Friday, October 02, 2015

បណ្តាក្រុមហ៊ុនរុស្ស៊ីមានការចាប់អារម្មណ៍ ចង់វិនិយោគលើសេវាកម្មវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ​ដែលត្រូវបាន​កំណត់ថា ​ជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួ​យរបស់កម្ពុជា​កំពុងទាក់ ទាញចំ​ណាប់​អារម្មណ៍​ក្រុមហ៊ុនធំៗរ​បស់រុស្ស៊ីឲ្យ​មកវិនិយោគ ​លើសេវាកម្ម​បំរើវិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តតំបន់ឆ្នេរ​ ដ៏ស្រស់​ស្អាតមួយនេះ។​

បន្ទាប់ពី​ជំនួបពិភាក្សា​ការងាររវាង​ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋ​មន្ត្រី​ទទួល​បន្ទុកទី​ស្តី​ការគណៈ​រដ្ឋមន្ត្រី​ ជាមួយ ឯកឧត្តម​ Dmitry Tsvetkov ឯកអគ្គ​រដ្ឋ​ទូតសហ​ព័ន្ធរុស្ស៊ីប្រចាំ​កម្ពុជា​ បានបញ្ចប់​ទៅ ​នៅ​វិមាន​មិត្តភាព​ នារសៀល​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ២០១៥នេះ​ លោក​ ឯក ថា អនុ​ប្រធាននាយក​ដ្ឋានព័ត៌មាន​ នៃអង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស​ នៃទីស្តីកា​រគណៈ​រដ្ឋមន្ត្រី បាន​ឲ្យដឹងថា​ ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ បានលើក​ឡើងថា បណ្តា​​ក្រុមហ៊ុនវិនិ​យោគរបស់រុស្ស៊ី​ មានការចាប់​អារម្មណ៍​ចង់មក​វិនិយោគ ​លើសេវាកម្មគាំទ្រឲ្យ​វិស័យ​​ទេសចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ ​ក្នុងការសាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដោយ​មាន​សុទិដ្ឋិនិយមថា ទៅ​អនាគត​​​​ក្រុង​កំពង់​សោម នឹង​ក្លាយ​ទៅជាប៉ូល​សេដ្ឋកិច្ច​ ដ៏សំ​ខាន់​របស់​កម្ពុជា។

សូមបញ្ជាក់ថា​ ខេត្តព្រះសីហនុ​ គឺជាតំបន់​ទេសចរណ៍​ឆ្នេរដ៏ស្រស់ស្អាត​ ប្រកបដោយ​ភាព ទាក់ទាញ​ រីឯសេវាក​ម្មបម្រើវិស័យ​​​ទេសចរណ៍ ​ក៏មានការ​រីកចម្រើន​ ទន្ទឹមនឹង​កំណើន ភ្ញៀវទេសច​រកាន់តែច្រើន​ ផ្នែកសេវាកម្ម​គាំទ្រភ្ញៀវទេសចរ​ ក៏មាន​តម្រូវ​​កា​រ​​បន្ថែម​ទៀតដែរ។ ចំណុចនេះ​ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី​ សុខ​ អាន បានគាំទ្រនូវ​បំណង​ចង់វិនិយោគ​លើវិស័យ​ទេសចរណ៍​ និង​បាន​ស្វាគមន៍គ្រប់វិនិ​យោគទុន​ទាំងអស់​ ដែលមាន​បំណងចង់​មកវិនិយោគ​នៅ​កម្ពុជា​ ដោយរាជរដ្ឋាភិបាល​សូមគាំទ្រ​លើក​ទឹក​ចិត្ត និងខិត​ខំជួយសម្រួល​លើផ្នែកច្បាប់​ផ្សេងៗ។ ឯកឧត្តម​ បានឲ្យដឹងដែរថា ​ខេត្តព្រះសីហនុ​ មានលក្ខណៈពិសេស​ ដោយ​មាន​​​ព្រលាន​យន្តហោះ ជាស្រេច​ នៅក្រោយ​ពេលភ្ញៀវ​ទេសចរមក​លំហែកំសាន្ត​ រួចគេអាចធ្វើ​ដំណើរតាម​ផ្លូវអាកាសបន្ត​​​ទៅ​​​ទស្សនា​​​ខេត្ត​សៀ​មរាប ​ដែល​ជាទីក្រុងវប្បធម៌​យ៉ាងល្បីល្បាញ​ ខាងសម្បត្តិ​បេតិកភណ្ឌ វ​ប្បធម៌របស់កម្ពុជា។ ​ចំណែក​អ្នក​ទេស​ចរ​ ដែល​បាន​ទស្សនា​​ខេត្ត​សៀមរាប រួចហើយ ក៏គេអាច​ជិះយន្តហោះ ​មកកំសាន្ត​ នៅតំបន់ឆ្នេរនា​ខេត្តព្រះសី​ហនុ​ផង​ដែរ។
ចំណុចមួយទៀត​ ឯកអគ្គ​រដ្ឋទូតសហពន្ធ័​រុស្ស៊ីបានប្រាប់ថា​ រុស្ស៊ីមាន​បំណងចង់​បង្កើត កម្មវិធី​ទូរទស្សន៍​ តាមរយៈធ្វើកិច្ច​សហការ​ជាមួយទូរទស្សន៍​ របស់​កម្ពុជា​ គឺភាគីរុស្ស៊ី​ នឹងផ្តល់ជូន នូវ​ខ្សែភាព​យន្តឯកសារ​ និង​កម្មវិធីផ្សេងៗ​មិន​គិត​ថ្លៃ​ ចំពោះ​ស្ថានីយ​ទូរទស្សន៍ណា​ដែល សហការជាមួយ។

ឯកឧត្តម​ Dmitry Tsvetkov ​ក៏បានបង្ហាញ ​ពីចំណាប់អា​រម្មណ៍ចង់ចូល​ជាសមាជិក នៃ​គណៈកម្មាធិការ​ សម្របសម្រួល​អន្តរ​ជាតិ​ សម្រាប់ការ​ងារអភិរក្ស ​ប្រាសាទព្រះវិហារ​ (ICC Preah Vihear)​ ផងដែរ។​ គួរបញ្ចាក់ថា​ ICC Preah Vihear​ ត្រូវ​បានបង្កើតឡើង​ នាខែធ្នូ ឆ្នាំ២០១៤​  ដែលមានចិន​ និងឥណ្ឌា​ ធ្វើជា​សហប្រធាន​ ដោយទទួល​បានការឯកភាព​ និងគាំ​ទ្រ​ពី​គណៈកម្មាធិកា​របេតិកភណ្ឌ​ពិភពលោក។​ នៅពេលខាង​មុខនេះ​  គណៈកម្មាធិការ​ សម្រប​សម្រួល​អន្តរជាតិ​ សម្រាប់​ការ​ងារអភិរក្ស​ប្រាសាទព្រះវិហា​ (ICC Preah Vihear) នឹង​មានរៀបចំ កិច្ច​ប្រជុំរបស់​ខ្លួនមួយ​ ហើយរុស្ស៊ីក៏មាន​បំណង​សុំចូលជាសមាជិក​ របស់គណៈកម្មាធិកា​រនេះ នៅ​ពេលនោះ​តែម្តង​។


រាល់ចំណុច​លើកឡើង​ខាងលើ​ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី សុខ​​ អាន បានគាំទ្រ​ ហើយបាន ជំរាបជូនថា​ កម្ពុជា​នឹងខិត​ខំជួយ​សម្រប​​​សម្រួល​លើ​បញ្ហាទាំងអស់​នោះជូន​៕




No comments:

Post a Comment