបាល អនុវត្តន៍គម្រោងមួយចំនួន ដែលប្រទេសជប៉ុនជួយ ក៏ជប៉ុនជាអ្នកអនុវត្តន៍ដែរ ហើយលុយជប៉ុនគឺមានតែក្រុមហ៊ុនជប៉ុនទៀត ដែរអាចចូលដេញថ្លែបាន នេះជាជំនួយឥតសំណងរបស់ជប៉ុន ប្រទេសនានាក៏គេធ្វើចឹងដែរ មិនមែនខុសគេអីតែកម្ពុជាទេ៕

No comments:
Post a Comment