លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បានក្រាបបង្គំទួលថ្វាយលិខិតមួយច្បាប់ចំពោះសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បន្ទាប់ពីអង្គសម្តេចម៉ែទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវការអបអរសាទរ និងប្រទានព្រះសព្ទសាធុការពរបវរសួស្តីមង្គលវិបុលសុខ មហាប្រសើរចំពោះលោក ហ៊ុន សែន ក្នុងឱកាសដែលលោក ហ៊ុន សែន បានទទួលសញ្ញាបត្រកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ថ្មីៗនេះ។
លោក ហ៊ុន សែន បានទូលថ្វាយសម្តេចម៉ែនៅក្នុងសារលិខិតថា « តបចំពោះព្រះរាជហរទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងព្រះថោមវាទកថា ( ពាក្យសរសើរ) ដ៏មានអត្ថរសក្បោះក្បាយ ព្រមទាំងពាក្យពេចន៍ព្រះពរជ័យប្រកបដោយអត្ថន័យជ្រាលជ្រៅឧត្តុង្គឧត្តម ខណៈនេះទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយវាចាថ្លែងនូវការគោរពកោតស្ញប់ស្ញែងដោយសុទ្ធចិត្តបំផុត ថ្វាយអង្គសម្តេចម៉ែ ជាអម្ចាស់ » ព្រមទាំងចាត់ទុកថា កិត្តិយសដែលលោក បានទទួលក្នុងឱកាសនេះ ក៏ដូចមុនៗ គឺជាកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួត ចៅលួតរបស់អង្គសម្តេចម៉ែទូទាំងប្រទេសផងដែរ៕

No comments:
Post a Comment