ក្នុងឱកាសសម្ពោធ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៣ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងរាជធានីភ្នំពេញបានជួបប្រទះបញ្ហាកកស្ទះ៣យ៉ាងធំៗ ដែលចាំបាច់ត្រូវដោះស្រាយ៖ គឺកកស្ទះជំនន់ទឹកភ្លៀង កកស្ទះសំរាម និងកកស្ទះចរាចរ ហើយសមិទ្ធផលនៅថ្ងៃនេះ គឺមានវិសាលភាពគ្របដណ្តប់លើតំបន់មួយចំនួន ដើម្បីរំដោះទឹកចេញពីទីក្រុងភ្នំពេញ ដើម្បីកាត់ បន្ថយការលិចក្នុងពេលភ្លៀងខ្លាំង។
សម្តេចតេជោរំលឹកថា «កាលពីឆ្នាំ១៩៧៩ និង១៩៨០ស្ថានភាពកកស្ទះទាំងបីនេះ មិនសូវមានទេ ទោះបីពី១៩៧៩មក មានភ្លៀងហើយលិចកន្លែងខ្លះ តែមិនសូវប៉ះពាល់ទេ ព្រោះមិនសូវមាន ប្រជាជនរស់នៅច្រើន និងអត់មានឡាន ដូច្នេះវាអត់ស្ទះចរាចរទេ។ តែឥឡូវនេះឲ្យតែមាន ស្ទះទឹកកន្លែងណា មួយគឺស្ទះចរាចរកន្លែងនោះតែម្តង»។ សម្តេចបានបន្ថែមថា ជប៉ុនបានចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់នេះ ជាបន្តបន្ទាប់ ពិសេសគឺប្រព័ន្ធលូ នេះឯង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «បើយើងសំលឹងមើល ពីទីក្រុងមួយ ដែលស្លាប់ទៅហើយ ហើយចាប់ផ្តើមរស់ឡើងវិញ ជាមួយនិងការខិតខំដោយបាតដៃទទេ ពីពលរដ្ឋរបស់យើង យើងអាចដឹងបានថាកំលាំងប្រឹងរបស់យើងរួមគ្នា នៅពេលនោះគឺខ្លាំង កំរិតណា»។ សម្តេចតេជោគូសបញ្ជាក់ថា «បើយើងកុំផ្តួលរំលំរបបប៉ុលពតឆ្នាំ១៩៧៩ នៅកន្លែងនេះ ក្លាយទៅជាស្អីពិតប្រាកដ ច្បាស់ជាចំការដូងដុះពេញទាំងអស់ ព្រោះតាមសួនច្បារ និងសូម្បីតែ ផ្សារថ្មីក៏សុទ្ធតែដើមដូងដែរនៅពេលនោះ។ បើកុំតែយើងផ្តួលរំលំរបបប៉ុលពត ភ្នំពេញនេះ មិនមែនជាភ្នំពេញដែលមានមនុស្សរស់នៅទេ គឺភ្នំពេញជាចំការដូង។ ប៉ុន្តែបន្ទាប់ពីរំដោះហើយ យើងបានប្រឹងបន្តិចម្តងៗតាំងពីការស្តារស្ថានភាពសួនច្បារ ដើម្បីសម្រួលដល់ការរស់នៅ និងការកំសាន្តរបស់ប្រជាពលរដ្ឋ»។
ទោះបីជាគម្រោងការពារទឹកទំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ បានធ្វើជាបន្តបន្ទាប់ ចាប់ពីជំហានទី១មកក្តី ក៏ប៉ុន្តែសម្តេចតេជោ អះអាងថាដោយសារស្ថានភាព ភូមិសាស្ត្រដី នៅរាជធានីភ្នំពេញទាប បើផ្អែកតាមការវាស់នីវ៉ូទឹកសមុទ្រ ដូច្នេះគឺចៀសមិនផុត ពីការគំរាម កំហែងដោយជំនន់ទឹកភ្លៀង។ សម្តេចបន្ថែមថា ការជន់លិចក្នុងកំឡុងពេលភ្លៀងខ្លាំងម្តងៗ គឺដោយសារប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដែលទទួលរងទឹកភ្លៀង វាមិនគ្រប់ក្នុងការរំដោះទឹក នេះចេញ គឺបើមានធ្លាប់ពី៨០ ទៅ១០០មីលីម៉ែត្រក្នុងមួយពេល គឺទោះបីជាលូធំប៉ុណ្ណា ក៏ត្រូវលិចមួយភ្លេតដែរ។ សម្តេចបន្តថា មិនថាតែក្រុងភ្នំពេញទេ ទីក្រុងឡុង ទីក្រុងបាងកក ក៏លិចដែរ ហើយទីក្រុងណាក៏លិចដែរ សូម្បីតែជប៉ុនដែលជាម្ចាស់ជំនួយនេះក៏ធ្លាប់លិចដែរ។ ទោះជាយ៉ាងណា សម្តេចតេជោ បានមានប្រសាសន៍ថា កាលពីមុនភ្លៀងតិចរឺច្រើន គឺលិចរហូត ប៉ុន្តែឥឡូវនេះ គឺប្រសើរជាងមុន គឺទាល់តែភ្លៀងខ្លាំងបានលិច នេះជាអ្វីដែលយើងបានធ្វើ ពីជំហានទី១ មកដល់ជំហានទី៣ និងនៅតែបន្តជំហានទី៤ទៀត៕
No comments:
Post a Comment