សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍នេះ បានព្រមានបង្ហោះសារ សុំទោសរបស់ ឯកឧត្តម សម រង្ស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បើសិនជាមេបក្សប្រឆាំងរូបនេះ បានធ្វើអ្វីខុសនឹងពាក្យសម្តី ដែលខ្លួនបានសន្យាជាមួយសម្តេច។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញអធិបតីភាព បើកសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ» នៅក្នុងរាជធានីភ្នំពេញ។
សម្តេចបានថ្លែងថា « ឯកឧត្តម សម រង្ស៊ី អើយ ! ឯកឧត្តមបានវ៉ៃ SMS សុំទោសខ្ញុំ បើសិនជាឯកឧត្តម ហ៊ានប្រថុយប្រថានបំពានទៅលើអ្វីដែលឯកឧត្តម សុំទោសខ្ញុំនេះ ខ្ញុំនឹងបង្ហោះតាមFacebook » ។
សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ឯកឧត្តម សម រង្ស៊ី បានផ្ញើសារសុំទោស ទៅសម្តេច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គឺមុនបាតុកម្មទាមទារទម្លាក់ ឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា មួយថ្ងៃ។ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម សម រង្ស៊ី គ្រប់គ្រងផ្ទៃក្នុងឱ្យបានល្អ និងទប់ស្កាត់នូវការប្រើប្រាស់ពាក្យជេរ ប្រមាថមកលើរាជរដ្ឋាភិបាល ៕

No comments:
Post a Comment