រាជរដ្ឋាភិបាលកម្ពុជាគាំទ្រគម្រោងស្តីពីការវិភាគផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដោយទទួលស្គាល់ថាគម្រោងនេះបានជួយគាំទ្រធ្វើឲ្យការអនុវត្តន៍ច្បាប់ របស់កម្ពុជាកាន់តែមានភាពប្រសើរឡើង មានតម្លាភាព និងបានរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយ។
ជំនួបរវាងឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Kelly Bird នាយកផ្នែកគ្រប់គ្រងសាធារណផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅវិមានមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១៩ តុលា ភាគីទាំងពីរបានពិភាក្សាគ្នាលើការងារសំខាន់ទាក់ទងនឹងគម្រោង RIA គឺគម្រោងសម្រាប់ធ្វើការវិភាគលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។
គម្រោងវិភាគផលប៉ះពាល់លើផ្នែកលិខិតបទដ្ឋានគតិយុត្តនេះ គឺជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតពិសេសលើការធ្វើការងារមកលើផ្នែកច្បាប់ ដើម្បីធ្វើឲ្យប្រាកដថាលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញទៅនោះ គឺទទួលបាននូវផលប្រយោជន៍ក្នុងការបម្រើឲ្យរាជរដ្ឋាភិបាល ដើម្បីកុំឲ្យមានកុំហុសឆ្គងណាមួយកើតឡើង។
គួរបញ្ជាក់ដែរថា ក្នុងពេលកន្លងមក ក្រុមអ្នកជំនាញរបស់ធនាគារអភិវឌ្ឍន៏អាស៊ី បានធ្វើការជាមួយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនិងវប្បធម៌កម្ពុជា ដោយបានវាយតម្លៃមកលើការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្ត នៅកម្ពុជាកន្លងមកនោះគឺបានប្រព្រឹត្តទៅយ៉ាងល្អ។ កម្មវិធីវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តរបស់ADB នេះបានចាប់ផ្តើមអនុវត្តន៏ចាប់តាំងពីឆ្នាំ២០១០ ដោយបានអនុវត្តន៏លើក្រសួងស្ថាប័នរដ្ឋចំនួន៧។ នៅក្នុងជំហានដំបូងនោះ គម្រោងកម្មវិធី RIA នេះ មានទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់ដំណាក់កាលទី២ មានទឹកប្រាក់ប្រមាណជាង២លានដុល្លារសម្រាប់ជួយកម្មវិធីគម្រោងនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា មកដល់ពេលនេះយើងពង្រីកបាន១៩ ក្រសួងស្ថាប័នហើយសម្រាប់ការអនុវត្តគម្រោងនេះ ហើយរាជរដ្ឋាភិបាលនឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណា ឲ្យការអនុវត្តន៏លិខិតបទដ្ឋានគតិយុត្តទាំងឡាយបំរើឲ្យផលប្រយោជន៏ដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺធ្វើឲ្យច្បាប់ទាំងឡាយបានកាន់តែប្រសើរឡើង កាន់តែមានសុក្រឹត្យភាព កាត់បន្ថយអំពើរពុករលួយ និងធ្វើឲ្យមានតម្លាភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញពីការរីករាយជាមួយការអនុវត្តន៍គម្រោងវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានកតិយុត្តរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសម្រេចបាននូវលទ្ធផល ដ៏ជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនិងការ ពេញចិត្តពីធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ ។
លោក Kelly Bird លើកឡើងថាធនាគារអភិវឌ្ឍន៍អាស៊ីនៅតែគាំទ្រយ៉ាងពេញលេញទៅលើគម្រោងស្តីពីការវិភាគលើផលប៉ះពាល់ នៃលិខិតវទដ្ឋានគតិយុត្តនេះហើយលោកសន្យាថានិងខិតខំក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាបន្តទៀត៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-VWWDnxRMvWAJaVHyMPP29WvqtPIGORCqv4A8k0wygPb-HJ5yb5UxsoBXIeVml8hlqIsAQAp0CGfw1zuP-8aWzkSsQxmyFeR-C3Fm-jS988ZrdvcIbO0rvVoCr7rdRVagkNv6qrFZPQJj/s1600/photo_2015-10-20_18-08-58.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpK42NHSE5DfZDWNJOSNx-jiV9QJ4oL3fR7YAwKAZVRs4UnK17gZaCxGGDKtJcEI0sia5JhHQNF12RgBFSVA9emDvoUqHGGbp5r-yce396Nuy7E1Tkon68aoF7VjtqNHsJPiFp3_86Npe/s1600/photo_2015-10-20_18-09-01.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6W3JyGVcY8Xlixob2anudnJRLKh4aI9KhoKvGynbOUgMS-xl-0fGw1x6hAvBhAb6ePWdEI3lKxhk-DIwO2GgG9fNNjK5S6SFqG9piJsO3cfWbqB_97VqlEk3O5K2bRECGah8TLVx04R9/s1600/photo_2015-10-20_18-08-59.gif)
No comments:
Post a Comment