យោងតាមសេចក្តីប្រកាស
របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ
កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦
បានបញ្ជាក់ថា ក្នុងការចរចារថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះ គណៈកម្មការប្រឹក្សាការងារបានស្នើតួលេខចំនួន ១៣៥ដុល្លារអាមេរិក
ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ
កាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៦។
យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ
និងជីវភាពរស់នៅសមរម្យរបស់កម្មករ បានសម្រេចដំឡើងថែម៥ដុល្លារទៀត
ដែលធ្វើឲ្យចំនួនតួលេខប្រាក់ឈ្នួលអប្បបរមា កម្មករកើនដល់១៤០ដុល្លារ នៅឆ្នាំ២០១៦ខាងមុខនេះ។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ
និងផលិតស្បែកជើង ឆ្នាំ២០១៦ ដែលមានចំនួន១៤០ដុល្លារក្នុងមួយខែនេះ
គឺគិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦តទៅ។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបានកន្លងមកត្រូវបានរក្សាទុកដដែល មានដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ
ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀតទាត់ចំនួន១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន
២០០០រៀល ក្នុងមួយថ្ងៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន២ដុល្លារ ដល់១១ ដុល្លារក្នុងមួយខែ
សម្រាប់កម្មករដែលធ្វើការចាប់ពី២ដល់១១ឆ្នាំ។ ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់
នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួន១៥៧ដុល្លារ ដល់១៦៨ដុល្លារក្នុងមួយខែ៕
No comments:
Post a Comment