Friday, October 02, 2015

បទវិភា​គ ដោយ៖ សួន​ ចំរើន, តើជាការ​ពិតដែរឬទេ ដែលគ​ណបក្សប្រ​ឆាំងប្រកា​សពីភាពខ្លាំង ចំពេល​សកម្មជន កំពុង​ជាប់ឃុំ?

ក្រុម​អ្នក​វិភាគ​យល់​ថា​ វាជារឿង​ផ្ទុយ​ពីការ​ពិត​ ចំពោះ​ការ​ប្រកាស​ពីភាព​ខ្លាំង​ថ្មីទៀត​ របស់​មេ ដឹក​នាំ​គណបក្ស​ប្រឆាំង​ ស្រប​ពេល​ដែល​​សកម្មជន​របស់​ខ្លួន​​ ១៥​ នាក់​កំពុង​ជាប់​ពន្ធនាគារ​ ហើយ​​ដែល​ប្រធាន​បទ​លើ​សមរភូមិ​​​ចរចា​ ហាក់​ដូច​ជា​អស់​ប្រសិទ្ធភាព​​ ឬ​អស់​សន្លឹក​បៀរ​លេង​ ទៅហើយ​​​។
អនុប្រធាន​បក្ស​ប្រឆាំង​ លោក កឹម ​សុខា​ បាន​អួតកាល​ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​ នៅខេត្ត​ត្បូង​ឃ្មុំ​ថា ខ្លួន​​នឹង​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ក្រោយ​​ នៅពេល​ដែល​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ដាំក្បាល​ធ្លាក់​ចុះ​ជាលំដាប់​ ដោយ​សារ​តែ​ការ​បែក​បាក់​ផ្ទៃក្នុង​នូវ​រឿង​អាស្រូវ​ជាច្រើន​ ដូច​ជា​អំពើ​ពុករលួយ​ ទំនាស់​ផល​ប្រយោជន៍​ បក្ខពួក​និយម​ និង​គ្រួសារ​និយម​ ជាដើម​។
ក្នុង​នោះក្រុម​អ្នក​វិភាគ និង​​ប្រជាពលរដ្ឋ​​បាន​មើលឃើញ​​​ថា​ ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំងមួយ​ចំនួន​ បាន​​ខ្វែង​គំនិត​គ្នា​ឈប់​គាំទ្រ​ លែង​រវីរវល់​នឹង​កិច្ច​ការ​ដែល​មេ​ដឹក​នាំ​ជំរុញ​ឲ្យ​ធ្វើទាំង​នៅ​ថ្នាក់​ជាតិ​ និង​នៅ​មូល​ដ្ឋាន​។​ មន្ត្រី​ជាន់​ខ្ពស់របស់​បក្ស​​មួយចំនួន​បាន​គេច​វេស​ទៅ​បរទេស​បាត់​មុខ​ លែង​មាន​សកម្មភាព​​ លែងហ៊ានចូលស្រុក ដូចជា​ លោក អ៊ុំ សំអាន លោក រៀល​ ខេមរិន្ត្រ អ្នក​ស្រី​ មួរ​ សុខហួរ​ ។ល។​​ ដោយ​ក្រុម​អ្នក​គាំទ្រ​​ទាំង​នោះ​យល់​ថា​ មក​ដល់​ពេល​នេះ​ ពួក​គេ​គ្មាន​បាន​ទទួល​​ផល​អ្វី​បន្តិច​ពី​ការ​ខិត​ខំប្រឹង​ប្រែង​​ ហើយ​​បែរ​​ជា​ត្រូវ​ទទួល​ការ​ស្តីបន្ទោស​ និង​ទម្លាក់​កំហុស​មក​លើ​ពួកគេ​ទាំង​ស្រុង​ទៅ​វិញ​​​​។​ ក្រុម​អ្នក​គាំទ្រ​​ខ្លះ​ទៀត​ បាន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​​ ទៅ​​បង្កើត​គណបក្ស​​ថ្មី​ៗ​ជាច្រើន​​។
 កន្លង​មកផ្ទៃក្នុង​​គណបក្សនេះ ​ធា្លប់​មានភាពរកាំរកូសគ្នាជាច្រើន រវាង​លោក​ប្រធាន​​​​ទាំង​​២​​រហូត​​​​ដល់​​ថ្នាក់​​មូលដ្ឋាន តែគេនៅមិនទាន់ដឹងថា តើពួកគេអាចទ្រាំឱប​ភ្នំភ្លើង​នេះ​បាន​យូរ​​ប៉ុណ្ណា​នោះ​ទេ។ ចំណុច​ដែល​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ នៅតែ​សង្ស័យ​​ គឺថា​គណបក្ស​សង្គ្រោះជាតិ​ បាន​រក្សា​ទុក​គណបក្ស​ដើម​រៀងៗខ្លួន ​​​​បើទោះជា​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម​រង្ស៊ី​ ​បានរួម​គ្នា​​ជិត​៣​​ឆ្នាំ​ហើយ​ក៏ពិតមែន​​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​​ហ៊ាន​ធានា​ថា​ គណបក្ស​សង្គ្រោះជាតិ​​អាច​​មាន​ជីវិតរស់​​ដល់ពេល​ណានោះទេ ព្រោះ​ទាំង​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា នៅមិន​ទាន់​ហ៊ាន​​រំលាយ​​គណបក្ស​ដែល​ខ្លួន​បង្កើត​ចោល​ទេ គឺ​ទុក​ផ្លូវ​ដើរ​​ទៅរក​បក្សដើម​ ធ្វើប្រធាន​រៀងៗ​ខ្លួន​វិញ​ គ្រាន់​តែ​ទុក​មនុស្ស​ទុកចិត្ត​ម្នាក់​ឲ្យ​នៅ​ចាំ​យាម​ខ្ទម​ចាស់របស់​ខ្លួន​ប៉ុណ្ណោះ នេះម្យ៉ាង និងម្យ៉ាងទៀត លោក សម រង្ស៊ី លោក​ កឹម សុខា និងមនុស្សមួយចំនួនទៀត ក៏បាននិងកំពុងប្រជែងគ្នាយ៉ាងស៊ីសាច់ហុតឈាមគ្នា ដើម្បីឥទ្ធិពល ឈានទៅដឹកនាំគណបក្សផ្តាច់មុខ​​។
ការ​បន្ត​ភូត​កុហក់​របស់​​​​​លោក​ កឹម សុខា​ ពេល​នេះ​ គឺ​វា​ហាក់​ដូច​ជាមិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​​ទាល់​តែសោះ​​ ព្រោះ​ថា​លោក​បាន​ស្រែក​អំពាវ​នាវ​ឲ្យ​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ មក​ចូលរួម​ជាមួយ​គណបក្ស​​លោក​​វិញ​ នៅពេល​ដែល​មេដឹកនាំគណ​បក្ស​ថ្មី​​ទាំង​នោះ​ បាន​រិះ​គន់​គណបក្ស​សង្គ្រោះជាតិ​ ថា​​ជា​បក្សផច់​​ការ​ លក់​ឧត្តម​គតិ​ប្រជាពលរដ្ឋ​ ដើម្បី​បុណ្យសក្តិ និង​លាភសក្ការៈ។​​
បើ​តាម​អ្នក​វិភាគ​ ការ​ប្រកាស​របស់​លោក កឹម សុខា​ ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​ជំហរ​សកម្មជន​របស់​ខ្លួន​ នៅមូល​ដ្ឋាន​ឡើង​វិញ​ នៅពេល​ដែល​យុទ្ធវិធីវាយ​ប្រហារ​​គណបក្ស​កាន់​អំណាច​​របស់​ខ្លួន​លើ​បញ្ហា​​ព្រំដែន ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​វាយ​សំពង​​លែងឲ្យ​​ហើប​មាត់​រួច​ តាម​រយះ​ការ​ខ្ចី​ និង​ផ្ទៀង​ផ្ទាត់​​ផែន​ទី ពី​អង្គការ​សហប្រជាជាតិ​ និង​ពី​ប្រទេស​មហា​អំណាច​​​។​
ក្រុមអ្នក​​​វិភាគ​ បាន​វាយ​តម្លៃ​ថា​ នៅ​អាណត្តិ​ក្រោយ​​ គណបក្ស​សង្គ្រោះជាតិ​ ច្បាស់​ជា​​នឹង​ក្លាយ​​​​ជា​​គណបក្ស​​តូច​តាច​មួយ​ដូច​ដើម​​​។​ ហើយ​​សូម្បី​តែ​ លោក ម៉ម សូណង់​ដូ​ ប្រធាន​គណបក្ស​ សំបុកឃ្មុំ​ ក៏​ធ្លាប់​បាន​​វាយ​តម្លៃ​ដែរ​ថា​ ​គណបក្ស​សង្គ្រោះជាតិ​ នឹង​មិន​អាច​ឈ្នះ​ឆ្នោត​បាន​​ទេ​​ លោក​ថែម​​ទាំង​ហ៊ាន​​​ភ្នាល់ដាក់​ជី​វិត​​ថែម​ទៀត​។​
 ​ជារួម​​​នៅពេល​​​ដល់ដំណាក់កាលចុង​ក្រោយ​នោះ​ មេបក្ស​​ប្រឆាំង​ទាំង​ពីរ​ នឹង​ចែក​ផ្លូវ​គ្នា​​ដើរ​​សារ​ជាថ្មី​ ហើយ​ក៏​​ជាពេលវេលា​ដែល​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ត្រូវ​ចោទ​គ្នា​ទៅវិញ​ទៅមក​ដែរ​។ លោកសម​ រង្ស៊ី នឹងចោទថា កឹម សុខា លក់ខ្លួន​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ ចំណែក​​លោក កឹម សុខា ក៏នឹងចោទ​វិញដែរ​ថា គណបក្សប្រជាជនច្បាស់​ជា​​​ទិញ​​ខ្លួន​លោក សម រង្ស៊ី បាន​ហើយ​។​ ធ្វើ​បែប​នេះ​ ទើប​ពួក​គេ​អាច​បិទបាំង​នូវ​ភាព​អាម៉ាស់​ និង​ភាព​បរាជ័យ​​របស់​ពួក​គេ​នូវ​ការ​សន្យា​ រាប់​រយ​ រាប់​ពាន់​សន្យា​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​​បាន​​៕

No comments:

Post a Comment